លោក ហេង សំ​ហៃ មេ​គយ​ច្រក​កែវផុស​បន្ត​អនុវត្តន៍​ស្តង់ដាប្រមូល​ពន្ធ​គ្មាន​តម្លាភាព និង​តាច់​តាំង​មន្ត្រី​ស្និទ​ឲ្យ​ប្រមូល​លុយ​ពី​ទំនិញគេចពន្ធ ដូច​ជំនាន់​លោក​មេ​គយ នុត លី​ឆូ​យ បេះ​ដាក់​!

ខេត្តព្រះសីហនុ ៖ ចាប់តាំងពី អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជាចាត់តាំងលោក ហេង សំហៃ ជាប្រធានការិយាល័យគយ និងរដ្ឋករច្រកកំពង់ផែកែវផុស ជំនួសលោក នុត លីឆូយ ដើម្បីពង្រឹងប្រសិទ្ធភាពប្រពន្ធឲ្យមានកំណើនប្រសើរជាងមុនលុបបំបាត់អំពើពុករលួយនោះ តែរហូតមកដល់ពេលនេះនៅច្រកកំពង់ផែកែវផុស គេនៅតែសង្កេតឃើញ ទំនិញគេចពន្ធ របស់ឈ្មួញធំៗ នៅតែបន្តហូរចូល យ៉ាងគគ្រឹកគគ្រេងដូចមុនដដែល ដោយគេសង្ស័យថា លោក ហេង សំហៃ ដែលទើបទៅកាន់តំណែងថ្មីៗនេះ កំពុងដើរតាមគន្លងចាស់ របស់លោក នុត លីឆូយ ហើយមានការចាត់តាំងមន្ត្រីថ្នាក់ក្រោមឲ្យប្រមូលលុយគ្មានវិក្កយបត្រ ពីឈ្មួញនាំទំនិញខុសច្បាប់ និងបង់ពន្ធមិនគ្រប់ ប្រមូលចែកគ្នាច្រកហោប៉ៅដោយមិនមានការកោតញញើតថ្នាក់លើទាល់តែសោះ។

ប្រភពសមត្ថកិច្ចពាក់ព័ន្ធដែលឈរជើងនៅច្រកកំពង់ផែកែវផុសបានបង្ហើបឲ្យដឹងថា ទំនិញគេចពន្ធ រួមមានជាស៊ីម៉ង់ត៍ គ្រឿងសំណង់ ដែក ម៉ូតូ ស្ករស និង ចំណីជ្រូក ភេសជ្ជៈ។ល។ ត្រូវឈ្មួញធំៗនាំចូល តាមច្រក កែវផុស ឡើងដុះស្លែទៅហើយ។ ការហូរចូល ទំនិញ ខុសច្បាប់ និងបង់ពន្ធមិនគ្រប់ អាចធ្វើបែបបទបង់ពន្ធជាលក្ខណៈទំនិញចម្រុះ ប៉ុន្តែធាតុពិតសុទ្ធតែជាប្រភេទ ទំនិញនាំចូលបង់ពន្ធក្នុងអត្រាខ្ពស់ ដោយមានការ សម្របសម្រួលពីជំនាញគយ ធ្វើឲ្យរដ្ឋបាត់បង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ ។ សូមរំលឹកថា លោក ហេង សំហៃ បានកាន់តំណែងជា ប្រធានការិយាល័យគយ និងរដ្ឋាករ កែវផុស ជំនួសលោក នុត លីឆួយ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ ហើយកំពុងអនុវត្ត ការប្រមូលពន្ធតាមរបៀបរបបស្តង់ដារបស់លោក នុត លីឆួយ ដែលបង្កប់ដោយអំពើកិបកេងប្រាក់ពន្ធរដ្ឋ។

ប្រភពបានលួចខ្សឹបថា ឈ្មួញដែលរកស៊ីនាំទំនិញគេចពន្ធដុះស្លែនៅច្រកមួយនេះ គឺមុខដដែលៗ គឺឈ្មួញ ឧកញ៉ា ផាត់ ប៊ុន ហ៊ាម៉េង ចែស៊ី ចែរ៉ា បានរកស៊ីនាំចូល នូវប្រភេទ គ្រឿងសំណង់ ស្រាបៀរ ដែលបង់ពន្ធនាំចូលខ្ពស់ ទាំងកប៉ាល់ៗ ហើយដឹកជញ្ជូន តាមរថយន្ត ប្រភេទយីឌុប កុងតឺន័រមកក្រុងភ្នំពេញ ប៉ុន្តែការបង់ពន្ធ ពិតប្រាកដនោះ យ៉ាងច្រើនបំផុតត្រឹម ៤០ភាគរយប៉ុណ្ណោះ ដោយមាន ការក្លែងភេទដាក់ជាទំនិញចម្រុះ ទម្លាក់អត្រាពន្ធព្រោះតែជំនាញគយ និងឈ្មួញកាក់លុយទុក ចែកគ្នាក្រៅប្រព័ន្ធពន្ធ។ គេសង្ឃឹមថាថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋា ករកម្ពុជា អាចបញ្ជូនមន្ត្រីចុះតាមដានស៊ើបអង្កេតការដឹកនាំរបស់មេគយថ្មីលោក ហេង សំហៃ ជាបន្ទាន់ ព្រោះទម្រង់ចាត់ចែងការងារ និងស្តង់ដាប្រមូលពន្ធនៅអនុវត្តតាមរូបមន្តលោកមេគយចាស់ នុត លីឆួយ នៅឡើយ៕

ka-12-09-2016-01