ស្ថានភាព​ព្រះរាជ​សុខភាព​របស់​ព្រះមហាក្សត្រ​ថៃ​មិន​នឹងន៎

ព្រះ​បរមរាជវាំង​ថៃ​រាយការណ៍​កាលពី​ថ្ងៃ​ទី​៩ តុលា​ថា ព្រះមហាក្សត្រ​ថៃ​ភូមី​បុល អា​ឌុ​ល​យ៉ា​ដេ​ត ព្រះ​ជន្ម​៨៨​ព្រះ​វស្សា​ដែល​គង់នៅ​មន្ទីរពេទ្យ​ស្ទើរតែ​អចិន្ត្រៃយ៍​នោះ​នា​ស​ប្តា​ហ៍​នេះ​ពឹងផ្អែក​លើ​ឧបករណ៍​ក្នុង​ការ​ដកដង្ហើម ហើយ​បញ្ជាក់​ថា ស្ថានភាព​ព្រះរាជ​សុខភាព​របស់​ព្រះ​អង្គ​មិន​នឹងន៎​ឡើយ ។

ជា​ព្រះមហាក្សត្រ​គ្រងរាជ្យសម្បត្តិ​យូរ​ជាងគេ​បំផុត​ដល់​៧០​ឆ្នាំ ព្រះមហាក្សត្រ​ភូមី​បុល អា​ឌុ​ល​យ៉ា​ដេ​ត ទទួល​ការ​គោរព​ខ្លាំង​បំផុត​នៅ​ថៃ ក៏​ប៉ុន្តែ​ព្រះរាជ​សុខភាព​របស់​ព្រះ​អង្គ​ញ៉ាំង​ឱ្យ​មានការ​ព្រួយបារម្ភ​ខ្លាំង​បំផុត​ហើយ​ទ្រង់​ពុំ​ឃើញ​បង្ហាញ​ព្រះ​ភ័ក្ត្រ​ជា​សាធារណៈ​ចាប់តាំងពី​ជិត​១​ឆ្នាំ​មក​ហើយ ។

យោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​ព្រះ​បរមរាជវាំង​ថា ព្រះមហាក្សត្រ​កំពុង​ទទួល​ជំនួយ​ឧបករណ៍​ក្នុង​ការ​ដក​ដ​ង្ហើ​ម​ក្រោយ​ពី​សម្ពាធ​ឈាម​ព្រះ​អង្គ​ធ្លាក់​ចុះ​ខ្សោយ​យ៉ាង​ខ្លាំង​។ សេចក្តី​ប្រកាស​បន្ត​ថា ក្រុម​គ្រូពេទ្យ​កំពុង​តាមដាន​រោគ​សញ្ញា​ហើយ​ប្រើ​ថ្នាំ​ព្យាបាល​ព្រះ​អង្គ​ដោយ​ប្រុង​ប្រយ័ត្ន ព្រោះ​រោគ​សញ្ញា​នៃ​ជំងឺ​ព្រះ​អង្គ​ពុំ​នឹងន៎ ។

រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ព្រះ​បរមរាជវាំង​ថៃ​តែង​ចេញផ្សាយ​ជា​ទៀងទាត់​សេចក្តី​ប្រកាស​ពី​ព្រះរាជ​សុខភាព​របស់​ព្រះមហាក្សត្រ​ដែល​ទ្រង់មាន​ជា​ពិសេស​បញ្ហា​តម្រងនោម ។

រយៈពេល​២​ឆ្នាំ​ចុង​ក្រុង​នេះ ព្រះមហាក្សត្រ​ថៃ​ត្រូវ​ព្យាបាល​ការ​ឆ្លង​បាក់តេរី ការ​លំបាក​ក្នុង​ការ​ដកដង្ហើម បញ្ហា​បេះដូង ព្រមទាំង​បញ្ហា​មានទឹក​ក្នុង​ខួរក្បាល ៕