ការលត់ស្រីលង្កា ៤-០ ជួយឲ្យក្រុមកម្ពុជា ទទួលបានកាដូពិសេស មុនប្រកួត AFF Suzuki Cup(មានវិដេអូ)

ការយកឈ្នះលើក្រុមជម្រើសជាតិស្រីលង្កា ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ៤-០ នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញ បានជួយឲ្យក្រុមជម្រើសជាតិកម្ពុជា បានទទួលកាដូដ៏ពិសេសមួយពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ថែមទៅលើកម្លាំងចិត្តដែលទទួលបានពីអ្នកគាំទ្រ មុនពេលក្រុមតំណាងឲ្យកម្ពុជាមួយនេះ ត្រូវប្រកួតផ្លូវការក្នុងពានរង្វាន់ AFF Suzuki Cup 2016 ដែលចាប់ពីថ្ងៃទី១៥ ដល់ទី២១ ខែតុលានេះ។

n7

សម្រាប់ការប្រកួតជាមួយស្រីលង្កា កាលពីម្សិលមិញនោះ ក្រុមកម្ពុជា ដែលទទួលរងភាពហ្មងសៅក្រោមស្នាដៃក្រុមហុងកុង ដោយការចាញ់ ២-០ កាលពីថ្ងៃព្រហសប្បតិ៍ បានបង្ហាញទម្រង់លេងយ៉ាងមានទំនុកចិត្ត នៅចំពោះមុខអ្នកគាំទ្ររាប់ម៉ឺននាក់ ហើយត្រឹម២នាទីប៉ុណ្ណោះ ភាពភ្ញាក់ផ្អើលបានកើតមានឡើង នៅពេល សឿយ វិសាល បានលោតតែតបាល់ ដែលទាត់ចេញពីជ្រុងរបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា យ៉ាងល្អនោះ។

n6

បន្ថែមទៅលើការរកបានគ្រាប់បាល់បើកឆាកនេះខ្សែបម្រើប្រយុទ្ធ ប្រាក់ មុន្នីឧត្តម និង វឌ្ឍនាកា បានបង្កការអុកឡុកនៅតំបន់គ្រោះថ្នាក់របស់ក្រុមស្រីលង្កា ជាបន្តបន្ទាប់ តាមរយៈការស៊ុតបាល់របស់ពួកគេ ប៉ុន្តែមិនទទួលបានលទ្ធផលល្អនោះឡើយ។ យ៉ាងណាក៏ដោយ បន្ទាប់ពីក្រុមទាំង២ត្រូវឈប់សម្រាកជាង១០នាទី ដោយសារភ្លើងបំភ្លឺពហុកីឡដ្ឋានជាតិទាំងមូលត្រូវបានដាច់នោះ ខ្សែបម្រើកណ្តាល ធារី ចន្ថាប៊ីន បានរកគ្រាប់បាល់ទី២ឲ្យកម្ពុជា តាមរយៈតែតបញ្ចូលទីយ៉ាងស្អាត ពីការលើកបាល់ចេញពីជ្រុងរបស់ ចាន់ វឌ្ឍនាកា នៅនាទីទី៤១។

n5

ចំណែកនៅតង់ទី២ ក្រុមកម្ពុជា នៅតែដាក់សម្ពាធទៅលើក្រុមស្រីលង្កា ហើយខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី ដែលដាក់ឲ្យចូលលេងជំនួស ចាន់ វឌ្ឍនាកា និង ឈិន ឈឿន សុទ្ធតែមានឱកាសរកគ្រាប់បាល់ ប៉ុន្តែគួរឲ្យសោកស្តាយ ការស៊ុតបាល់សំដៅទីរបស់ពួកគេ ត្រូវបានខ្សែការពារក្រុមស្រីលង្កា ទៅសង្រ្គោះបាន។យ៉ាងណាក៏ដោយ បន្ទាប់ពីការខកចិត្តនេះ ខ្សែប្រយុទ្ធ កែវ សុខផេង បានស៊ុតបាល់បំប៉ោងសំណាញ់ទីរបស់ក្រុមស្រីលង្កា រហូតដល់២គ្រាប់តែម្នាក់ឯង គឺនៅនាទីទី៦៩ និងនាទីទី៩០ ដើម្បីជួយឲ្យក្រុមកម្ពុជា ឈ្នះក្រុមស្រីលង្កា ៤-០ លើកនេះ។

n4

ជ័យជម្នះនេះ វាមិនត្រឹមតែធ្វើឲ្យក្រុមកម្ពុជា ទទួលបានការទុកចិត្តវិញ ពីក្រុមអ្នកគាំទ្ររាប់ម៉ឺននាក់ប៉ុណ្ណោះទេ ប៉ុន្តែទាំងកីឡាករ គ្រូបង្វឹក និងមន្រ្តីពាន់ព័ន្ធរបស់ក្រុមជម្រើសជាតិកម្ពុជា សរុប៣៤នាក់ ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផ្តល់កាដូដ៏ពិសេសមួយដល់ពួកគេ គឺការផ្តល់ទឹកប្រាក់លើកទឹកចិត្តក្នុងម្នាក់ៗ១០០០ដុល្លារស្មើៗគ្នា មុនពេលក្រុមកម្ពុជា ត្រូវប្រកួតផ្លូវការជាមួយក្រុមជម្រើសជាតិឡាវ ប្រ៊ុយណេ និងទីម័រខាងកើត ក្នុងវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ក្នុងនាមជាម្ចាស់ផ្ទះ នៅចុងសប្តាហ៍ក្រោយនេះ៕

n3

n2

n1

សូមទស្សនាវិដេអូ highlight​ ខាងក្រោម៖

The post ការលត់ស្រីលង្កា ៤-០ ជួយឲ្យក្រុមកម្ពុជា ទទួលបានកាដូពិសេស មុនប្រកួត AFF Suzuki Cup(មានវិដេអូ) appeared first on CamboSport.