Immobile សង្គ្រោះអ៊ីតាលី ខណៈអេស្ប៉ាញ ឈ្នះដោយងាយ

ខ្សែប្រយុទ្ធ Ciro Immobile របស់ក្លិប Lazio បានរកគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួត ខណៈដែលក្រុមម្ចាស់ជើងឯកបួនសម័យកាល អ៊ីតាលី បានវាយបកដើម្បីកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៣-២ នៅលើទឹកដីក្រុមជម្រើសជាតិម៉ាសេដ្វាន កាលថ្ងៃអាទិត្យ និងដើម្បីគេចផុតពីភាពអាម៉ាស់ក្នុងយុទ្ធនាការជម្រុះ World Cup។

FYR-Macedonia-v-Italy

ក្រុមជម្រើសជាតិអ៊ីតាលី ដែលដណ្តើមបាន១ពិន្ទុតាមរយៈបាល់ប៉េណាល់ទីនៅជិតបញ្ចប់ការប្រកួតពេលជួបក្រុមអេស្ប៉ាញ ក្នុងពូល G កាលពីថ្ងៃព្រហស្បតិ៍នោះ ស្ទើរតែរងបរាជ័យដ៏មិននឹកស្មានដល់ទៅហើយក្នុងទីក្រុង Skopje នៅពេលប្រកួតជាមួយនឹងក្រុមម៉ាសេដ្វាន ដែលមានចំណាត់ថ្នាក់លេខ១៤៦នៅ
លើតារាងពិភពលោក។

ខ្សែប្រយុទ្ធ Andrea Belotti របស់ក្លិប Torino បានជួយឲ្យក្រុមជម្រើសជាតិអ៊ីតាលី មានគ្រាប់បាល់នាំមុខនៅនាទី ទី២៤ ក្នុងរយៈពេល៤នាទី ក្រោយពីខ្សែប្រយុទ្ធ Ilija Nestorokvski របស់ក្លិប Palermo មានឱកាសស៊ុតបាល់រំលងរបាទីសម្រាប់ក្រុមម្ចាស់ផ្ទះ។ ប៉ុន្តែ Nestorokvski នៅតែអាចរកគ្រាប់បាល់តាមស្មើនៅវិញនៅមុនពេលនាទី ទី៦០ នៅពេលដែលរូបគេបានដណ្តើមបាល់ពីខ្សែការពារ Marco Verratti នៅមុនពេលស៊ុតបាល់ផុតដៃអ្នកចាំទីជើងចាស់ Gianluigi Buffon។

រយៈពេល២នាទីក្រោយមក ម៉ាសេដ្វាន បានរកគ្រាប់បាល់នាំមុខវិញ នៅពេលដែលខ្សែបម្រើ Ferhan Hasani បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ក្រោយពីការលេងយ៉ាងស៊ីចង្វាក់គ្នារវាង Goran Pandev និង Nestorovski។ ទោះបីជាយ៉ាងណា Immobile បានជួយឲ្យអ៊ីតាលី តាមស្មើវិញក្នុងលទ្ធផល ២-២ ក្នុងរយៈពេល១៥នាទីចុងក្រោយ នៅមុនពេលរកគ្រាប់បាល់ឈ្នះនៅនាទី ទី៨៨។ បច្ចុប្បន្ន អ៊ីតាលី កំពុងតែឈរក្នុងចំណាត់ថ្នាក់លេខ២នៃពូល G ដោយមាន៧ពិន្ទុ ប៉ុន្តែ អេស្ប៉ាញ មានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាង ក្រោយពីបានយកឈ្នះលើក្រុមអាល់បានី ក្នុងលទ្ធផល ២-០៕

លទ្ធផលនៃគូផ្សេងទៀត

Finland 0-1 Croatia
Israel 2-1 Liechtenstein
Ukraine 3-0 Kosovo
Wales 1-1 Georgia
Iceland 2-0 Turkey
Moldova 1-3 Ireland
Serbia 3-2 Austria

ប្រភពព័ត៌មាន៖ Channel News Asia

The post Immobile សង្គ្រោះអ៊ីតាលី ខណៈអេស្ប៉ាញ ឈ្នះដោយងាយ appeared first on CamboSport.