កម្មករ​សំណង់​ម្នាក់​ឡើង​បូកជញ្ជាំង ត្រូវ​ខ្សែភ្លើង​ឆក់​ប៊ិះ​ស្លាប់ !

ខេត្ត​ព្រះ​សីហ​នុ ៖ ដោយសារ​តែ​មានការ​ធ្វេសប្រហែស ក្នុង​ពេល​បំពេញការងារ​ផ្នែក​សំណង់ របស់​ជន​រង​គ្រោះ រួម​ផ្សំ​ជាមួយ​ខ្វះ​ការ​គ្រប់គ្រង​ណែនាំ​ពី​ប្រធាន​ការដ្ឋាន (​មេការ​សំណង់​) អំពី​សុវត្ថិភាព​នៅ​ពេល​បំពេញការងារ ទើប​បណ្តាល​ឲ្យ​កម្មករ​សំណង់​ម្នាក់ ផ្នែក​បូកជញ្ជាំង​ត្រូវ​បាន​ខ្សែភ្លើង​ឆក់ នៅ​សល់​តែ​ដង្ហើមចង្រិត ហើយ​ត្រូវ​បាន​ក្រុម​កម្មករ​សំណង់​ជាមួយ​គ្នា ជួយ​សង្គ្រោះ​បឋម​បែប​កប់​ជន​រង​គ្រោះ ទៅ​ក្នុង​ខ្សាច់​រួច​បាញ់​ទឹក​ស្អំ ទើប​អាច​ជួយ​ឲ្យ​ជន​រង​គ្រោះ​រួច​ផុត​ពី​សេចក្តីស្លាប់​។

ហេតុការណ៍​ខាងលើ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤​និង​៥៥​នាទី ល្ងាច​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៦ នៅ​ក្នុង​ការដ្ឋាន​សំណង់ អតីត​មហោស្រព​ចាស់ ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។ ដោយឡែក​អត្តសញ្ញាណ​ជន​រង​គ្រោះ​ខាងលើ​នេះ ត្រូវ​បាន​ស្ត្រី​ម្នាក់​ជា​ភរិយា ប្រធាន​ការដ្ឋាន​សំណង់​លាក់បាំង​អត្តសញ្ញាណ មិន​ឲ្យ​ដឹង​ឡើយ​។ ប្រភព​ផ្តល់​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​ពេលវេលា​ខាងលើ ខណៈ​ជន​រង​គ្រោះ​ឡើង​បូកជញ្ជាំង​នៅ​លើ​ជាន់​ទី​២ ពេល​ដែល​ជន​រង​គ្រោះ វាសដៃ​បូកជញ្ជាំង ទៅ​ប៉ះ​នឹង​មុខតំណ​ខ្សែភ្លើង ក៏​ត្រូវ​បាន​ឆក់​ភ្លាម​តែ​ម្តង បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ធ្លាក់​ចុះ​ពី​អ​ន្ទា​រ សម្រាប់​ឈរ​បូកជញ្ជាំង​។

ឃើញ​ដូច​នោះ​កម្មករ ដែល​កំពុងធ្វើការ​ជាមួយ​គ្នា ក៏​រត់​មក​ជួយ​សែង​ជន​រង​គ្រោះ មក​ដាក់​លើ​ពំនូកដី​ខ្សាច់ រួច​កាយ​ខ្សាច់​កប់ និង​បាញ់​ទឹក​ស្អំ មួយសន្ទុះ​ក្រោយមក ជន​រង​គ្រោះ​ក៏​បានដឹង​ខ្លួន​ឡើង​វិញ​រួច​ផុត​ពី​សេចក្តីស្លាប់ ។ មតិ​អ្នក​ច្បាប់ ដែល​បានឃើញ​ហេតុការណ៍​ខាងលើ បាន​លើក​ឡើង​ថា មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ខាងលើ គួរតែ​ធ្វើការ​កោះហៅ​ប្រធាន​ការដ្ឋាន​ខាងលើ (​មេការ​សំណង់​) យក​ទៅ​ធ្វើការ​អប់រំ អំពី​តួនាទី ភារកិច្ច​របស់​ថ្នាក់​គ្រប់គ្រង​ការដ្ឋាន​សំណង់ ឲ្យ​បាន​ម៉ត់ចត់ អំពី​សុវត្ថិភាព​ការងារ​ជា​ចម្បង នៅ​ក្នុង​ការដ្ឋាន​របស់​ខ្លួន​ជូន​ដល់​កម្មករ មិន​ត្រូវ​ធូររលុង​បែប​នេះ​ទេ ដែល​ជា​ប្រភព​ដើមចម អាច​ឈាន​ដល់​ការ​ស្លាប់ អាយុជីវិត​មនុស្ស​។

ផ្ទុយ​ទៅ​វិញ​នៅ​ពេល​កើតហេតុ គេ​បានឃើញ​នាយ​រង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ខាងលើ ទៅ​អើត​លើ​ម​ៗ ហើយ​ក៏​វិល​ត្រលប់​ទៅ​វិញ​បាត់​ទៅ សូ​ម្បី​តែ​កំណត់ហេតុ ឬ​អត្តសញ្ញាណ​កម្មករ ដែល​រង​គ្រោះ​ក៏​លោក​មិន​រវល់​អំពី​កាតព្វកិច្ច​របស់​សមត្ថកិច្ច នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឡើយ ដោយ​គ្រាន់តែ​បញ្ជាក់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា តួនាទី​របស់​លោក​បាន​ត្រឹមតែ​រាយការណ៍ ដោយឡែក​ចំណាត់ការ​ផ្សេង​ៗ គឺ​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ជា​អ្នក​សម្រេច​។

គួរ​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា នេះ​ជា​ករណី​លើក​ទី​២​ហើយ ដែល​កម្មករ​នៅ​ក្នុង​ការដ្ឋាន​សំណង់​ខាងលើ បាន​រងគ្រោះថ្នាក់​ដោយសារ​តែ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក្នុង​ពេល​បំពេញការងារ​សំណង់​របស់​កម្មករ​រួម​ផ្សំ​បន្ថែម​ពី​ប្រធាន​គ្រប់គ្រង​ការដ្ឋាន​សំណង់ ដែល​មាន​កិច្ចការ​ខ្ជីខ្ជា ក្នុង​ការ​ដឹកនាំ ត្រួតពិនិត្យ​ក្នុង​ពេល​បំពេញការងារ​របស់​កម្មករ មិន​ខុស​ពី​ពាក្យ​ថា (​ដំរី​ក៏​ខ្វាក់ ទ្រមាក់​ក៏​ឆ្កួត​) ទើប​បណ្តាល​ឲ្យ​កម្មករ​ត្រូវ​បាន​ខ្សែភ្លើង​ឆក់​ចំនួន ២​លើក​រួច​មក​ហើយ​។ ប្រភព​ខាងលើ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា លើក​ទី​១ ពេល​ចាប់ផ្តើម​ការដ្ឋាន​សាងសង់ កម្មករ​ទទួល​បន្ទុក​ផ្នែក​ផ្សារ​ដែក​ម្នាក់ ត្រូវ​បាន​ខ្សែភ្លើង​ឆក់​ស្លាប់​តែ​ម្តង ហើយ​នេះ​ជា​លើក​ទី​២ ដែល​កម្មករ​ម្នាក់​ទៀត​ទទួល​បន្ទុក​ផ្នែក​បូកជញ្ជាំង​ត្រូវ​បាន​ខ្សែភ្លើង​ឆក់ តែ​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា​៕