នារី​វ័យក្មេង​ម្នាក់​បែក​មុខ​បែក​មាត់​ខូច​សម្រស់​អស់

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​បាន​បែក​មុខ​បែក​មាត់​ខូច​សម្រស់​អស់ ខណៈ​ជិះ​ម៉ូតូ​មក​ពី​ស្រុក​កំណើត​ជ្រុល​ធ្លាក់​ជង្ហុក​បោក​ដួល​តែ​ម្នាក់ឯង​នៅ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៦ ។

នារី​រង​គ្រោះ​ឈ្មោះ ទឹម ច​ន្ធី អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​ភូមិ​ព្រៃ​ធាតុ ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ នារី​រង​គ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា គុប​ជ្រុង សេ​៩០ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1K-7700 ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នារី​រង​គ្រោះ​ជិះ​ម៉ូតូ​ធ្វើ​ដំណើ​ត​ពី​ស្រុក​កំណើត​ឆ្ពោះ​ត្រឡប់​ទៅ​ផ្ទះ​ជួល​តាម​កំណាត់​ផ្លូវជាតិ​លេខ​៣​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​កើតហេតុ​ដោយសារ​ស្ថានភាព​ចិញ្ចើម​ផ្លូវជាតិ​លេខ​៣​ត្រង់​ចំណុច​ខាងលើ​នា​ពេល​បច្ចុប្បន្ន​ខូចខាត​ដោយ​អន្លើ​ៗ សុទ្ធតែ​ជង្ហុក​តូច​ធំ ស្រាប់តែ​នារី​រង​គ្រោះ​គេច​មិន​ទាន់​ជ្រុល​ធ្លាក់​ចូល​ជង្ហុក​បណ្តាល​ឲ្យ​បោក​ដួល​រង​របួសធ្ងន់ បែក​មុខ​បែក​ក្បាលខូច​សម្រស់​អស់រលីង ។

ក្រោយ​ពេល​កើតហេតុ​នារី​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ចំណែក​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​នគរបាល​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ចោម​ចៅ​សម្រាប់​ជូន​នារី​រង​គ្រោះ​វិញ​ពេល​ក្រោយ ៕