ទីបំផុត​សព​ត្រូវ​លើកដាក់​មឈូស​បូជា ​ព្រោះ​មិន​អាច​រស់​វិញ​បាន​ឡើយ

ខេត្តស្វាយរៀង ៖ រឿង​ចម្លែក​ដែល​គ្រប់​គ្នា​ទន្ទឹង​គ្រប់​៧​ថ្ងៃ​ថា បុរស​ដែល​ស្លាប់​ទៅ​នឹង​រស់​ឡើង​វិញ​នោះ វា​ពិត​ណាស់​ថា អ្នក​ដែល​ស្លាប់​ទៅ​ហើយ​នោះ ដែល​បេះដូង​លែង​ដើរទៅ​ហើយនោះ វា​មិន​អាច​រស់​ឡើង​វិញ​ទេ ។ ឬ​ក៏​អាច​និយាយ​បាន​ថា វា​មិន​មាន​ភាព​អច្ឆរិយៈ​ដូច​រឿងព្រេង​និទាន​ឡើយ ទើបសម្រេចលើកសពដាក់​មឈូស​បូជា។

ទោះបីជា​បែប​ណា អ្នក​ដែល​មាន​ជំនឿ​យ៉ាង​ងប់​ង​ល់ មិន​បាន​ទទួលស្គាល់​ថា ការ​ស្លាប់​នេះ មិន​អាច​រស់​ឡើង​វិញ​នោះ​ទេ តែ​បាន​ស្ដីបន្ទោស​ទៅ​លើ​បុរស​៥​នាក់ ដែល​អះអាង​ថា ពួក​ខ្លួន​ជា​គ្រូ​សិ​ល​បាន​មក​អុកឡុក​ទៅ​វិញ ទើប​ព្រលឹង​មិន​ហ៊ាន​ចូល​រូបរាង​កាយ ។

ការ​ស្ដីបន្ទោស​នេះ​បានឱ្យ​ដឹង​ថា ខណៈ​សព​តម្កល់​រង់ចាំ​ព្រលឹង​ចូល​រូប​កាយ នៅ​ភូមិ​ជង្រុក​ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប នៅ​វេលា​ម៉ោង​១២​និង​៣០​រសៀល​ថ្ងៃ​ទី​០៨ តុលា ដោយ​មាន​មនុស្ស​ប្រុស​៥​នាក់​មក​អុកឡុក ហើយ​ប្រាប់​ថា ពួក​គេ​ជា​គ្រូ​សិ​ល​ចេះ​អន្ទង​ព្រលឹង ជា​គ្រូ​សិ​លម​ក​ធ្វើ​ពិធី​ប្រោះ​ទឹកមន្ត​ទៅ​លើ​រាង​កាយ​សព និង​អាសនៈ​របស់​សព ដែល​នឹង​បើកផ្លូវ​ឱ្យ​ព្រលឹង​បាន​ចូល​សណ្ឋិត​ក្នុង​រូប​កាយ​វិញ ។ ប៉ុន្តែ​កន្លះ​ម៉ោង​ក្រោយមក​សភាព​សព​ហើម​ភ្លាម និង​ធុំក្លិន បញ្ជា​ក់ថាស្លាប់​មែនទែន​ហើយ និង​បាន​រៀបចំ​លើកសព​ដាក់​មឈូស​បូជា នៅ​វេលា​ម៉ោង​៩​ថ្ងៃ​ទី​៩ តុលា ។ អ្នកមាន​ជំនឿ​ថា អ្នក​ស្លាប់​នឹង​រស់​ឡើង​វិញ បែរជា​មាន​ម​ន្ទឹ​ល និង​សោកស្ដាយ​ថា ខំ​យាម​សព​បាន​៦​ថ្ងៃ​ហើយ មិន​គួរ​ធ្លោយ​ឲ្យ​គ្រូ​សិ​ល​មក​អុកឡុក​ផ្ចាញ់​ព្រលឹង​សព​សោះ មាន​ន័យ​ថា ការ​ស្លាប់​នេះ​ដោយសារ​តែ​គ្រូ​សិ​ល​ទាំងនោះ​ទៅ​វិញ ។

