ប្រធាន​មន្ទីរ​រ៉ែ និង​ឋា​ម​ពល​ខេត្ត​ចេញ​វិធានការ​ចំពោះ​រថយន្ដ​ដឹក​គ្រួ​ស​-​ខ្សាច់

ខេត្ត​ត្បូងឃ្មុំ ៖ កន្លែង​បើក​លក់​គ្រួ​ស​-​ខ្សាច់​ជា​ច្រើន​កន្លែង នៅ​តាម​មាត់ទន្លេ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​ប្រើប្រាស់​រថយន្ត​ដឹក​ខ្សាច់​ពេញ មិន​បាន​គ្រប​ធ្វើ​ឲ្យ​ខ្សាច់​ជ្រុះ​រាយ​ប៉ាយ​ពេញ​ផ្លូវ​បេតុង និង​ហុយធូលី​លើ​អ្នក​លក់ដូរ​នៅ​ផ្សារ​ទន្លេ​បិទ​។ ហើយ​ក៏​មាន​ប្រភេទ​រថយន្ត​ស​ណ្តោ ង​ធុន​យក្ស​ដឹក​ខ្សាច់​ពេញ​ទ្រុងមាន​ទម្ងន់​រាប់​សិប​តោន ដើម្បី​យក​ខ្សាច់​ទៅ​លក់​នៅ​ខេត្តសៀមរាប កំពុង​តែ​បំផ្លាញ​ផ្លូវថ្នល់​ផង​ដែរ​។

តាម​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ទន្លេ​បិទ​បាន​ប្រាប់​ឲ្យ​ដឹង​ថា រាល់ថ្ងៃ​គាត់​បានឃើញ​រថយន្ត​ដឹក​ខ្សាច់​បើក​ចេញពី​កន្លែង​ធ្វើ​អាជីវកម្ម​តាម​មាត់​ទន្លេមេគង្គ ដោយ​បាន​បើក​កាត់​តាម​ផ្លូវ​បេតុង ក្នុង​នោះ​ក៏​មាន​រថយន្ត​ខ្លះ​មិន​បាន​គ្រប​ដែរ  នៅ​ពេល​ណា​ដែល​បើក​ចេញ​ទៅ​ឆ្ងាយ​ផុត​ពី​ឃុំ​ទន្លេ​បិទ​នឹង​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ផាកពិន័យ ។  ចំពោះ​ខ្សាច់​ដែល​ត្រូវ​បាន​ជ្រុះ​រាយ​នៅ​តាម​ផ្លូវ​បេតុង  ក្នុង​រយៈពេល​១​ទៅ​២​ថ្ងៃ​នឹង​ត្រូវ​គេ​បោសសម្អាត ដើម្បី​ចៀសវាង​កុំ​ឲ្យ​អ្នក​ជិះ​កង់​ម៉ូតូ​ត្រូវ​រអិល​នោះ​។

អាជីវករ​លក់ដូរ​នៅ​ផ្សារ​ទន្លេ​បិទ​ប្រាប់​បន្ត​ថា នៅ​ក្នុង​រដូវវស្សា​នេះ​ខ្សាច់ និង​គ្រួ​ស គ្រាន់តែ​ជ្រុះ​ចេញពីរថយន្ត ហើយ​នៅ​ពេល​ដែល​ខែប្រាំង​ខាង​មុខ​មក​ដល់ តាម​ផ្លូវ​ចាក់​បេតុង​ត្រូវ​ហុយ​ធ្វើ​ឲ្យ​ពួក​គាត់​លក់ដូរ​នៅ​តាម​ផ្លូវត្រូវ​ហុយ ។ ជាមួយ​គ្នា​នោះ​ដែរ ពួក​គាត់​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ សូម​មេត្តា​ជួយ​ធ្វើ​យ៉ាង​រៀបចំ​ដល់​អ្នកបើកបរ​រថយន្ត​ដឹក​ខ្សាច់ និង​ម្ចាស់​អាជីវកម្ម​ខ្សាច់ ពេល​ដែល​ដឹក​មួយ​ជើង​ៗ​ទាំង​រថយន្ត​តូច​ធំ ត្រូវ​តែ​ធ្វើ​យ៉ាង​គ្រប​ឲ្យ​បាន​គ្រប់​រថយន្ត​តែ​ម្តង   ដើម្បី​ចៀសវាង​កុំ​ឲ្យ​ហុយ​នាំ​តែ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​លក់ដូរ នៅ​តាម​ច​ញ្ចើ​ម​ថ្នល់។

រីឯ​មន្ត្រី​សាធារណៈការ​ខេត្ត​ដែល​កំពុង​តែ​ជួស​ជូ​ល​ផ្លូវថ្នល់  ក្បែរ​ស្ពាន​គី​ហ្ស៊ុ​ណា​នៅ​ឃុំ​ទន្លេ​បិទ​បាន​លើក​ហេតុផល​ថា ផ្លូវថ្នល់​ដែល​ស្រុត​ខូច​នេះ​គឺ  ដោយសារ​តែ​កៅស៊ូ​អ៊ុត​មិនសូវ​ល្អ ហើយ​និង​កតា្ត​រថយន្ត​ដឹក​ធ្ងន់​ដូច​ជា​រថយន្ត​ដឹក​ខ្សាច់​សណ្តោង  រថយន្ដ​ដឹក​ខ្សាច់​ពេញ​មាន​ទម្ងន់​ប្រមាណ​៧០​តោន​ឯណោះ ។ ចំណែក​លោក ជា ចាន់​តារា ប្រធាន​មន្ទីរ​រ៉ែ និង​ឋា​ម​ពេល​ខេត្ត​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ តុលា ២០១៦​ថា កន្លង​មក​រូប​លោក​ធ្លាប់​បាន​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​លក់​គ្រួ​ស​ខ្សាច់​នៅ​ទន្លេ​បិទ​ចំនួន​៣​លើក ត្រូវ​តែ​ប្រើ​របស់​គ្រប​ខ្សាច់​ឲ្យ​បាន​ជិត  ពេល​ដែល​ដឹក​ចេញ​យក​ទៅ​កាន់​គោលដៅ​ណាមួយ​។

ភាគច្រើន​មាន​តែ​រថយន្ត​ពី​ខាងក្រៅ​មក​ដឹក​ក្នុង​នោះ​មាន​ដូច​ជា ស្រុក​មេមត់ និង​ខេត្តព្រៃវែង​មក​ដឹក​យក​ទៅ​លក់  រូប​លោក​បាន​ឆ្លង​យោបល់​លោក​អភិបាលខេត្ត​រួច​ហើយ ដើម្បី​រៀបចំ​ដាក់​កន្លែង​ត្រួតពិនិត្យ​រថយន្ត​ដឹក​គ្រួ​ស​-​ខ្សាច់  ក្នុង​នោះ​មាន ១-​នៅ​ក្រុង​សួង និង​នៅ​ឃុំ​ទន្លេ​បិទ​តែ​ម្តង ដើម្បី​ទប់ស្កាត់​រថយន្ត​មិន​បាន​គោរព​តាម​ការ​ណែនាំ​។ ចំពោះ​រថយន្ត​ណា​ដែល​ដឹក​លើស​ចំណុះ​ត្រូវ​ឲ្យ​កាយ​ខ្សាច់​ចេញ ហើយ​បើ​នូវ​តែ​ផ្គើន​គឺ​នឹង​ត្រូវ​ចាប់​ឃាត់​រថយន្ត​ទុក​តែ​ម្តង​៕