អាជ្ញាធរ​រាជធានី ត្រៀមកម្លាំង​សិស្ស ប្រជាពលរដ្ឋ ៥.៥០០ នាក់ ទទួល​ប្រធានាធិបតី​ចិន មក​ទស្សនកិច្ច​កម្ពុជា

អាជ្ញាធរ​រាជធានី ត្រៀមកម្លាំង​សិស្ស ប្រជាពលរដ្ឋ ៥.៥០០ នាក់ ទទួល​ប្រធានាធិបតី​ចិន មក​ទស្សនកិច្ច​កម្ពុជា



ភ្នំពេញ​: អាជ្ញាធរ​រាជធានី​ភ្នំពេញ  ត្រៀមកម្លាំង​សិស្ស ប្រជាពលរដ្ឋ ៥.៥០០ នាក់ ដើម្បី​ទទួល​ស្វាគមន៍ លោក ស៊ី ជិន​ពីង (XI Jinping) ប្រធានាធិបតី នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន និង​មក​ទស្សនកិច្ច​ផ្លូវ​រដ្ឋ នៅ​កម្ពុជា ថ្ងៃ​ទី ១៣-១៤ តុលា ឆ្នាំ​២០១៦​។ នេះ​បើ​តាម​ការ​បញ្ជាក់ ឲ្យ​ដឹង​ពី​លោក ឃួ​ង ស្រេង អភិបាលរង រាជធានី​ភ្នំពេញ ក្នុង កិច្ចប្រជុំ ជាមួយ​អាជ្ញាធរ​ខណ្ឌ ទាំង​១២ មន្ទីរ ២៤ និង​ស្ថាប័ន​ពាក់ព័ន្ធ នៅ​សាលា​រាជធានី​ភ្នំពេញ ។ 

លោក ឃួ​ង ស្រេង  បាន​បញ្ជាក់​ថា​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ត្រៀមកម្លាំង ៥.៥០០​នាក់ មាន​សិស្ស ប្រជាពលរដ្ឋ និង​កងកម្លាំង​ការពារ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ ដើម្បី​ទទួល​ស្វាគមន៍ ប្រធានាធិបតី ស៊ី ជិន​ពីង (XI Jinping)  ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ និង​១៤ ខែតុលា ឆ្នាំ​២០១៦ នេះ​រួចរាល់​ហើយ​ដែរ ។

លោក ឃួ​ង ស្រេង បាន​បន្ត​ថា ៖  ចំពោះ​ដំណើរ​ទស្សន​កិ​ច្ខ របស់​ប្រធានាធិបតី​ចិន លោក​ស៊ី ជិន​ពីង (XI Jinping) មក​កម្ពុជា​លើក​នេះ រដ្ឋាភិបាល​កម្ពុជា និង​យកចិត្ដទុកដាក់​ខ្ពស់  ព្រោះ​ប្រទេស​ចិន ជា​ប្រទេស​មហាមិត្ដ​ទី​មួយ ជាមួយ​កម្ពុជា  ផ្នែក​សេដ្ឋកិច្ច  ឧស្សាហកម្ម  កសិកម្ម  ពាណិជ្ជកម្ម  ទេសចរណ៍ និង​វប្បធម៌  ដូច្នេះ​ការ​ទទួល​បដិសណ្ឋារកិច្ច និង​ការ​ការពារ សន្ដិសុខ សុវត្ថិភាព ក៏​ត្រូវ​យកចិត្ដទុកដាក់​ខ្ពស់​ផង​ដែរ ។

តាម​ការ​គ្រោងទុក បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ កិច្ចព្រមព្រៀង និង​ពិធីសារ មិន​តិច​ជាង ២៨ នឹង​ត្រូវ​ចុះហត្ថលេខា នេះ​គឺជា​កិច្ចព្រមព្រៀង ដែល​ច្រើន​បំផុត បន្ទាប់​ពី​ទស្សនកិច្ច​របស់ រដ្ឋាភិបាល​កម្ពុជា ទៅ​កាន់​ប្រទេស​ចិន នៅ​ឆ្នាំ​២០០៤ ដែល​ពេល​នោះ ក៏​មាន​ពិធី​ចុះហត្ថលេខា ជា​ច្រើន ប៉ុន្តែ​លើក​នេះ គ្រាន់តែ​ឯកសារ ដែល​ត្រូវ ចុះហត្ថលេខា ជាមួយ​ចិន គឺ​មាន​ចំនួន​ច្រើន បញ្ហា​សំខាន់ គឺ​ខិតខំ​បើក​ទីផ្សារ​ប្រទេស​ចិន ដែល​ជាទី​ផ្សារ​ដ៏​ធំ​មួយ សម្រាប់​វិស័យ​កសិផល របស់​កម្ពុជា​។  ក្នុង​នោះ​ក្រៅពី អង្ករ ដំឡូង​មី និង​កសិផល​មួយ​ចំនួន ដែល​យើង​នាំ​ចូល​រួច​ហើយ យើង​កំពុង​បើក​ការ​នាំ​ចូល កសិផល​មួយ​ចំនួន​ទៀត រាប់​ទាំង​ផ្លែ​ចេក ជាដើម ការ​វិនិយោគ​ការ​ផ្ដល់​ជំនួយ​នានា នឹង​ត្រូវ​បាន​ធ្វើ ក្នុង​ទំនាក់ទំនង រវាង​កម្ពុជា​-​ចិន​។

ចំពោះ​កា​រត​ភ្ជាប់​រវាង កម្ពុជា​-​ចិន រដ្ឋាភិបាល​កម្ពុជា នឹង​ខិតខំ​រក​ទេសចរណ៍​ចិន ឱ្យ​បាន​ក្នុង​អត្រា ០,០០១ ភាគរយ ឥឡូវ យើង​អាច​ឈាន​ទៅ​រក បាន ព្រោះ​ឆ្នាំ​កន្លង​ទៅ​ទេសចរណ៍ ចិន មាន​ចំនួន ៨០ ម៉ឺន​នាក់ រួច​ស្រេច​ទៅ​ហើយ ម្យ៉ាងទៀត ដោយសារ​ការ​បើក​ជើងហោះហើរ​ត្រង់ ពី​ខេត្ត​នានា របស់​ចិន មក​កាន់​កម្ពុជា ទេសចរណ៍​ចិន នឹង​ឡើង​ដល់​កម្រិត​នោះ មិន​ពិបាក​រក​ទេ​។ ឥឡូវ ពិបាក​ជាងគេ គឺ​ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍​ចិន ដែល​ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កំពុង​តែ​ធ្វើការ បណ្ដុះបណ្ដាល ដោយសារ ទេសចរណ៍​ចិន មាន​ចំនួន​ច្រើន ដូច្នេះ​ត្រូវការ​មគ្គុទេសក៍ សម្រាប់​ពន្យល់​ភ្ញៀវ អំពី​ប្រវត្តិ​នេះ ឬ​ប្រវត្តិ​នោះ នេះ​ហើយ​ដែល​ជា​ទំនាក់ទំនង​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ពី​កម្ពុជា​ទៅ​ចិន  និង​ពី​ចិន​មក​កម្ពុជា​វិញ​ដែរ ៕