លោកតា សាញ់ សា​រ៉ុ​ន អាយុ​៧០​ឆ្នាំ ជា​អាចារ្យ​ដែល​នៅ​ថែរក្សា​សព​បាន​ឲ្យ​ដឹង​ថា គាត់​សោកស្តាយ​យ៉ាង​ខ្លាំង មិន​គួរ​ធ្លោយ​ឲ្យ​មនុស្ស​មិន​ស្គាល់​មុខ​មក​អុកឡុក​សព​ទេ ។ ក្រុម​គ្រួសារ​និង​មនុស្ស​ចាស់ទុំ​ឯទៀត មានការ​សោកស្តាយ​ថា ខំ​ថែរក្សា​សព​ស្លាប់​បាន​០៥​ថ្ងៃ ស្រាប់តែ​បែកញើស​នៅ​លើ​ថ្ងាស់ ហើយ​មាន​ផុស​អក្សរ នៅ​លើ​ថ្ងាស់ ធ្វើ​ឲ្យ​អ្នក​ភូមិ​កាន់តែ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​អញ្ជើញ​យាយជី តាជី មក​រៀបចំ​សក្ការៈបូជា ថ្វាយ​និង​បែ​បន់​ដល់​បារមី វត្ថុ​ស័ក្ដិសិទ្ធិ ជួយ​ថែរក្សា និង​ឆាប់​បញ្ជូន​ព្រលឹង​វិញ្ញាណ ឲ្យ​មក​ចូល​រូបរាង​កាយ​វិញ​តាម​បណ្តាំ​ដែល​ថា ព្រះ​អង្គ​ដក​យក​ព្រលឹង​ឲ្យ​ទៅ​រៀន​០៧​ថ្ងៃ​នឹង​ឲ្យ​ព្រលឹង​មក​ចូល​រូប​វិញ បែរជា​ខកចិត្ត​ស្ដូក ។

សូម​រំលឹក​ផង​ដែរ​ថា បុរស​ឈ្មោះ ប្រាក់ ថា​ន បានដឹង​ខ្លួន​មុន​ថា ខ្លួន​នឹង​ស្លាប់​ហើយ​បាន​និយាយ​ប្រាប់​ប្រពន្ធ​ថា ពេល​ដែល​ខ្លួន​ស្លាប់​ទៅ​កុំ​យក​សព​ទៅ​បូជា​ឬ​បញ្ចុះ​ឲ្យ​សោះ បើ​សព​នៅ​ធម្មតា មិន​រឹង មិន​ហើម ឬ​ស្អុយ រង់ចាំ​៧​ថ្ងៃ​ព្រលឹង​នឹង​វិល​មក​ចូល​រូប​កាយ​វិញ​ហើយ ។ លុះ​បាន​បី​ថ្ងៃ​ក្រោយមក ឈ្មោះ​នេះ​ក៏​បាន​ស្លាប់​មែន គឺ​ស្លាប់​នៅ​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​៣ តុលា រហូត​មក​ដល់​ថ្ងៃ​ទី​០៧ តុលា មាន​រយៈពេល​៥​ថ្ងៃ​ហើយ ប្រពន្ធ​មិន​ព្រមយក​សព​ប្តី​ទៅ​បូជា​ឬ​បញ្ចុះ​ឡើយ ព្រោះ​សព​នៅ​ធម្មតា ។

