អា​ការៈដំបូង ដែល​គ្រប់គ្រាន់​នឹង​សង្ស័យថា មាន​ផ្ទៃពោះ​

អា​ការៈដំបូង ដែល​គ្រប់គ្រាន់​នឹង​សង្ស័យថា មាន​ផ្ទៃពោះ​

​សម្រាប់​ស្ត្រី​ដែល​មក​ខែ​រដូវ​ជា​ទៀងទាត់ អា​ការៈដែល​អាច​ទុកចិត្តបាន និង​ដំបូង​បំផុត​នៃ​ការ​មាន​ផ្ទៃពោះ ដែល​ស្ត្រី​ប្រភេទ​នេះ អាច​មាន​នោះ​គឺ បាត់​រដូវ​។ ពេលខ្លះ ស្ត្រី​ដែល​មាន​ផ្ទៃពោះ នៅតែ​អាច​មាន​ធ្លាក់​ឈាមរដូវ​រឹមៗ​តិច​បំផុត​ដែរ​។​

​ស្ត្រី​ម្នាក់ៗ​អាច​នឹង​មាន​អាការៈ និង​លក្ខណៈ​សម្គាល់​ខុស​គ្នា​ទាំងអស់ ប៉ុន្តែ រោគសញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ ញឹកញាប់​មួយចំនួនទៀត​មានដូចជា ៖

មាន​អារម្មណ៍​ថា មិន​ស្រួលខ្លួន និង​ក្អួត​
អ្នក​ប្រហែលជា​មាន​អារម្មណ៍​ថា ខ្លួនឯង​មាន​ជំងឺ និង​ចង្អោ​រហូតដល់​ក្អួត​ទៀតផង​។ ករណីបែបនេះ ត្រូវបាន​គេ​ស្គាល់​ថា ជា​អា​ការៈចាញ់កូន ប៉ុន្តែ វា​អាច​កើតឡើង​គ្រប់ពេល​ទាំង​ថ្ងៃ ឬ​យប់​។ បើសិន​ជា​អ្នក​យល់ថា ខ្លួនឯង​មិន​ស្រួល​ខ្លួន​គ្រប់ពេល ហើយ​មិន​អាច​ដោះស្រាយ​បាន​ទេ​នោះ ចូរ​ទាក់ទង​គ្រូពេទ្យ​ដើម្បី​ជួយ​ទៅ​។

មាន​អារម្មណ៍​ថា អស់កម្លាំង​បំផុត​
វា​គឺជា​រឿង​មួយ កើតឡើង​ជា​ញឹកញាប់​ណាស់ ដែល​នឹង​មាន​អារម្មណ៍​ថា អស់កម្លាំង​ក្នុងពេល​មាន​ផ្ទៃពោះ ជាពិសេស នៅ​រយៈពេល ១២ សប្តាហ៍​ដំបូង​តែម្តង​។ ការប្រែប្រួល​អ័រម៉ូន​ក្នុងដំណាក់កាល​នេះ អាច​ធ្វើឲ្យ​អ្នក​មានអារម្មណ៍​អស់កម្លាំ​ង ចង្អោ​រ ពិបាកចិត្ត និង​ស៊ី​អារម្មណ៍​ច្រើន​។​

ប្រែប្រួល​សុដន់​
សុដន់​អ្នក​អាច​នឹង​ទៅ​ជា​ធំ​ជាង​មុន និង​តឹង​ឈឺ​ជាង​មុន ដូច​កាល​ពេល​មុន​ពេល​មក​រដូវ​ដែរ​។ អា​ការៈឈឺ​ឈៀបៗ ក៏​អាច​កើត​មាន​ដែរ​។ សរសៃ​វ៉ែន​នៅក្រោម​ស្បែក អាច​នឹង​មើលឃើញ​កាន់តែច្បាស់ ហើយ​ក្បាល​សុដន់​អាច​ទៅ​ជា​ខ្មៅ​ជាង​មុន​ដែរ​។​

នោម​ញឹក​
អ្នក​ប្រហែលជា​មាន​អារម្មណ៍​ថា ត្រូវការ​នោម​ញឹកញាប់​ជាង​ធម្មតា រួម​ទាំង​នៅ​ពេលយប់​ដែរ​។
​អា​ការៈផ្សេងៗ​ទៀត ដែល​អាច​គិត​ថា មាន​ផ្ទៃពោះ​ដែរ​នោះ​មានដូចជា ៖

  • ​ទល់​លាមក​
  • ​ហូរ​ទឹករំអិល​ពី​ក្នុង​ទ្វារមាស​កាន់តែច្រើន តែ​គ្មាន​ការឈឺចាប់ ឬ​រលាក​អ្វី​ទេ​
  • ​មាន​អារម្មណ៍​ថា ក្នុង​មាត់​មាន​រសជាតិ​ប្លែក (​រសជាតិ​ដូច​ដែក​)
  • ​ឃ្លាន​អាហារ​ថ្មីៗ​
  • ​លែង​ចាប់អារម្មណ៍​អាហារ ឬ​ភេសជ្ជៈ​ដែល​ធ្លាប់តែ​ញ៉ាំ ឬ​ចូល​ចិត្ត​ពីមុន​
  • ​ចាញ់​ក្លិន​ណា​ដែលឈួល​ខ្លាំង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ pregnancybirthbaby.org.au

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។