​ហៃទី ​ជីក​ផ្នូរ​ដ៏​ធំ​សម្បើម​កប់​សព​​ពលរដ្ឋ​ជាង​​១០០០​នាក់​ ក្រោយ​ប៉ះ​ព្យុះ​ Matthew

ប្រទេស​ហៃទី ចាប់​ផ្ដើម​​​កប់​​សាកសព​​​​ប្រជាជន​​ជា​ច្រើន​​នាក់​​​ក្នុង​​ផ្នូរ​​​ដ៏​ធំ​​រួម​គ្នា​ ​ក្រោយ​​ព្យុះ Matthew ​បាន​​ឆក់​យក​​ជីវិត​ពលរដ្ឋ​​ស្លូត​ត្រង់​​ជាង​ ១០០០​នាក់។ នេះ​បើ​តាម​មន្ត្រី​​រដ្ឋាភិបាល​​ហៃ​ទី​បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​​ទី​ ៩​តុលា​ម្សិលមិញ។

 

​ហៃទី ​ជីក​ផ្នូរ​ដ៏​ធំ​សម្បើម​កប់​សព​​ពលរដ្ឋ​ជាង​​១០០០​នាក់​ ក្រោយ​ប៉ះ​ព្យុះ​ Matthew

 

ព្យុះ​​កំបុតត្បូង​​ដ៏​មាន​ឥទ្ធិពល​​នេះ​ ជា​ព្យុះ​​កើត​ឡើង​នៅ​​សមុទ្រ​ការ៉ាបៀន​ខ្លាំង​ក្លា​ជាង​គេ​បំផុត​​ក្នុង​​រយៈពេល​ជិត​មួយ​ទសវត្ស​ចុងក្រោយ​ ​ដោយ​បាន​វាយ​ប្រហារ​​​​ប្រទេស​ហៃទី​ភាគ​ពាយ័ព្យ​កាល​ពី​ថ្ងៃ​​អង្គារ សប្ដាហ៍​មុន​ ក្នុង​ល្បឿន ​ ២៣៣​គីឡូម៉ែត្រ​ក្នុង​ម៉ោង និង​​នាំឲ្យ​មាន​​ភ្លៀង​ធ្លាក់​យ៉ាង​​គំហុក។​

 

​បើ​តាម​ប្រភព​​​​មន្ត្រី​​​ប្រចាំ​​តំបន់​នីមួយ​ៗ បាន​ស្រង់​​​​តួលេខ​​បង្ហាញ​ថា​​ ​មនុស្ស​ប្រមាណ​ ១០០០នាក់​​​​ ត្រូវ​បាន​​សម្លាប់​​​នៅ​ក្នុង​​ប្រទេស​ ដែល​​​ក្រីក្រ​បំផុត​​ប្រចាំ​ទ្វីប​អាមេរិក​មួយ​នេះ។

 

អាជ្ញាធរ​​​​បាន​ចាប់​​ផ្ដើម​​​កប់​​​សព​ទាំង​នោះ​​ក្នុង​​ផ្នូរ​​ធំ​ៗ​​រួម​គ្នា​​នៅ​តំបន់​​​ Jeremie ។ ​បើ​តាម​​មន្ត្រី​ម្នាក់​ទៀត​​លោក​ Frenel ប្រាប់​ថា​​​ប្រជាជន​​​រស់​នៅ​តំបន់​ Grand’Anse មាន​​​មនុស្ស​ស្លាប់​ច្រើន​​ជាងគេ​​បំផុត​គឺ​ ៥២២​នាក់ ហើយ​លោក​ក៏​បង្ហាញ​ក្ដី​​​​ព្រួយ​បារម្ភ​ពី​ការ​រីក​រាល​ដាល​​នៃ​ជំងឺ​អាសន្នរោគ​ផង​ដែរ៕

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ផ្ដល់សិទ្ធិដោយ៖reuters