លុះដល់​ថ្ងៃ​ទី​០៨​តុលា ត្រូវជា​គម្រប់​០៦​ថ្ងៃ​ សភាព​សព​នៅ​ធម្មតា​ដដែល ក៏​ប៉ុន្តែ​នៅ​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​រសៀល មាន​មនុស្ស​៥​នាក់​មក​អុកឡុក ។ តា​អាចារ្យ​បន្ត​ទៀត​ថា មនុស្ស​៥​នាក់​នេះ បាន​ចុះ​ពីលើ​រថយន្ត​ពី​កឹ​ប​ស៊េរី​ថ្មី​មួយ​គ្រឿង មិន​ចាំ​លេខ បាន​ដើរ​ចូល​ក្នុងផ្ទះ​តម្កល់់សព ហើយ​ប្រាប់​ថា ពួក​គេ​ជា​គ្រូ​សិ​លម​ក​ជួយ​សង្គ្រោះ អន្ទង​ព្រលឹង​ឲ្យ​ចូល​រូប​កាយ​វិញ ។ ហើយ​បាន​បញ្ជា​ឲ្យ​សាច់ញាតិ​ទៅ​រក​ដើម​អំពៅខ្មៅ​១២​ដើម និង​មើម​ខ្ទឹមស មក​ធ្វើ​ពិធី​អន្ទង​ព្រលឹង ។ ឱកាសល្អ ពួក​គ្រូ​សិ​ល​បាន​យក​ប្រដាប់ប្រដា​ដែល​បាន​ត្រៀម​ទុកជា​ស្រេច មាន​ទឹកមន្ត បាន​ធ្វើ​ពិធី​សូត្រអាគម​ន៍​ប្រោះ​ទឹក​ទៅ​លើ​រូប​កាយ​សព និង​បាចទឹក​ទៅ​លើ​អាសនៈ​របស់​សព ។ រីឯ​លោកតា​អាចារ្យ​និង​ប្រពន្ធ​សព អង្គុយ​ភាំង​និយាយ​មិន​ចេញ ភ្លេច​បណ្តាំ​របស់​ប្តី​ថា ពេល​ស្លាប់​បើ​សព​មិន​រឹង មិន​ស្អុយ កុំ​ឲ្យ​បញ្ចុះ​ឬ​បូជា ៧​ថ្ងៃ​ព្រលឹង​មក​ចូល​រូប​កាយ​វិញ​ហើយ ។ ទម្រាំ​ដឹងខ្លួន​គឺ​ជ្រុលពេល​ទៅ​ហើយ ។ ដោយ​ឮ​គ្រូ​សិ​ល​សួរ​ទៅ​ម្នាក់​ទៀត ដែល​ប្រាប់​ថា​ជា​គ្រូពេទ្យ​ដោយ​សួរ​ថា មនុស្ស​នេះ​ស្លាប់​ហើយ​ឬ​នៅ ? គ្រូពេទ្យ​ឆ្លើយ​ថា បើ​តាម​វិទ្យាសាស្ត្រ​គ្រូពេទ្យ គឺ​ស្លាប់​ហើយ ។ បើ​តាម​អបិយ​ជំនឿ គឺ​មិន​ទាន់​ស្លាប់​ទេ ។ ក្រោយមក​គ្រូ​សិ​ល​នោះ​បាន​ទូរ​សព្ទ័​រាយការណ៍​ទៅ​គ្រូធំ​របស់​គេ​ថា ពួក​គេ​បាន​យក​ទឹកមន្ត និង​បាន​សូត្រ​គាថា​តាម​លោកគ្រូ​ហើយ ក៏​ប៉ុន្តែ​សភាព​សព​នៅ​ធម្មតា គ្មាន​ការ​ប្រែប្រួល​ទេ ។ គ្រូ​សិ​ល​នោះ​បាន​ទទួលបញ្ជា​ឲ្យ​យក​ទឹកមន្ត​ប្រោះ​បន្ត​ចំនួន​បី​ដង​ទៀត​ជោក​ខ្លួន រួច​ដោះ​អាវ​សព ហើយ​យក​ដីស​គូស​ខ្វែងជើងក្អែក​លើ​ដើមទ្រូង​សព ហើយ​ក៏​ប្រញាប់ប្រញាល់​នាំ​គ្នា​ចេញ​ទៅ​ដោយ​ប្រ​លយ​ពាក្យ​ថា យើង​ជា​សមាជិក​គណៈបក្ស​សង្គ្រោះ​ជាតិ មក​ជួយ​ប្រោះព្រំ ។

ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា រូប​គាត់​ដូច​ជា​ភាំង ដូច​ជាប់​សណ្ដំ អង្គុយ​មើល​គេ​ធ្វើ​ពិធី តែ​មិន​អាច​ឃាត់​គេ​បាន ។ ក្រោយ​ពី​ក្រុម​គ្រូ​សិ​ល​នោះ​ទៅ​បាត់​កន្លះ​ម៉ោង ទើប​គាត់​ភ្ញាក់ខ្លួន មើលទៅ​សព​ប្តី ផ្ទៃមុខ​បាស់​រោម​ឡើង​សរសៃ ភ្នែក​ទាញ​មាត់​វៀច ។ ក្រោយមក​នៅ​វេលា​ម៉ោង​១​រសៀល ចាប់​ហើម​មុខ ហើមពោះ​ប៉ោង​ឡើងសាច់​ពណ៌​ខ្មៅ និង​ធុំក្លិន​ស្អុយ​តែ​ម្តង ទើប​គិត​ថា គ្រូ​សិ​ល​នេះ​មក​ផ្ចាញ់​សម្លាប់​ប្តី​របស់​គាត់ ។ ទីបំផុត​លោកគ្រូ​អាចារ្យ​និង​សាច់ញាតិ​បាន​សម្រេច​លើកសព​ដាក់​ក្តារ​មឈូស ធ្វើ​ពី​ធី​ដង្ហែ​យក​ទៅ​បូជា នៅ​ថ្ងៃ​ទី​៩ តុលា វេលា​ម៉ោង​៩​ព្រឹក​តាម​ប្រពៃណី ។

ដោយសារ​តែ​មាន​ជំនឿ​យ៉ាង​មុត​ស្រួច គ្រប់​គ្នា​នៅ​តែ​សោកស្តាយ ព្រោះ​បាន​ថែរក្សា​៦​យប់​៦​ថ្ងៃ​មក​ហើយ សល់​តែ​មួយ​ថ្ងៃ​បែរជា​ធ្លោយ​ចាញ់ល្បិច​គ្រូ​សិ​ល​មិនដឹង​មកពីណា ?

