គុណប្រយោជន៍ “ទឹកអង្ករ” ចំពោះសុខភាពដែលមិននឹកស្មានដល់

6 Videos


មនុស្សជាច្រើនមិនបានដឹងពីគុណសម្បត្តិរបស់ទឹកអង្ករនោះទេ ។ ទឹកអង្ករក៏ជាភេសជ្ជៈមួយប្រភេទដែលមាន អាហារូបត្ថម្ភច្រើនដែលមនុស្សមួយចំនួនមិនធ្លាប់បានដឹងនិងនឹកស្មានដល់នោះដែរ។ អ្នកនឹងមានការភ្ញាក់ផ្អើលប្រសិនបើអ្នកបានដឹងពីប្រសិទ្ធភាពរបស់វា។

ទឹកអង្ករអាចជួយផ្តល់ថាមពល កាត់បន្ថយបញ្ហាទល់លាមក និងអាចជួយការពារជំងឺមហារីកបាន ។ វាក៏ជា អាហារមួយប្រភេទដែលប្រជាជនក្នុងតំបន់អាស៊ីធ្លាប់បានដឹងខ្លះៗជាយូរណាស់មកហើយ ។
តើអ្នកគួរធ្វើដូចម្តេចដើម្បីទទួលបានទឹកអង្ករល្អសម្រាប់សុខភាព?
វាមានភាពងាយស្រួល ដោយទឹកអង្ករអាចរកបានដោយងាយ គឺគ្រាន់តែយកអង្ករទៅលាង និងត្រងរក្សាទឹក អង្ករនៅមុនពេលដាំបាយ ឫដោយគ្រាន់តែត្រង ច្រោះយកទឹកបាយស្អិតៗពេលបាយដាំពុះ។ ទឹកអង្ករដែលច្រោះពី ការដាំបាយមានផ្ទុកសារធាតុខនិជ និងអាស៊ីតអាមីណូច្រើន។ អ្នកអាចពិសារវាភ្លាមៗ ឫរក្សាទុកក្នុងទូរទឹកកកពី ២ទៅ ៣ថ្ងៃដើម្បីពិសារពេលក្រោយក៏បាន។

ទឹកអង្ករជួយបង្កើនសម្រស់៖
ទឹកអង្ករមានសារធាតុខនិជ និងវីតាមីនច្រើន ជាពិសេសវីតាមីន B ។ យោងតាមអ្នកជំនាញខាងសុខភាព បានអោយដឹងថា វីតាមីនដែលមាននៅក្នុងទឹកអង្ករជួយពង្រឹងសុខភាពកោសិកាស្បែកអោយរឹងមាំបាន ។
ពិសេសជាងនេះទៅទៀតចំពោះទឹកដែលបានពីការលាងអង្ករ អាចយកទៅលុបលាងមុខនៅរៀងរាល់ព្រឹកបាន ។ ស្ត្រីដែលយកទឹកអង្ករទៅលុបលាងមុខ និងសក់ នឹងជួយអោយស្បែកស្រស់ថ្លា និងមានសក់ វែង ហើយភ្លឺរលោង ដែលវិធីថែរក្សារសម្រស់តាមវិធីនេះ ស្ត្រីនៅក្នុងប្រទេសចិន និងឥណ្ឌាធ្លាប់អនុវត្តរួចមកហើយ ជាលទ្ធផល គឺពួកគេទទួលបានសក់ដ៏វែង ខ្មៅ និងភ្លឺរលោង និងមិនងាយឆាប់ស្កូវនោះទេ បើទោះជាពួកគេឈានដល់វ័យ ៩០ឆ្នាំទៅហើយក្តី ។

ល្អសម្រាប់សុខភាពរាងកាយ៖
ក្នុងទឹកអង្ករក៏មានសារធាតុកាបោនអ៊ីដ្រាតជួយពង្រឹងថាមពលរាងកាយរឹងមាំ ជាពិសេសសារធាតុអាហារកាក សរសៃជួយការពារបញ្ហាទល់លាមក និងកាត់បន្ថយការឈានទៅកើតជំងឺមហារីកបានជាពិសេសជំងឺមហារីក ស្បែក នេះក៏ដោយសារសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមាននៅក្នុងទឹកអង្ករ ។ ក្រៅពីនេះវាក៏មានសារធាតុសូដ្យូមទាប និងគ្មានសារធាតុកូឡែស្ទេរ៉ូល ដែលអាចប៉ះពាល់ដល់សុខភាព បេះដូងបានឡើយ។ ការពិសារទឹកបាយ ក៏ជួយកាត់បន្ថយបញ្ហាឡើងសំពាធឈាមបានផងដែរ ។

ដូចធ្លាប់ដឹងខ្លះមកហើយ អ្នកម្តាយមួយចំនួនក៏បានយកទឹកអង្ករ ឫទឹកបាយទៅធ្វើអាហារបំបៅកូនតូចៗជំនួសទឹកដោះគោនិងពេលអ្នកម្តាយខ្វះទឹកដោះបំបៅកូនជាដើម ។ ទឹកបាយប្រភេទនេះ ក៏អាចជួយព្យាបាលរោគគ្រុន ជំងឺរាគ និងបញ្ហាឡើងជាតិអាស៊ីតក្នុងក្រពះចំពោះទារកតូចៗផងដែរ ។ ដូច្នេះអ្នកម្តាយអាចផ្តល់ទឹកបាយ ក្នុងបរិមាណសមល្មទៅកាន់កុមារតូចៗនៅរៀងរាល់ ៥ម៉ោង ម្តងក៏បាន ។

ប្រើទឹកអង្ករសម្រូបទើបប្រសើរ៖
ដើម្បីអោយមានសុខភាពរឹតតែប្រសើរ អ្នកគួរប្រើទឹកអង្ករ ឫទឹកបាយដែលបានមកពីអង្ករក្រហម អង្ករសរីរាង្គ ឫអង្ករដែលបានមកពីធម្មជាតិគ្មានលាយថ្នាំគីមីរក្សាគុណភាពអង្ករនិង ថ្នាំសំលាប់សត្វល្អិតក្នុងអង្ករ ។ ជាទូទៅក្នុងទឹកអង្ករទាំងនោះមានវីតាមីន B រហូតដល់ទៅ ៩០%ឯណោះ ជាងអង្ករដែលកិននិងសម្រិត សស្អាត ។ ព្រោះក្នុងអង្ករសម្រូប ក៏មានសារធាតុ ម៉ាញ៉េស្យូម ហ្វូស្វ័រ និងអាហារកាកសរសៃច្រើនណាស់ដែរ ។

កុំអល់អែកក្នុងការពិសារទឹកអង្ករ៖
បើសិនជាអាចអ្នកគួរពិសារទឹកបាយ ឫយកទឹកអង្ករទៅដាំអោយពុះពិសារអោយបានយ៉ាងហោចណាស់ ១កែវក្នុងមួយថ្ងៃ នោះវាជនឹងជួយពង្រឹងសុខភាពអ្នកបានប្រសើរជាងមុន ដោយអាចកាត់បន្ថយការចំណាយ ថវិកាទិញថ្នាំ និងព្យាបាលបញ្ហាសុខភាពផ្សេងៗ។ នេះជាវិធីសាស្ត្របែបធម្មជាតិមួយ ងាយស្រួលរកបាន និងថែមទាំងអាចជួយសម្រកទំងន់បានថែមទៀតផង ៕ សុផល

គុណប្រយោជន៍ “ទឹកអង្ករ” ចំពោះសុខភាពដែលមិននឹកស្មានដល់