​រន្ធត់! ម៉ាស៊ីនកាត់ស្បែកជើង​ បួងទាញ​សក់​​កម្មការិ​នី​របក​​ស្បែក​ក្បាល

រាជធានីភ្នំពេញ ​៖ កម្មការិនី​រោងចក្រ​ផលិត​ស្បែកជើងយីហោ «ជូ​ស្តារ» ម្នាក់ ​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ ហើយត្រូវ​បាន​​​ខាងតំណាង​រោងចក្រ បញ្ជូន​ទៅ​កាន់​ម​ន្ទ​រ​ពេទ្យ​ព្រះ​កុសុមៈ ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម ​ក្រោយពី​នាង​ត្រូវ​ម៉ាស៊ីន​កាត់​បាត​​ស្បែកជើងបួងសក់​បណ្ដាល​ឱ្យបកស្បែក​ក្បាល ដូច​គេ​ពន្លះ​នៅ​សល់​តែ​លលា​ដ៍​ទទេ​​ដូច​ត្រឡោក​ដូង និង​មាន​ហូរ​ឈាម​គួរ​ឲ្យ​ញាក់សាច់ និង​សង្វេគ​បំផុត ដែល​គ្រោះថ្នាក់​ចៃដន្យ​នោះ​ ​ខណៈ​ពេល​​ដែល​នាង​ឱន​រើស​បាត​ស្បែកជើង ហើយ​បាន​ខ្ចាយ​សក់​ចូល​ទៅ​ក្នុង​ម៉ា​ស៊ី​កាត់
​នោះ​។

ហេតុ​ការ​ណ៍​នោះ ​​កើតឡើង កាលពី​វេលា​ម៉ោង០​៣​រសៀលថ្ងៃ​ទី០​៧ ​តុលា ​២០១៦ ស្ថិត​នៅ​ក្នុងរោងចក្រ​ផលិត​ស្បែកជើង យីហោ ជូ​ស្តារ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ក្នុងភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ​។
 
​កម្មការិនី​រង​គ្រោះ​ខាងលើ​​ ឈ្មោះអ៊ឹង ជីតា អាយុ២១​ឆ្នាំ មានស្រុក​កំណើតភូមិ​ពាយ​នាយ ឃុំ​ក្រាំង​ស្វាយ ស្រុក​ព្រះស្តេច ខេត្ត ព្រៃ​វែង ​​ស្នាក់​នៅផ្ទះ​ជួល ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ​។

​ទាក់ទិន​និង​ហេតុ​ការ​ណ៍នោះ កម្លាំង​នគរបាល​មូលដ្ឋាន​មិន​បានដឹងភ្លាម​ៗ​នោះ​ទេ​ ព្រោះ​ខាង​រោងចក្រ​បាន​លាក់លៀម មិន​បាន​ផ្ដល់​ព័ត៌មាន​ឲ្យ​ដឹង ដោយ​ក្រោយ​ពេល​នាង​មាន គ្រោះថ្នាក់​បាន​ដឹក​ចេញ​ទៅ​កាន់​មន្ទីរពេទ្យ​ដោយ​ស្ងាត់ មិន​សហការ​ជាមួយ​អាជ្ញាធរ​ និង​សមត្ថកិច្ច​ឡើយ​ ។ ដំណឹង​នេះ​២​ថ្ងៃ​ក្រោយមក​ទើប​ដឹង បន្ទាប់​ពី​បានឮ​កម្មករ​កម្មការិនីបម្រើ​ការងារ​នៅ​ទីនោះ បាន​និយាយ​ត​ៗគ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ ហើយ​កម្លាំង​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ ទើប​ឃើញ​ថា​ មាន​ករណី​នោះ​ពិតមែន​​ ។

ប្រភព​ដដែល​​​បន្តឱ្យដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ នាង​កម្មការិនីរង​គ្រោះ​ខាងលើ​នោះ​បាន​ធ្វើការងារ​ជា​ធម្មតា ​តាម​មុខងារ​របស់​នាង ដែល​បាន​ធ្វើ​ជា​រៀងរាល់ថ្ងៃ ខណៈនោះ​នាង​បាន​ឱន​រើស​បាត​ស្បែក​ជើងនៅ​ខាងក្រោម ដើម្បី​ដាក់​ចូល​ក្នុង​ម៉ាស៊ីន​កាត់​តម្រូវ​តាម​ពុម្ព ហើយដោយ​ការ​ធ្វេសប្រហែស​មួយ​ពេល បាន​ធ្វើ​ឲ្យ​សក់​របស់​នាង ខ្ចាយ​ចូល​ទៅ​ក្នុង​ម៉ាស៊ីន ត្រូវ​ម៉ាស៊ីន​បួង​យក​សក់ របកស្បែក​ដូច​គេ​ពន្លះ នៅ​សល់​តែ​លលា​ដ៏​ក្បាល​ទទេ ហូរ​ឈាម​ស្រោច​ជោគ​ខ្លួនប្រាណ​គួរ​ឲ្យ​តក់ស្លុត​។ ខណៈនោះ​មិត្តភក្ដិ​រួម ការងារ​បាន​នាំ​គ្នារ​ត់ទៅ​បិទ​កុងតាក់​ភ្លើង បញ្ឈប់​ចលនា​ម៉ា​ស៊ី​ដែរ ប៉ុន្តែ​យឺត​ពេល​បន្តិច ព្រោះ​កម្លាំង​ម៉ាស៊ីន បាន​បួង​ទាញ​យក​សក់​របស់​នាង​អស់ទាំង​ស្រុង​ទៅ​ហើយ បន្ទាប់​មក​ខាង​តំណាង​រោងចក្រ បាន​ដឹកនាំ​នាង ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុ​សុៈ ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ​។

នគរបាល​បាន​និយាយ​ថា មានរឿង​ដល់​ថ្នាក់​នេះ មិន​គួរ​តំណាង​រោងចក្រ​ខាងលើ​លាក់បាំង មិន​ឲ្យ​អាជ្ញាធរ និង​នគរបាល​មូលដ្ឋាន​បានដឹង​បែប​នេះ​ទេ ព្រោះ​នេះ​ពាក់ព័ន្ធ​ទៅ​នឹង​អាយុជីវិត ព្រមទាំង​សុវត្ថិភាព​កម្មករ ទោះជា​មិន​ស្លាប់ ក៏​ដោយ​ក៏​ត្រូវ​តែ​ផ្ដល់​ដំណឹង​ដែរ ព្រោះ​សព្វ​ថ្ងៃនេះ​ក្រសួង​មន្ទីរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​រាជរដ្ឋាភិបាល បាន​កំពុង​តែ​គិតគូ​យ៉ាង​ខ្លាំង​អំពី​សុខទុក្ខ របស់​បងប្អូន​កម្មករ​កម្មការិនី​ទាំងអស់​៕