សូម​បញ្ជាក់​ថា ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​នាំ​គ្នា​ទៅ​មើល​សាកសព​និង​រង់ចាំ​មើល ថា​តើ​បុរស​ខាងលើ​អាច​រស់​ឡើង​វិញ​មែនដែរ​ឬទេ? ស្លាប់​បាន​៥​ថ្ងៃ​សព​នៅ​មាន​សភាព​ធម្មតា ដូច​ជា​មនុស្ស​ដេក​លក់​អ​ញ្ចឹ​ង ថែម​ទាំង​មាន​ហេតុភេទ​ចម្លែក​កើតឡើង​ជា​ហូរហែ ។ បើ​តាម​ស្ត្រី​ឈ្មោះ ឡាយ សុធី អាយុ​៥៣​ឆ្នាំ ដែល​ជា​ប្រពន្ធ​របស់​សព​បាន​ឲ្យ​ដឹង​ថា សព​នឹង​រក្សា​ទុក​រហូត​ដល់​ថ្ងៃ​ច័ន្ទ ទី​១០ តុលា សង្ឃឹមថា ព្រលឹង​វិញ្ញាណ​នឹង​វិល​មក​ចូល​រូបរាង​កាយ​វិញ​មិន​ខាន ព្រោះ​មក​ដល់​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៧ តុលា សព​នៅ​មាន​សភាព​ទន់​ធម្មតា ដូច​ជា​មនុស្ស​ដេក​លក់ ពុំ​ទាន់​ប្រែប្រួល​រឹង​ឬ​ហើម​នោះ​ឡើយ ។ រីឯ​ចាស់ទុំ​ខ្លះ​និយាយ​ថា ប្ដី​គាត់​ទំនងជា​មិន​ទាន់​ស្លាប់​ទេ គ្រាន់តែ​ភ្លឹក​ប៉ុណ្ណោះ ព្រោះ​បើ​ស្លាប់​អាច​ហើម​ហើយ ។ ម្យ៉ាង​អ្នក​ដែល​ស្លាប់​ពុំ​មាន​ជំងឺ​អ្វី​ទេ មុន​ពេល​ស្លាប់​គឺ​ចូល​ដេក​ជា​ធម្មតា ហើយ​ស្រាប់តែ​លែង​ដកដង្ហើម​តែ​ម្តង ទើប​ស្ត្រី​ជា​ប្រពន្ធ​គិត​ថា ប្តី​មិន​ទាន់​ស្លាប់​និង​មិន​ព្រមយក​សព​ប្តី​ទៅ​បូជា​ឬ​បញ្ចុះ រង់ចាំ​៧​ថ្ងៃ​តាម​បណ្តាំ​ប្តី​ថា​ព្រលឹង​នឹង​វិល​មក​ចូល​រូបរាង​កាយ​វិញ ។ ក៏​ប៉ុន្តែ​ក្រុម​គ្រួសារ​ក៏​បាន​អញ្ជើញ​លោកតា​អាចារ្យ យាយជី​តាជី មក​សូត្រ​មន្ត​រាល់ថ្ងៃ និង​និមន្ត​ព្រះសង្ឃ​មក​សូត្រ​មន្ត​ធ្វើបុណ្យ​ដែរ និង​ដោត (​ទង់ក្រពើ​)​បង្ហាញ​ថា​មនុស្ស​ស្លាប់ ក៏​ប៉ុន្តែ​មិន​ព្រម​ឲ្យ​យក​សព​ទៅ​បូជា​ឬ​បញ្ចុះ​ឡើយ រង់ចាំ​៧​ថ្ងៃ​សិន និង​តាមដាន​សភាព​សព​តើ​ប្រែប្រួល​រឹង ហើម​ឬ​យ៉ាងណា ។ ទីបំផុត ត្រូវ​ទឹកមន្ត​ជោក​ខ្លួន ចាប់ផ្ដើម​ប្រែប្រួល​ហើម ស្អុយ​ភ្លាម​ៗ​តែ​ម្ដង ៕