ខៀវ សាន​សា​ណា រៀប​ការ​ហើយ​ជាមួយ​អ្នកជំនួញ​អូស្ត្រាលី

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ខៀវ សាន​សា​ណា បាន​ចូល​រោងការ​ជាមួយ​លោក​សេ​រ៉ា​ស់ សាត់​ធី​ន ជា​អ្នកជំនួញ​អចលនទ្រព្យ កាលពី​ថ្ងៃ​ទី​៨ តុលា ឆ្នាំ​២០១៦​នៅ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​ល់​រាជធានី​ភ្នំពេញ ។  ពិធី​រៀប​មង្គលការ​នោះ​មាន​វត្តមាន​ភ្ញៀវ​កិត្តិយស​ច្រើន​រូប​ក្នុង​នោះ​មាន​អ្នក​នាង​ស្រី​តូច ចំណាន ផង​ដែរ ។

បុរស​ជា​ស្វាមី​បាន​បំពាក់​ចិញ្ចៀន​តម្លៃ​មួយ​ម៉ឺន​ដុល្លារ ខណៈ​ឈុត​រ៉ូ​ប​កូនក្រមុំ​ជា​ឈុត​សម្រាប់​ពិធី​កាត់​នំ សម្រិតសម្រាំង​មាន​តម្លៃ​យ៉ាង​ពិសេស​នាំ​ពី​ទីក្រុង​ហុងកុង ។ កម្មវិធី​នោះ​មានការ​ចាប់​រង្វាន់​ជូន​ភ្ញៀវ​កិត្តិយស​ញ៉ាំង​កម្មវិធី​ឲ្យ​រឹតតែ​រីករាយ​ខ្លាំង​ឡើង ។

អ្នក​នាង​ខៀវ សាន​សា​ណា​រៀបរាប់​ក្នុង​ទឹកមុខ​ញញឹម​ស្រស់ស្រាយ​ថា «​នាង​ខ្ញុំ​រំភើប​ដែល​បាន​សម្រេច​គោលដៅ​សំពះ​ផ្ទឹម​បាចផ្កា​ស្លា បាន​ពរ​ជ័យ​ពី​ចាស់ទុំ មិត្តភក្តិ ពិសេស​បាន​ពរ​ជ័យ​ពី​ឪពុក​ម្តាយ​ជា​អ្នក​មានគុណ​ដោយ​នាង​ខ្ញុំ​បាន​សងគុណ​តាម​រយៈ​រូបភាព​នេះ គឺ​នាង​ខ្ញុំ​និយាយ​លេង​ចង់​ចេញ​ទេ ។ នាង​ខ្ញុំ​នឹង​ខិតខំ​ថែរក្សា​ចំណង​ស្នេហ៍​នេះ​ឲ្យ​បាន​ល្អ​ពេញ​មួយ​ជីវិត​ស្រប​ពេល​ដែល​គាត់​ផ្តល់​កិត្តិយស​ជូន​នាង​ខ្ញុំ ស្រឡាញ់​នាង​ខ្ញុំ​និង​ក្រុម​គ្រួសារ​នាង​ខ្ញុំ ពិសេស​ចូល​ចិត្ត​កូន​នាង​ខ្ញុំ​ទាំង​ពីរ​នាក់ ផ្តល់​ភាព​កក់ក្តៅ​ដូច​ជា​ឪពុក។

យ៉ាងណាមិញ​ចំពោះ​ការ​ចង់បាន​កូន​ជា​ចំណងដៃ​ជូន​ស្វា​មីនេះ គឺ​នាង​ខ្ញុំ​ពិតជា​ឯកភាព​មិន​មាន​អ្វី​លាក់លៀម​ឡើយ ព្រោះ​នាង​ខ្ញុំ​បាន​គាត់​ជា​ស្វាមី​ហើយដោយ​អត់​ពន្យារពេល​ទេ​មាន​ពេល​ណា​គឺ​ពេល​ហ្នឹង​តែ​ម្តង ។

ចំពោះ​អាជីព​សិល្បៈ​របស់​នាង​ខ្ញុំ គឺ​នៅ​តែ​ធ្វើ​តាម​លំដាប់លំដោយ​មិន​បោះបង់​ចោល​ឡើយ ណាមួយ​ស្វាមី​ក៏​គាត់​ពេញចិត្ត​ស្រឡាញ់​អាជីព​នេះ​ដែរ » ។

មង្គលការ​អ្នក​នាង​ខៀវ សាន​សា​ណា ជាមួយ​ស្វាមី​ជា​ជនជាតិ​អូស្ត្រាលី​លោក​សេ​រ៉ា​ស់ សាត់​ធី​ន ការ​រៀបចំ​មួយ​ចប់​កិច្ច​នេះ​ចំណាយ​ប្រាក់​ជិត​៦​ម៉ឺន​ដុល្លារ ។

បុរស​ជា​ស្វាមី​សម្តែង​ទឹកចិត្ត​សប្បាយ​រីករាយ​ដែល​បាន​រៀប​ការ​ជាមួយ​ភរិយា​រាង​តូច​ច្រឡឹង និង​ឆ្លាត​វៃ ។ «​ខ្ញុំ​មាន​មោទនភាព​ដែល​បាន​គ្រង​ឈុត​សម្លៀក​បំពាក់​បែប​ប្រពៃណី​ខ្មែរ​ដែល​ខ្ញុំ​ស្រឡាញ់​ណាស់ ហើយ​ប៉ង​យូរ​មក​ហើយ គឺ​ពិតជា​ស្រស់​ស្អាត​មើលទៅ​គួរ​ឲ្យ​ចូល​ចិត្ត​ទើប​ខ្ញុំ​សម្រេចចិត្ត​ចូល​រោងការ​តាម​បែប​បុរាណ​ខ្មែរ​បំពេញ​ទឹកចិត្ត​ភរិយា​របស់ខ្ញុំ​ផង​ដែរ​» ៕