ប្តី​-​ប្រពន្ធ​ដើរ​រក​ខ្យង​ពេល​យប់​ត្រូវ​ឃាតករ​សម្លាប់​យ៉ាង​ឃោ​រឃៅ ចាក់​កម្ទេច​កែវភ្នែក​ទាំង​២

ខេត្តព្រៃវែង ៖ ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ចំណុច​វាលស្រែ​ខាងលិច​ភូមិ​ព្រៃ​ផ្តៅ ឃុំ​កញ្ជ្រៀច ស្រុក​កញ្ជ្រៀច និង​មាន​ចម្ងាយ​ប្រមាណ​៨៥០​ម៉ែត្រ​ពី​ផ្ទះ​ជន​រង​គ្រោះ នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី៩ ខែតុលា ឆ្នាំ២០១៦ ។

មុន​ការ​ប្រទះ​ឃើញ​សាកសព​២​នាក់​ប្តី​ប្រពន្ធ​នេះ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​៨ តុលា ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​នាំ​គ្នា​ទៅ​រក​ខ្យង ត្រី តាម​ទម្លាប់​នៅ​វេលា​ម៉ោង​ប្រមាណ​២១ ហើយ​ក៏​បាន​បាត់​មិនឃើញ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ទេ ។ ស្ត្រី​ចំណាស់​ជា​ម្តាយ​ដែល​មានផ្ទះ​នៅ​ទីទៃ​ពី​គ្នា​បាន​ដើរមក​សួរ​ពួក​ចៅ​ៗ​ព្រោះ​បាត់​ឪពុក​ម្តាយ​ពួក​គេ​មិនឃើញ​ត្រឡប់​មក​ផ្ទះ​ដូច​សព្វមួយដង ។ ដោយ​មានការ​សង្ស័យ​ក៏​នាំ​គ្នា​តាម​រក​រហូត​ដល់​ម៉ោង​១០​ព្រឹក​ទើប​ប្រទះ​ឃើញ​សាកសព​ទាំង​២​នាក់ ។

យោង​តាម​របាយការណ៍​ប៉ូលិស​នៃ​អធិការដ្ឋាន​ស្រុក​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ប្រពន្ធ​ឈ្មោះ កាក់ ប៊ុ​ន​ថា​ន អាយុ​៤៨​ឆ្នាំ និង​ប្តី​ឈ្មោះ មាន យ៉​ន អាយុ​៤៣​ឆ្នាំ ។ សព​ស្ត្រី​ជា​ប្រពន្ធ​គេ​ឃើញ​រង​របួស​៣​កន្លែង​គឺ​១-​ស្នាម​របួស​ភ្នែក​ខាងស្តាំ បុក​ចូល​ជ្រៅ​ទៅ​ក្នុង​សាច់ ២-​របួស​ភ្នែក​ខាងឆ្វេង​ជ្រៅ​ទៅ​ក្នុង​សាច់ ៣-​ស្នាម​បែក​ដាច់​បបូរមាត់​ទាំង​ខាងលើ និង​ខាងក្រោម ។ ចំណែក​បុរស​ជា​ប្តី​មាន​របួស​៤​កន្លែង គឺ​១-​ស្នាម​របួស​ត្រង់​ប្រឡង់​ភ្នែក​ឆ្វេង​មុត​ជ្រៅ​ចូល​ក្នុង​សាច់ ២-​ស្នាម​របួស​ដាច់​ត្រង់​ត្រចៀក​ឆ្វេង ៣-​របួស​ក្នុង​ប្រឡង់​ភ្នែក​ខាងស្តាំ​ចូល​ជ្រៅ និង​៤-​របួស​ចំ​ត្រចៀក​ស្តាំ ។

មន្ត្រី​ប៉ូលិស​មិន​ទាន់​ធ្វើការ​សន្និដ្ឋាន​ភ្លាម​ៗ​ជុំវិញ​ការ​សម្លាប់​ប្តី​ប្រពន្ធ​ដ៏​ឃោរឃៅ​នេះ​នៅឡើយ​ទេ គ្រាន់តែ​បាន​កត់​សម្គាល់ថា ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​សម្លាប់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​នៅ​នឹង​វាលស្រែ​របស់​ឈ្មោះ សូ​យ សុ​ន ស្ថិត​នៅ​ខាងលិច​ភូមិ​ព្រៃ​ផ្តៅ ។

តាម​ការ​វាយតម្លៃ​ជំហាន​ដំបូង ការ​សម្លាប់​នេះ​មិនមែន​ជា​ករណី​ប្លន់​ឬ​គំនុំ​អ្វី​នោះ​ទេ ព្រោះ​ប្តី​ប្រពន្ធ​នេះ​មិន​មាន​ទំនាស់​ជាមួយ​អ្នក​ភូមិ​ណា​ម្នាក់​ឡើយ ។ ទោះបីជា​បែប​ណា មានការ​សង្ស័យ​ថា អាច​ជា​ជម្លោះ​ពេល​ដើរ​រក​ខ្យង និង​ត្រី​ពេល​យប់​ដែល​ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ៕