ប្រទេស​ហ្វីលីពីន​សម្លឹង​មើល​ជំនួយ​សន្ធឹកសន្ធាប់​​ទទួល​បាន​ពី​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​ការទូត​របស់​ខ្លួន

ប្រធានាធិបតីហ្វីលីពីនកំពុងធ្វើឲ្យគោលនយោបាយការបរទសរបស់លោកមានតុល្យភាពឡើងវិញ ដោយផ្តាច់ខ្លួនចេញពីសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តចាស់ ហើយងាកទៅរកគូសត្រូវសម័យសង្គ្រាមត្រជាក់ គឺចិននិងរុស្ស៊ី។

តៃប៉ិក — លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte កំពុងធ្វើឲ្យគោលនយោបាយការបរទសរបស់លោកមានតុល្យភាពឡើងវិញ ដោយផ្តាច់ខ្លួនចេញពីសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តចាស់ ហើយងាកទៅរកគូសត្រូវសម័យសង្គ្រាមត្រជាក់ គឺចិននិងរុស្ស៊ី ដែលការផ្លាស់ប្តូរនេះអាចបង្កើតនូវការទទួលបានជំនួយដោយមិននឹកស្មានសម្រាប់ប្រទេសដែលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។

Loading...

លោក Duterte បាននិយាយកាលពីខែមុនថា ប្រទេសលោកនឹងមិនទទួលយកជំនួយផ្នែកយោធាពីអាមេរិក ក្នុងការល្បាតសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ និងការវាយប្រហារទៅលើក្រុមឧទ្ទាមមូស្លីមហិង្សានៅក្នុងប្រជុំកោះនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីនឡើយ។ លោកប្រធានាធិបតីដែលមានអាយុ៧១ឆ្នាំ ត្រូវបានគេស្រង់សម្តីដែលលោកថ្លែងថា ប្រទេសហ្វីលីពីននឹងឆ្លងទៅកាន់«ត្រើយម្ខាងទៀតនៃរបាំងមនោគមវិជ្ជា» ហើយនិងធ្វើការក្នុងនាមជាសម្ព័ន្ធមិត្តជាមួយចិន និងរុស្ស៊ី»។

ប្រទេសចិនបាននិយាយថា ខ្លួនចង់ជួបពិភាក្សាជាមួយរដ្ឋាភិបាលរបស់លោក Duterte ដែលបានចូលកាន់តំណែងកាលពីថ្ងៃទី៣០ ខែឧសភា ដើម្បីដោះស្រាយបញ្ហាបូរណភាពដែនសមុទ្រដ៏សែនស្មុគស្មាញ។ លោក Duterte ក៏បានបញ្ជូនបេសកជនការទូតទៅកាន់ក្រុងហុងកុង កាលពីខែសីហា ដើម្បីចាប់ផ្តើមធ្វើការចរចាលើសំណង។ យោងតាមលោក Carl Baker នាយកកម្មវិធីនៃក្រុមអ្នកវិភាគមួយឈ្មោះថា វេទិកា CSIS Pacific បាននិយាយថា ប្រទេសចិនទំនងជានឹងផ្តល់ហិរញ្ញវត្ថុផ្នែកហេដ្ឋារចនាសម្ព័ន្ធសម្រាប់គម្រោងដែលប្រទេសហ្វីលីពីន«ត្រូវការជាចាំបាច់បំផុត»។

ទីក្រុងប៉េកាំងបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ក្រីក្រនានានៅអាស៊ីអាគ្នេយ៍រួចហើយ រាប់ចាប់តាំងពីការសន្យាផ្តល់ប្រាក់៦ពាន់លានដុល្លារ សម្រាប់កសាងផ្លូវរថភ្លើងនៅប្រទេសឡាវ រហូតដល់ការផ្តល់រោងចក្រចម្រាញ់ប្រេងកាតទីមួយដល់ប្រទេសកម្ពុជា ដែលការណ៍នេះធ្វើឲ្យគេសង្ស័យថា ប្រទេសហ្វីលីពីនគឺជាប្រទេសបន្ទាប់ដែលត្រូវទទួលជំនួយបែបនេះ។

