អាជ្ញាធរ​បាន​យក​ផ្ទាំង​ថ្ម​ធំ​ៗ២​ផ្ទាំង​ដែល​បាក់​សង្កត់​ផ្លូវ​ឡើង​ប្រាសាទព្រះវិហារ​ចេញ​វិញ​ហើយ ភ្ញៀវ​ទេសចរណ៍​អាច​ធ្វើ​ដំណើរ​បានជា​ធម្មតា

ខេត្តព្រះវិហារ ៖ ផ្ទាំង​ថ្ម​ធំ​ៗ២​ផ្ទាំង​ដែល​បាក់​សង្កត់​ផ្លូវ​ឡើង​ប្រាសាទព្រះវិហារ​ត្រង់​ចំណុច​៥​មក​រា​កាលពី​ពេល​កន្លង​ទៅ​ត្រូវ​បាន​អាជ្ញាធរ​ខេត្តព្រះវិហារ និង​កងកម្លាំង​វិស្វកម្ម​សម្តេច​តេ​ជោ​សៀមរាប បុក​កំទេច​យក​ចេញ​ហើយ រីឯ​ភ្ញៀវ​ទេសចរណ៍​អាច​ធ្វើ​ដំណើរ​ឡើង​ទៅ​ទស្សនា​ប្រាសាទព្រះវិហារ​បាន​ស្រួល​ជា​ធម្មតា ។

លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តព្រះវិហារ នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៦​នេះ​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ហេតុការណ៍​បាក់​ផ្ទាំង​ថ្ម​តូច​ធំ​ៗ​ស្រុត និង​រាយ​ប៉ាយ​ពេញ​ផ្លូវ​ឡើង​ប្រាសាទព្រះវិហារ ដោយសារ​តែ​ភ្លៀង​ធ្លាក់​ធ្វើ​ឲ្យ​រលុះ​ដី​បាន​បណ្តាល​ឲ្យ​កកស្ទះ​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មួយសន្ទុះ​ធំ មន្ត្រី​ជំនាញ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តព្រះវិហារ​បាន​ប្រមូល​បំណែក​ថ្ម​តូច​ៗ​នៅ​រាយ​ប៉ាយ​ពេញ​ផ្លូវ​ចេញ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ដែល​ទៅ​កម្សាន្ត​ប្រាសាទព្រះវិហារ​បាន​ធ្វើ​ដំណើរ​ជា​បណ្តោះអាសន្ន ។

លោក​ប្រធាន​មន្ទីរ​ក៏​បាន​បញ្ជាក់​ថា មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត ព្រះ​វិហារ​ពុំ​មាន​លទ្ធភាព​យក​ផ្ទាំង​ថ្ម​២​ដុំ​ធំ​ៗ​ដែល​នៅ​ចំ​កណ្តាលផ្លូវ ចេញ​បាន​ទេ តែបើ​មាន​ម៉ាស៊ីន​បុក​ថ្ម​បំបែក​ទើប​អាច​យក​ចេញ​បាន ។

ឆ្លើយ​តប​ដំណោះស្រាយ​ខាងលើ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ តុលា លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​សហការ​ជាមួយ​លោក ខេ​ង សុមេធ មេបញ្ជាការ​កង​វិស្វកម្ម សម្តេច​តេ​ជោ សៀមរាប ដឹកនាំ​យក​គ្រឿងចក្រ​បុក​បំបែក​ថ្ម​ធំ​ៗ២​ផ្ទាំង​នោះ ដើម្បី​ឲ្យ​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ ក៏​ដូច​ជា​អន្តរជាតិ​បាន​ឡើង​ទៅ​កាន់​ប្រាសាទព្រះវិហារ​បាន​ស្រួល​ឡើង​វិញ​ជា​ធម្មតា ។

គួរ​រំឭក​ថា ការ​បាក់​ផ្ទាំង​ថ្ម​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៦​ត្រង់​ចំណុច​៥​មក​រា តែ​មិន​បណ្តាល​ឲ្យ​នរណា​ម្នាក់​រង​របួស ឬ​បាត់បង់​ជីវិត​ឡើយ ៕