អ្នកស្រី រ៉ូណាស្មីត នឹងធ្វើទស្សនកិច្ចសិទ្ធិមនុស្សរយៈពេល១០ថ្ងៃនៅកម្ពុជា

អ្នកស្រីសាស្រ្តាចារ្យ​ រ៉ូណា​ ស្មីត (Rhona Smith) ​អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជានឹងវិលត្រឡប់មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ ​ដើម្បីបំពេញទស្សនកិច្ចរយៈពេល១០ថ្ងៃរបស់លោកស្រី ​ជុំវិញការវិវត្តន៍នៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា​ ។​
រាប់ចាប់តាំងពីថ្ងៃចន្ទ័ ទី១០​ ខែតុលានេះរហូតដល់ថ្ងៃទី១៩​ ខែតុលាខាងមុខ, ​ដំណើរទស្សនកិច្ចរបស់អ្នកស្រីសាស្រ្តាចារ្យ ​និងជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនឹងផ្ដោតជាសំខាន់ទៅលើស្ថានភាពបច្ចុប្បន្ននៃសិទ្ធិមនុស្ស​ និងលើការតាមដានការអនុវត្តអនុសាសន៍នានា​ដែលផ្ដល់ជូនដល់រដ្ឋាភិបាល ។ ​អ្នកស្រីរ៉ូណាស្មីត នឹងបន្តធ្វើការពិនិត្យលើទិដ្ឋភាពផ្សេងៗនៃការរើសអើងគ្រប់ទម្រង់នៅកម្ពុជា ​ដោយផ្តោតការយកចិត្តទុកដាក់ជាសំខាន់នាពេលនេះ ​គឺទៅលើ “ការវាយតម្លៃអំពីសិទ្ធិរបស់ជនជាតិភាគតិចជាតិពន្ធុ និងក្រុមបាត់បង់ឱកាស” ។ ​​ស្របពេលជាមួយគ្នានេះដែរ ​បណ្ដាក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសស្រាក់សស្រាំទៅលើការគាំពារ ​និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា​ គ្រោងនឹងត្រៀមកញ្ចប់បញ្ហាស្ដីពីការរំលោភបំពានផ្នែកសិទ្ធិមនុស្សដែលបានកើតឡើងនៅកម្ពុជានារយៈពេលប៉ុន្មានខែចុងក្រោយនេះ​ ដែល​ប្រធានបទក្ដៅបំផុតនោះអាចជាការលើកឡើងអំពីឃាតកម្មទៅលើអ្នកវិភាគឯករាជ្យ ​និងជាសកម្មជនសិទ្ធិមនុស្ស ​និងបរិស្ថាន លោកបណ្ឌិតកែម ឡី ដែលជិតដល់គម្រប់ខួប១០០ថ្ងៃនៃពិធីបុណ្យសពរបស់លោកទៅហើយ​ ការស្វែងរកយុត្តិធម៌ពិតប្រាកដ និងការចាប់ជនដៃដល់ ​និងមេខ្លោង​នៅពីក្រោយអំពើឃាតកម្មនេះ ​នៅមិនទាន់វែកមុខឱ្យឃើញ និងយកមកផ្ដន្ទាទោសនៅឡើយទេ ។​ ក្នុងនោះដែរក្រុមអង្គការសង្គមស៊ីវិល ​និងសកម្មជនសិទ្ធិមនុស្សសំខាន់ៗមួយចំនួននឹងត្រូវបានអនុញ្ញាតិឱ្យចូលជួបលោកស្រីសាស្រ្តាចារ្យរ៉ូណា​ ស្មីតផ្ទាល់ដើម្បីផ្ដល់ជាដំណោះស្រាយជុំវិញបញ្ហាសិទ្ធិ​មនុស្សនៅកម្ពុជាជូនលោកស្រីផងដែរ ដើម្បីលោកស្រីនឹងរៀបចំឯកសារដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សនៅអង្គការសហប្រជាជាតិនាខែសីហា ​ឆ្នាំ២០១៧ខាងមុខ ៕​

អ្នកស្រី រ៉ូណាស្មីត នឹងធ្វើទស្សនកិច្ចសិទ្ធិមនុស្សរយៈពេល១០ថ្ងៃនៅកម្ពុជាដោយ៖ ឈូកស
ប្រភព៖ UNHRC