លោក Song Seng Wun អ្នកសេដ្ឋសាស្ត្រនៃធនាគារឯកជន CIMB នៅប្រទេសសិង្ហបុរី បាននិយាយថា៖ «បើនិយាយពីសេដ្ឋកិច្ចទាក់ទងនឹងប្រទេសហ្វីលីពីន វានៅតែមានចម្ងល់អំពីការរីកចម្រើនលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ បន្ទាប់ពីបានឆ្លងកាត់ការអភិវឌ្ឍអស់ជាច្រើនឆ្នាំ។ ប្រធានាធិបតីហ្វីលីពីនពិតជាបានឃើញហើយអ្វីដែលថវិការបស់ចិនបានបន្សល់ទុកសម្រាប់សេដ្ឋកិច្ចតំបន់ឥណ្ឌូចិន ជាពិសេសសម្រាប់ប្រទសមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា»។

បើទោះណាជាលោកប្រធានាធិបតីនិងជាអតីតអភិបាលក្រុងធំទីពីររបស់ហ្វីលីពីនរូបនេះ ត្រូវបានគេស្គាល់ដោយសារតែលោកមានមតិប្រតិកម្មរហ័ស បញ្ចេញមតិឥតសំចៃមាត់ ហើយមនុស្សខ្លះត្រូវបានរដ្ឋាភិបាលរបស់លោកព្យាយាមធ្វើឲ្យខឹងសម្បារក៏ដោយ ក៏យ៉ាងហោចណាស់ មានពលរដ្ឋខ្លះកំពុងទទួលយករូបលោកដោយមិនបាច់គិតពិចារណាអ្វីទាំងអស់»។

គុណតម្លៃរបស់ចិន

លោក Valenice Balace អាយុ ២៧ឆ្នាំ សហគ្រិនផ្នែកបច្ចេកវិទ្យាកម្មវិធីកុំព្យូទ័រនៅទីក្រុងម៉ានីល និយាយថា៖ «ចិនពិតជាបានបង្កើតហេដ្ឋារចនាសម្ព័ន្ធល្អៗ ហើយខ្ញុំនៅចាំបានថា ចិនបាននិយាយថាខ្លួននឹងជួយប្រទេសហ្វីលីពីនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ សហរដ្ឋអាមេរិក ក៏បានសន្យាដូច្នេះដែរ បុន្តែ ខ្ញុំមិនដែលឃើញវាលេចរួបរាងឡើងទេ។ បើនិយាយពីទីតាំងវិញ យើងស្ថិតនៅជិតចិននិងរុស្ស៊ីជាង។ វាហាក់ដូចជាគួរឲ្យភ័យខ្លាចសម្រាប់ខ្ញុំនៅពេលយើងងាកចេញពីអាមេរិក ហើយទៅចងសម្ព័ន្ធមិត្តជាមួយចិននិងរុស្ស៊ី។ តាមប្រវត្តិសាស្ត្រ ពួកគេគឺជាប្រភេទមនុស្សអាក្រក់»។

គម្រោងទាំងនោះមានជាប់ពាក់ព័ន្ធនឹងបេសកកម្មរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីដែលដឹកមុខដោយក្រុងប៉េកាំង និងយុទ្ធសាស្ត្រ«ខ្សែក្រវ៉ាត់មួយផ្លូវមួយ» របស់ជនជាតិចិន ចំពោះការអភិវឌ្ឍប្រទេសនៅអាស៊ីផ្សេងទៀត ដែលផ្ទុយទៅវិញគឺជាការផ្តល់នូវកុងត្រាសម្រាប់ក្រុមហ៊ុនចិនប្រឈមមុខនឹងកំណើនសេដ្ឋកិច្ចយឺត នៅក្នុងប្រទេសចិនទៅវិញ។ ការវិនិយោគនៅក្នុងប្រទេសចំនួន៤៩នៃយុទ្ធសាស្ត្រ«ខ្សែក្រវ៉ាត់មួយផ្លូវមួយ» បានកើនឡើងដល់ទៅ១៤,៨ពាន់លានដុល្លារនៅឆ្នាំ២០១៥។

