វិបត្តិស៊ីរី៖​បារាំង និង​រុស្ស៊ី​បាន​ដំឡើង​សម្លេង​ដាក់​គ្នា​នៅ​វេទិកា​ក្រុមប្រឹក្សាសន្តិសុខ

នៅទីបំផុត ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនអាចអនុម័តលើសំណើរបស់បារាំង ឬសំណើរបស់រុស្ស៊ីស្តីពីការបញ្ចប់អំពើហិង្សានៅស៊ីរីបានទេនាកិច្ចប្រជុំក្នុងថ្ងៃសៅរ៍ ទី៨ តុលាក្នុងទីក្រុងញូយ៉ក។ ទន្ទឹមនឹងមិនអាចចេញសេចក្តីសម្រេចចិត្តណាមួយសម្រាប់ស៊ីរីបាន ទីក្រុងប៉ារីស និងទីក្រុងមូស្គូក៏ថែមទាំងបានដំឡើងសម្លេងដាក់គ្នានៅក្នុងពេលថ្លែងនាឱកាសកិច្ចប្រជុំនោះ។

ដូចដែលបានព្រមានទុកមុន រុស្ស៊ីបានប្រើសិទ្ធិវ៉េតូប្រឆាំងនឹងសំណើរបស់បារាំងដែលហាមមិនឲ្យមានការហោះហើរក្នុងផ្ទៃអាកាសពីលើទីក្រុងអាឡិបប្រទេសស៊ីរី ចំណែកប្រទេសសមាជិកផ្សេងក៏បានបោះឆ្នោតប្រឆាំងនឹងសំណើរបស់រុស្ស៊ីវិញដែរ។ នេះជាលើកទី៥ ហើយដែលរុស្ស៊ីបានប្រើសិទ្ធិវ៉េតូរបស់ខ្លួនសម្រាប់ប្រទេសស៊ីរី។ ជាថ្មីម្តងទៀត ក្រុមប្រឹក្សាសន្តិសុខបានបង្ហាញឲ្យឃើញពីអសមត្ថភាពរបស់ខ្លួនក្នុងការចេញសេចក្តីសម្រេចចិត្តណាមួយស្តីពីដំណោះស្រាយឲ្យវិបត្តិស៊ីរី។ ការកត់សម្គាល់មួយទៀត វេទិកានៃក្រុមប្រឹក្សាសន្តិសុខនាថ្ងៃសៅរ៍ ទី៨ តុលាបានក្លាយជាវេទិកានៃការដំឡើងសម្លេងដាក់គ្នារវាងបារាំង និងរុស្ស៊ី។

Loading...

អ្នកតំណាងរុស្ស៊ីដែលចូលរួមនៅក្នុងកិច្ចប្រជុំបានចោទបារាំងចំមុខពីបទបានចូលរួមរៀបចំឆាកក្រុមប្រឹក្សាសន្តិសុខពេលនេះ។ ការចោទប្រកាន់ដែលមិនអាចទប់កំហឹងលោកប្រមុខការទូតបារាំងហ្សង់ម៉ាក អេរ៉ូបានទេ។ លោកអេរ៉ូបានថ្លែងនៅក្រោយកិច្ចប្រជុំដោយសម្តីខ្លាំងៗយ៉ាងដូច្នេះថា៖

« ប្រសិនបើចង់បញ្ជាក់ឲ្យច្បាស់លាស់ និងគ្មានការរារែកក្នុងយុទ្ធនាការប្រឆាំងភេរវនិយម ប្រឆាំងអង្គការរដ្ឋអ៊ីស្លាម ប្រឆាំងចលនាអាល់ ណូស្រា ប្រឆាំងអាល់កៃដា……….អស់លោកជឿថា តើបារាំងត្រូវការទទួលយកមេរៀនពីអ្នកណាម្នាក់ឬ? ពីប្រទេសរុស្ស៊ី?។

ខណៈពេលដែលបញ្ហាកំពុងធ្វើឲ្យយើងឈឺចាប់ខ្លាំង និងបែរជាថា យើងគ្មានភាពច្បាស់លាស់នៅក្នុងការតស៊ូដែលយើងកំពុងធ្វើ?។ អស់លោកហៅទង្វើទាំងនេះថា ជាឆាកដែលបានរៀបចំទុកមុន?។ ខ្ញុំមានការភ្ញាក់ផ្អើល និងតក់ស្លុតចំពោះសម្តីរបៀបនេះ។ ខ្ញុំនិយាយតាងនាមឲ្យប្រទេសបារាំង។ ភ្ញាក់ផ្អើលខ្លាំងណាស់ »។

ក្រៅពីសម្តែងកំហឹងតបនឹងសម្តីរបស់រុស្ស៊ី លោកប្រមុខការទូតបារាំងហ្សង់ម៉ាក អេរ៉ូក៏បានចាត់ទុកសិទ្ធិវ៉េតូរបស់រុស្ស៊ីថាជាកាដូសម្រាប់លោកប្រធានាធិបតីស៊ីរីអាសាដ និងក្រុមភេរវជន។ តែយ៉ាងណាក៏ដោយ លោកអេរ៉ូបានប្តេជ្ញាមិនបោះបង់ការតស៊ូទេ និងថា គ្រប់គ្នាត្រូវតែទាញមេរៀនចេញពីភាពបរាជ័យដ៏ធ្ងន់ធ្ងរនេះ៕

ប្រភព៖ rfi