៥ យ៉ាង ជួយការពារស្រ្តីមានផ្ទៃពោះ មិនឱ្យកើតសង្វារស្បែក

6 Videos


ស្ត្រីប្រមាណជា ៩នាក់ក្នុងចំណោម ១០នាក់ តែងកើតមានបញ្ហាសង្វាស្បែកនៅក្រោយពេលសម្រាលកូនរួច បើទោះជាមិនច្រើនក៏មានចំនួនតិចតួចខ្លះដែរ នេះក៏ដោយសារកត្តាអាយុ ការឡើងទំងន់ ការប្រែប្រួលហ្សែន និងសកម្មភាពការងារប្រចាំថ្ងៃ និងកត្តាមួយចំនួនទៀត ។

កោសិកាស្បែកតែងតែរីកលូតលាស់ជាប្រចាំ ស្បែកចាស់ងាប់ទៅ ផ្លាស់ស្បែកថ្មីកើតឡើង ។ នេះក៏ដោយសារសារធាតុ អេឡាស្ទីន ដែលជាសារធាតុប្រូតេអ៊ីន ជួយអោយស្បែកទន់ តែងខូចខាតទៅវិញដោយសារជាលិការបស់ស្បែកតែងរីកលូតលាស់ឆាប់រហ័សពេក ទើបបណ្តាលអោយកើត សង្វាស្បែកដូច្នេះ ។  មូលហេតុដទៃទៀតដែលបណ្តាលអោយកើតសង្វាស្បែកគឺដោយសារ ៖
• ការទើបឆ្លងទន្លេរួច ជាពិសេសបើស្ត្រី មានវ័យលើសពី ៣០ឆ្នាំឡើងទៅ
• ឡើងទំងន់ខ្លួនលឿនពេក
• បញ្ហាស្បែកស្ងួត
• ខ្វះជាតិទឹកក្នុងខ្លួន
• កត្តាតំណពូជ
៥ យ៉ាង ជួយការពារស្រ្តីមានផ្ទៃពោះ មិនឱ្យកើតសង្វារស្បែក
បញ្ហាឡើងសង្វាស្បែកអាចការពារបានដោយការប្រើក្រែម ប្រេង ធ្វើការលាបបំបាត់ ។ ជាទូទៅវាអាចលុបបំបាត់បាន ១០០%ជាពិសេសនៅដំណាក់កាលដំបូង ។ ប៉ុន្តែស្ត្រីមួយចំនួនខ្លះតែងព្រងើយ និងមិនបានយកចិត្តទុកដាក់តាំងពីដំបូង ទើបធ្វើអោយបញ្ហាសង្វាខ្លះពិបាកនឹងព្យាបាលអោយឆាប់ជាសះស្បើយ ។ ដូច្នេះស្ត្រីគួរយកចិត្តទុកដាក់អោយបានហ្មត់ចត់ពីបញ្ហានេះតាំងពីដំបូង ដើម្បីកុំអោយឈានដល់ដំណាក់កាលកែលេងកើត ។

ខាងក្រោមនេះជាចំនុច៥យ៉ាងដែលអាចជួយការពារអ្នកពីបញ្ហាឡើងសង្វាស្បែក ៖
១. ពិសារទឹកអោយច្រើន៖ ជាតិទឹកគឺជាសារធាតុសំខាន់សម្រាប់ស្បែកនិងបម្រើមុខងារសរីរាង្គផ្សេងៗ ។ នៅពេលអ្នកពិសាទឹកគ្រប់គ្រាន់ហើយនោះ វានឹងជួយអោយស្បែកមានសំណើម និងជួយលាងសំអាតជាតិពុលផ្សេងៗចេញពីរាងកាយ ជាលទ្ធផលនឹងជួយបំបាត់សន្លាក ស្នាមជាំ និងស្នាម ជ្រីវជ្រួញ។ ក្រៅពីនេះទឹកក៏អាចជួយអោយអោយអ្នកមានអារម្មណ៍មិនឃ្លាននិងជួយសម្រកទំងន់ ។

