ប្តី​បបួល​ទៅ​រក​ត្រី​មិន​ទៅ ការណ៍​ពិត​សម្លឹង​ឃើញ​ប្រពន្ធ​សោះ

ខេត្តព្រះវិហារ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​ព្រះ​វិហារ​ចាប់​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៦ បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ប្រពន្ធ​អ្នក​ស្គាល់គ្នា​នៅ​ម្តុំ​មាត់​ស្ទឹង​សែន កាលពី​យប់​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៦ ។

សមត្ថកិច្ច​នគរបាល​ក្រុង​ព្រះ​វិហារ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ វី បូ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​កម្មករ​បូម​ខ្សាច់ មានស្រុក​កំណើត​ភូមិ​រាយ​ប៉ាយ ឃុំ​រាយ​ប៉ាយ ស្រុក​កងមាស ខេត្តកំពង់ចាម ។ ចំណែក​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​អ្នក​ស្គាល់គ្នា មាន​អាយុ​៣៣​ឆ្នាំ មុខរបរ​ដាំ​បន្លែ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៦ ជនសង្ស័យ​និង​មិត្តភក្តិ​៣-៤​នាក់​ទៀត រួម​ទាំង​ប្តី​ស្ត្រី​រង​គ្រោះ​បាន​ផឹកស៊ី​ជាមួយ​គ្នា​នៅ​ក្រោម ផ្ទះ​ស្ត្រី​រង​គ្រោះ​ស្ថិត​នៅ​ជាប់មាត់​ស្ទឹង​សែន បន្ទាប់​មក រហូត​ដល់​ម៉ោង​ជិត​៨​យប់​ថ្ងៃ​ដដែល​ក៏​បាន​នាំ​គ្នា​ទៅ​រក​ត្រី តែ​ពេល​នោះ​ជនសង្ស័យ​មិន​បាន​ទៅ​រក​ត្រី​ជាមួយ​គេ​ទេ បែរជា​មក​ដេក​នៅ​អង្រឹង​ក្រោមផ្ទះ​ស្ត្រី​រង​គ្រោះ ខណៈ​ស្ត្រី​រង​គ្រោះ​កំពុង​ដេក​នៅ​លើ​គ្រែ​ជាមួយ​កូន​តូច​២​នាក់​ក្បែរ​អង្រឹង​ជនសង្ស័យ ។

សមត្ថកិច្ច​បន្ត​ថា ក្រោយ​ពេល​ដែល​បក្សពួក និង​ប្តី​ជន​រង​គ្រោះ​ទៅ​រក​ត្រី​អស់ ជនសង្ស័យ​ក៏​ឆ្លៀតឱកាស​ឡើង​លើ​គ្រែ​រំលោភ​រហូត​បាន​សម្រេច​តែ​ម្តង បន្ទាប់​មក​ជនសង្ស័យ​ក៏​ចុះ​មក​ដេក​នៅ​អង្រឹង​វិញ រីឯ​ស្ត្រី​រង​គ្រោះ​ក៏​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​បងប្អូន​ពី​បញ្ហា​នោះ ពេល​នោះ​ជនសង្ស័យ​ឮ​ក៏​បាន​ដើរ​ចេញ​ទៅ​កន្លែង​ស្នាក់​នៅ​របស់​ខ្លួន​ដូច​សព្វមួយដង ។
សមត្ថកិច្ច​បន្ថែម​ថា រហូត​ដល់​ថ្ងៃ​ទី​៨ ខែតុលា ស្ត្រី​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​មក​សមត្ថកិច្ច សមត្ថកិច្ច​ក៏​បាន​ចាត់ការ​ភ្លាម​ៗ និង​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះ​វិហារ ។

ក្រោយ​ពេល​ចាប់ខ្លួន​បញ្ជូន​មក​ដល់​អធិការ​ក្រុង​ព្រះ​វិហារ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​ស្ត្រី​រង​គ្រោះ​ពិតប្រាកដ​មែន ៕