អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​អ្នកស្រី រ៉ូណា ស្មីត មក​ដល់​ប្រទេស​កម្ពុជា

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គឺអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានមកដល់ប្រទេសកម្ពុជា ហើយនៅរសៀលថ្ងៃទី៩ តុលា។ សេចក្ដីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី៧ តុលា សរសេរថា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នឹងស្នាក់នៅកម្ពុជា រយៈពេល ១០ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែតុលា នេះ។

ដំណើរទស្សនកិច្ចរបស់អ្នកស្រី រ៉ូណា ស្មីត មកកម្ពុជា ជាទស្សនកិច្ចផ្លូវការក្នុងអាណត្តិការងាររបស់អ្នកស្រី ដើម្បីពិនិត្យអំពីស្ថានភាពសិទ្ធិមនុស្ស និងតាមដានការអនុវត្តអនុសាសន៍ ដែលអ្នកស្រីដាក់ជូនរាជរដ្ឋាភិបាលសម្រាប់ការកែលំអស្ថានភាពគោរពសិទ្ធិមនុស្សនៅកម្ពុជា ឲ្យបានប្រសើរឡើង។

Loading...

ប្រធានបទសម្រាប់ទស្សនកិច្ចមកកម្ពុជា លើកនេះ គឺអ្នកស្រី រ៉ូណា ស្មីត នឹងពិនិត្យមើលស្ថានភាពនយោបាយទូទៅ និងទិដ្ឋភាពផ្សេងៗនៃការរើសអើង។ អ្នកស្រីនឹងវាយតម្លៃអំពីសិទ្ធិរបស់ក្រុមជនភាគតិច និងក្រុមជនទន់ខ្សោយនៅកម្ពុជា។ អ្នកស្រីក៏គ្រោងជួបមន្ត្រីរាជរដ្ឋាភិបាល ទូត និងអង្គការសង្គមស៊ីវិល ដែលពាក់ព័ន្ធនឹងប្រធានបទរបស់អ្នកស្រី ក្នុងនោះអ្នកស្រីក៏នឹងជួបប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ដែរ ប៉ុន្តែកម្មវិធីលម្អិតនៅមិនទាន់មាននៅឡើយទេ។

អ្នកស្រី រ៉ូណា ស្មីត ត្រូវបានអង្គការសហប្រជាជាតិ តែងតាំងជាអ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅខែមីនា ឆ្នាំ២០១៥។ ចាប់តាំងពីពេលនោះមក អ្នកស្រីតែងតែមកប្រទេសកម្ពុជា ហើយធ្វើរបាយការណ៍ប្រចាំឆ្នាំអំពីស្ថានភាពសិទ្ធិមនុស្ស ដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ អ្នកស្រី រ៉ូណា ស្មីត នឹងបង្ហាញរបាយការណ៍បន្ទាប់របស់អ្នកស្រី ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សទៀតនៅក្នុងខែកញ្ញា ឆ្នាំ២០១៧ ខាងមុខ។

នៅពេលបញ្ចប់ទស្សនកិច្ចលើកនេះ អ្នកស្រី រ៉ូណា ស្មីត នឹងធ្វើសន្និសីទកាសែតអំពីលទ្ធផលទស្សនកិច្ចរបស់អ្នកស្រីនៅកម្ពុជា ក្នុងរយៈពេល ១០ថ្ងៃ នៅរសៀលថ្ងៃទី១៩ តុលា៕

ប្រភព៖ RFA