លោក Duterte និយាយថា លោកសម្លឹងមើលឃើញសម្ព័ន្ធមិត្តសម្រាប់ជំនួញ និងកិច្ចសន្យាជួលដីរយៈពេលវែង សម្រាប់ប្រទេសចិន និងរុស្ស៊ី។ នៅមុនពេលលោកចូលកាន់តំណែង លោកប្រធានាធិបតីបានគូសបញ្ជាក់ថា លោកអាចនឹងទាក់ទាញប្រយោជន៍ពីប្រទេសចិនដោយការសាងសង់ប្រព័ន្ធផ្លូវដែកនៅក្នុងប្រទេសហ្វីលីពីន ក្នុងអំឡុងពេលប្រាំមួយឆ្នាំនៃអាណត្តិរបស់លោក។

ប្រទេសហ្វីលីពីនមានការលំបាកក្នុងការពុះពារដើម្បីយកជ័យជម្នះផ្នែកវិនិយោគទុនក្រៅប្រទេស មួយផ្នែកដោយសារតែការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ។ កំពង់ផែសមុទ្រនៅទីក្រុងម៉ានីល បានកកស្ទះ ការខ្វះភ្លើងអគ្គិសនីនៅតំបន់ជនបទនានា ហើយសេវាអ៊ីនធឺណិតវិញគឺមានដោយកន្លែង។ កាលពីឆ្នាំមុន រដ្ឋាភិបាលបានបង្កើនកញ្ចប់ថវិកាសម្រាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនរហូតដល់ទៅ៥ភាគរយនៃកំណើនផលិតផលក្នុងស្រុកសរុប ដើម្បីកសាងគម្រោងដែលនឹងលើកទឹកចិត្តឲ្យមានការហូរចូលនៃរោងចក្រដែលវិនិយោគដោយបរទេស។

គុណតម្លៃរបស់រុស្ស៊ី

ក្រុមអ្នកវិភាគជឿថា ការគាំទ្ររបស់រុស្ស៊ីទៅលើប្រទេសហ្វីលីពីន អាចនាំមកជាមួយនូវជំនួយសម្រាប់កិច្ចការពារប្រទេស ឬក៏អាចជាជំហររឹងមាំ ប្រសិនបើលោក Duterte ចរចាជាមួយសហរដ្ឋអាមេរិក។ គេហទំព័រដែលផ្ទុកទិន្នន័យមួយឈ្មោះថា globalfirepower.com បានដាក់ចំណាត់ថ្នាក់យោធារបស់រុស្ស៊ីថាជាយោធាដែលមានឥទ្ធិពលទីពីររបស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។

លោក Duterte បានថ្លែងនៅឯជំនួបកំពូលនៃមេដឹកនាំអាស៊ីខាងកើត នៅក្នុងប្រទេសឡាវ កាលពីខែមុនថា លោកបានសុំឲ្យនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Mevedev «ជួយសម្រាប់រឿងគ្រប់យ៉ាង ដូចជាការធ្វើជំនួញនិងពាណិជ្ជកម្ម»។

លោក Baker និយាយថា លោកប្រធានាធិបតីហ្វីលីពីនកំពុងស្វែងរកគោលនយោបាយការទូតដែលកាន់តែមានឯករាជ្យភាពជាងមុន ដោយការពង្រីកកិច្ចការទូតទៅកាន់ប្រទេសចិន និងរុស្ស៊ី។

ការព្រួយបារម្ភរបស់អាមេរិក

លោក Duterte ក៏បាននិយាយដែរថា ប្រទេសហ្វីលីពីននឹងឈប់ធ្វើការជាមួយទាហានជើងទឹកអាមេរិក ក្នុងការល្បាតនៅសមុទ្រចិនខាងត្បូងដែលមានជម្លោះ បន្ទាប់ពីបានចូលរួមក្នុងសមយុទ្ធជាមួយគ្នាអស់រយៈពេលពីរឆ្នាំ។ កាលពីខែមុន លោកក៏បានសុំឲ្យទីប្រឹក្សាយោធាអាមេរិកចាកចេញពីកោះ Mindanao ដែលជាកោះនៅភាគខាងត្បូងរបស់ហ្វីលីពីន និងជាទីដែលកងកម្លាំងហ្វីលីពីនបានបង្កើនការវាយប្រហារលើក្រុមបះបោរមូស្លីមចាប់តាំងពីខែកក្កដាមក។

