អាល្លឺម៉ង់ សម្លឹងរកការបន្តជ័យជម្នះពេលប៉ះអៀរឡង់ខាងជើង ថ្ងៃស្អែកនេះ

លោក Joachim Loew គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ចង់បានការបង្ហាញពីទម្រង់លេងដ៏ខ្លាំងម្តងទៀតសម្រាប់ការប្រកួតជម្រុះ World Cup ជាមួយនឹងក្រុមជម្រើសជាតិអៀរឡង់ខាងជើង នៅរាត្រីថ្ងៃអង្គារស្អែកនេះ ក្រោយពីក្រុមរបស់លោកបានលុតក្រុមជម្រើសជាតិសាធារណរដ្ឋឆែក យ៉ាងចាស់ដៃ។

Germany seek to win again

ខ្សែប្រយុទ្ធ Thomas Mueller បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ហើយខ្សែបម្រើ Toni Kroos ក៏បានរកគ្រាប់បាល់បញ្ចូលទីផងដែរ ខណៈដែលក្រុមជម្រើសជាតិអាល្លឺម៉ង់ បានយកឈ្នះលើក្រុមជម្រើសជាតិឆែក ក្នុងលទ្ធផល ៣-០ កាលពីរាត្រីថ្ងៃសៅរ៍។ វាបានក្លាយជាការបង្ហាញពីទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍មួយពីសំណាក់ក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ ក្នុងទីក្រុង Hamburg ហើយពួកគេគួរតែអាចរកគ្រាប់បាល់បញ្ចូលទីច្រើនជាងនេះ ប៉ុន្តែ Julian Draxler, Mario Goetze និង Mueller សុទ្ធសឹងបានខ្ជះខ្ជាយឱកាសល្អៗជាច្រើន។

ខ្សែការពារ Jerome Boateng និង Jonas Hector សុទ្ធសឹងបានជួបបញ្ហារបួស ប៉ុន្តែ លោក Loew សង្ឃឹមថា កីឡាករទាំងពីរនឹងរឹងមាំទាន់ពេលវេលាដើម្បីជួបជាមួយនឹងក្រុមជម្រើសជាតិអៀរឡង់ខាងជើង។ លោក Loew ដែលគិតថា មិនមានកីឡាករណាម្នាក់រងរបួសធ្ងន់នោះ បានឲ្យដឹងថា៖ «Jerome បានជួបបញ្ហាបន្តិចបន្តួច ហើយ Jonas បានរងរបួសសាច់ដុំតិចតួច»។

បច្ចុប្បន្ន គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ រូបនេះ ចង់បាននូវការបង្ហាញពីទម្រង់លេងដ៏ខ្លាំងម្តងទៀតនៅពេលជួបក្រុមអៀរឡង់ខាងជើង ក្នុងទីក្រុង Hanover ដើម្បីរក្សាកំណត់ត្រាយ៉ាងល្អឥតខ្ចោះរបស់ពួកគេ និងដើម្បីរក្សាការឈរលេខ១ក្នុងពូល C។ លោក Loew បានបន្ថែមទៀតថា៖ «យើងចាំបាច់ត្រូវតែបង្ហាញពីការប្តេជ្ញាចិត្តដូចគ្នា និងការស្រេកឃ្លានដូចគ្នាក្នុងការប្រកួតរបស់យើង»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕

ការជួបគ្នា៣លើកចុងក្រោយរវាងក្រុមទាំងពីរ

21.06.16 Northern Ireland 0-1 German

05.06.05 Northern Ireland 1-4 Germany

08.09.99 Germany 4-0 Northern Ireland

ប្រភពព័ត៌មាន៖ worldsoccertalk

The post អាល្លឺម៉ង់ សម្លឹងរកការបន្តជ័យជម្នះពេលប៉ះអៀរឡង់ខាងជើង ថ្ងៃស្អែកនេះ appeared first on CamboSport.