២. ប្រើប្រេងម៉ាស្សាស្បែក៖

ប្រេងអូលីវ ប្រេងអាវូកាដូ និងប្រេងដូង ត្រូវបានគេចាត់ទុកថាជាប្រេងធម្មជាតិមួយដ៏មានប្រយោជន៍ចំពោះ ស្បែក វិធីដ៏ប្រសើរគឺអ្នកត្រូវធ្វើការម៉ាស្សានៅត្រង់បរិវេនស្បែកដែលកើតសង្វា អោយបានមុនពេលងូតទឹកម្តងៗ ។ វិធីមួយទៀតចំពោះអ្នកដែលកើតមានស្នាមសង្វាច្រើនគួរដេកត្រាំខ្លួនក្នុងទឹក ដែលមានលាយប្រេងទាំងនេះក៏បាន ។
ដោយឡែកអ្នកគួរទៅពិភាក្សាជាមួយគ្រូពេទ្យជាមុនចំពោះការប្រើប្រាស់ជាតិប្រេង ជាពិសេសគួរជួបប្រឹក្សា ជាមួយគ្រូពេទ្យជំនាញខាងស្បែក ។

៣. ប្រើប្រទាលកន្ទុយក្រពើ៖

បើសិនជាអ្នកអាចរកប្រទាលកន្ទុយក្រពើស្រស់ ឫផលិតផលច្រកដាក់ដបក្តី យកមកលាបលើបរិវេនស្បែក ដែលមានស្នាមសង្វាអោយបាន ២ទៅ ៣ដងក្នុងមួយថ្ងៃ នោះវានឹងជួយកាត់បន្ថយបញ្ហារម៉ាស់ស្បែក ស្បែកស្ងួត និងស្នាមសង្វា ។ អ្នកជំនាញសុខភាពស្បែកបានអោយដឹងថា សារធាតុខាប់ក្នុងប្រទាលកន្ទុយក្រពើ គឺមានសុវត្ថិភាពបំផុតសំពោះសុខភាពស្បែក ជាពិសេសស្ត្រីទើបសម្រាលកូនរួចផ្ទៃពោះ ។

៤. បកស្បែក៖

ប្រសិនបើស្បែកឡើងគ្រើម ស្បែកចាស់ អ្នកអាចធ្វើការបកស្បែកឫជម្រុះស្បែកចាស់ចេញម្តងអោយបានយ៉ាងហោច ណាស់ ១ដងក្នុងមួយខែ។ អ្នកក៏អាចធ្វើការបកស្បែកតាមធម្មជាតិ ដោយប្រើកាកកាហ្វេ និងសំបកក្រូច ទឹកក្រូច ឫប្រេងធម្មជាតិដូចចំណុចទី ២ ខាងលើក៏បាន ។

៥. ជ្រើសរើសប្រភេទអាហារត្រឹមត្រូវ៖
ការជ្រើសរើសអាហារពិសារអោយបានសមស្របគឺពិតជាប្រសើរសម្រាប់សុខភាពរាងកាយទាំងមូលផងនិង សុខភាពស្បែកផង ជាពិសេសចំពោះស្ត្រីក្នុងអំឡុងពេលពរពោះ ព្រោះនៅក្រោយពេលសម្រាលកូនរួច គេនឹងអាចកើតមានសង្វាស្បែកមិនខាន ។ ដូច្នេះអ្នកគួរពិសារអាហារដែលមានសារធាតុប្រូតេអ៊ីន សាច់ សារធាតុខ្លាញ់ និងវីតាមីនអោយបានគ្រប់គ្រាន់ ។ ដោយឡែកការពិសារផ្លែឈើ និងបន្លែអោយបានច្រើន ក៏ជួយផ្តល់ សារធាតុខនិជ និងជួយអោយរាងកាយមានសំណើមទៅចិញ្ចឹមស្បែកផងដែរ ។

ចំណុចបន្ថែមមួយទៀតដើម្បីបំបាត់សន្លាក់ អ្នកគួរគិតពីសុខភាពទាំងខាងក្នុងរាងកាយនិងខាងក្រៅ គឺមិនត្រូវ ព្រងើយនឹងសុខភាពស្បែកតែមួយមុខនោះទេ ព្រោះបើអ្នកមានបញ្ហាស្បែកហើយនោះ អ្នកគួរចាត់វិធានការ អោយបានទាន់ពេល បើមិនដូច្នេះទេ វានឹងរឹតតែធ្ងន់ធ្ងរនិងពិបាកព្យាបាល ៕ សុផល