ទីប្រឹក្សាយោធារបស់អាមេរិក បានបោះមូលដ្ឋាននៅកោះ Mindanao អស់រយៈពេល១៤ឆ្នាំមកហើយ ប៉ុន្តែប្រជាជនហ្វីលីពីនមួយចំនួនមានការភ័យខ្លាចថា វត្តមានរបស់យោធាអាមេរិកបានត្រឹមតែធ្វើឲ្យក្រុមបះបោរមូស្លីមកាន់តែមានកំហឹង និងធ្វើឲ្យយុទ្ធនាការរបស់រដ្ឋាភិបាលមានភាពស្មុគស្មាញ។ សហរដ្ឋអាមេរិកក៏បានធ្វើឲ្យលោក Duterte ធុញទ្រាន់ដោយសារការលើកសំណួរអំពីការសម្លាប់ក្រៅប្រព័ន្ធតុលាការ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំនួញគ្រឿងញៀន។

ក្រុមមន្ត្រីនៅរដ្ឋធានីវ៉ាស៊ីនតោនបាននិយាយថា ទំនាក់ទំនងជាមួយប្រទេសហ្វីលីពីនមិនទាន់បានប្រែប្រួលជាធរមាននៅឡើយទេ ប៉ុន្តែ ក្រុមសមាជិកសភាជាន់ខ្ពស់ និងក្រុមអ្នកការទូតអាមេរិក បានលើកទង់ក្រហមបង្ហាញពីបញ្ហាមួយចំនួនកាលពីសប្តាហ៍មុន អំពីអ្វីនឹងកើតមានបន្តទៀត។

លោក Jay Batongbacal នាយកវិទ្យាស្ថានកិច្ចការសមុទ្រ និងច្បាប់សមុទ្រ នៅសកលវិទ្យាល័យ University of the Philippines និយាយថា ប្រជាជនហ្វីលីពីន ក្នុងចំនួនដ៏ច្រើននៅតែគាំទ្រជំនួយយោធារបស់អាមេរិក ជាពិសេសចំពោះការល្បាតនៅសមុទ្រចិនខាងត្បូង។

ប្រធានាធិបតីដែលកាន់តំណែងមុនលោក Duterte គឺលោក Benigno Aquino បានប្តឹងប្រឆាំងនឹងប្រទេសចិនទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិ ដែលបានចេញសេចក្តីសម្រេចកាលពីខែកក្កដាថា ទីក្រុងប៉េកាំងមិនមានសិទ្ធិផ្លូវច្បាប់ក្នុងការទាមទារសមុទ្រចិនខាងត្បូងរហូតដល់ទៅ៩៥ភាគរយ បូករួមទាំងផ្ទៃទឹកដែលនៅមិនឆ្ងាយពីភាគខាងលិចនៃប្រទេសហ្វីលីពីនផងដែរ។

លោក Batongbacal និយាយថា៖ «កងកម្លាំងសហរដ្ឋអាមេរិក ដើរតួនាទីយ៉ាងសំខាន់នាពេលបច្ចុប្បន្ននេះ ជាពិសេស ចាប់តាំងពីគម្រោងធ្វើទំនើបកម្មលើកងកម្លាំងប្រដាប់អាវុធត្រូវបានចាប់ផ្ដើម។ នៅពេលនិយាយដល់ប្រតិបត្តិការសន្តិសុខនៅក្រៅប្រទេស ខ្ញុំគិតថា ប្រជាជនហ្វីលីពីនភាគច្រើន ចង់បានអាមេរិកធ្វើជាដៃគូដែលស្មើភាពគ្នា»៕

ប្រភព៖ VOA