ពលករ​ខ្មែរ​រង​គ្រោះ​២០​នាក់​ទៀត​កំពុង​ជាប់​ឃុំ​នៅ​ឥណ្ឌូនេស៊ី

ពលករ​ខ្មែរ​រង​គ្រោះ​២០​នាក់​ទៀត​កំពុង​ជាប់​ឃុំ​នៅ​ឥណ្ឌូនេស៊ី

ក្រសួងការបរទេសកម្ពុជា បានប្រកាសថា ពលករខ្មែរចំនួន ២០នាក់ទៀត ដែលជាជនរងគ្រោះនៃការជួញដូរមនុស្ស កំពុងជាប់ឃុំនៅទីកន្លែងពីរដាច់ដោយឡែកពីគ្នា នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី០៧ ខែតុលាកន្លងមកនេះថា ពលករខ្មែរ ១៨នាក់ កំពុងជាប់ឃុំនៅការិយាល័យអន្តោប្រវេសន៍ស្ថិតនៅកោះ Riau ដែលមានចម្ងាយ ១៦០០គីឡូម៉ែត្រពីទីក្រុងហ្សាកាតា ខណៈដែលពលករខ្មែរ ២នាក់ទៀត ត្រូវបានសមត្ថកិច្ចឥណ្ឌូនេស៊ី ឃុំខ្លួននៅការិយាល័យអន្តោប្រវេសន៍ប្រចាំកំពង់ផែ Belawan ស្ថិតក្នុងខេត្ត Medan។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ពលករខ្មែរទាំង ២០នាក់នោះ គឺជាជនរងគ្រោះនៃអំពើជួញដូរមនុស្សឆ្លងដែន ហើយស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី បាន និងកំពុងជួយអន្តរាគមន៍ដល់ជនរងគ្រោះទាំងនោះ ដើម្បីបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។

ក្រសួងក៏បានអំពាវនាវជាថ្មីម្ដងទៀតទៅដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឲ្យប្រុងប្រយ័ត្នចំពោះការធ្វើចំណាកស្រុកប្រកបដោយគ្រោះថ្នាក់ តាមរយៈការអូសទាញពីសំណាក់ក្រុមមេខ្យល់ និងតាមរយៈរូបភាពរៀបការជាមួយជនបរទេស។

តួលេខកត់ត្រាដោយក្រសួងការបរទេសកម្ពុជា  បានឲ្យដឹងថា ស្ថានទូត និងស្ថានកុងស៊ុលកម្ពុជានៅឯបរទេស បានជួយសង្គ្រោះ និងបញ្ជូនត្រឡប់មកប្រទេសកំណើតវិញនូវពលរដ្ឋកម្ពុជារងគ្រោះចំនួន ៥៧៨នាក់ នៅក្នុងរយៈពេល ៩ខែក្នុងឆ្នាំ២០១៦នេះ។ តួលេខនោះបង្ហាញថា ពលរដ្ឋខ្មែរភាគច្រើនបំផុត ត្រូវបានជួយសង្គ្រោះ និងបញ្ជូនមកពីប្រទេសជិតខាងកម្ពុជា ក្នុងនោះមានពលរដ្ឋខ្មែរចំនួន ៥៧នាក់ ត្រូវបានជួយសង្គ្រោះពីប្រទេសឥណ្ឌូនេស៊ី៕

ប្រភព ៖ vodhotnews

  • ពលករ​ខ្មែរ​រង​គ្រោះ​២០​នាក់​ទៀត​កំពុង​ជាប់​ឃុំ​នៅ​ឥណ្ឌូនេស៊ី已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:ជីវិតនិងសង្គម
Tags: