អនុប្រធាន​ការិយាល័យ​គយ​ច្រក​ចាំ​យាម ឈ្មោះ ឡាយ សារិទ្ធ កំពុង​ប្រើ​អំណាច​ប្រមូល​លុយ​យ៉ាង​ក្រអឺតក្រទម​

ទង្វើ​មិន​ប្រក្រតី​របស់លោក ឡាយ សារិទ្ធ អនុប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម ខេត្តកោះកុង កំពុង​ត្រូវបាន​ឈ្មួញ​និង​អាជីវករ​មួយចំនួន​លាតត្រដាង​ជា​សាធារណៈ​ដើម្បី​ឲ្យ​ដឹងឮ​ដល់​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ផងដែរ​។ ឈ្មួញ​និង​ក្រុមអាជីវករ​មួយចំនួន​បានលើកឡើង​ថា​លោក ឡាយ សារិទ្ធ ដែល​ទើប​ចូលកាន់​តំណែង​ជា​អនុប្រធាន​ការិយាល័យ​គ​យ និង​រដ្ឋាករ​ច្រក​ចាំ​យាម តាមរយៈ​សែស្រឡាយ​និង​ឥទ្ធិពល​ឪពុក​ខ្លួន កំពុង​ប្រើ​អំណាច​ជំរិត​ទារលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត ហើយ​សូម្បីតែ​កម្មករ​អូស​រទេះ​ជញ្ជូន​ទំនិញ​បន្តិចបន្តួច​ក៏​ពុំមាន​ការលើកលែង​ដែរ​។

សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម បាន​ឲ្យ​ដឹងថា នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​កន្លងទៅ​ថ្មីៗ​នេះ លោក ឡាយ សារិទ្ធ ប្រើ​អំណាច ប្រមូល​លុយ​បាន​រាប់លាន​រៀល​តាមរយៈ​ការគាបសង្កត់​ឲ្យ​ឈ្មួញ​ទាំង​តូច​ទាំង​ធំ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​បង់លុយ​តាម​ការកំណត់​របស់ខ្លួន​។ ឈ្មួញ​ទាំង​តូច​ទាំង​ធំ​ក៏ដូចជា​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​មិន​ហ៊ាន​តវ៉ា​ជាមួយ​លោក ឡាយ សារិទ្ធ ព្រោះ​ជា​ញឹកញាប់​មន្ត្រី​គយ​រូបនេះ តែង​យកឈ្មោះ​ឪពុក​មក​បិទបាំង​ទង្វើ​ដ៏​គឃ្លើន​របស់ខ្លួន​។ ជាងនេះទៅទៀត​ឈ្មួញ​ដែល​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខូចគុណភាព និង​ចំណីអាហារ​ដែលមាន​លាយ​សារ​ធាតុគីមី​សុទ្ធតែ​ត្រូវ​លន់តួ​ជាមួយ​លោក ឡាយ សារិទ្ធ អនុប្រធាន​ការិយាល័យ​គយ ទើប​ធ្វើ​ឲ្យ​របរ​រកស៊ី​របស់​ពួកគេ​ដំណើរការបាន​រលូន​។

ក្រុម​ឈ្មួញ​និង​អាជីវករ​តូចតាច​បាន​ឲ្យ​ដឹងថា នៅពេលដែល​ពួកគាត់​នាំចូល​ទំនិញ​បន្តិចបន្តួច​ដើម្បី​បាន​ប្រាក់ចំណូល​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ បែរជា​ត្រូវ​លោក ឡាយ សារិទ្ធ គាបសង្កត់​យកលុយ​ដោយ​គ្មាន​អាណិតអាសូរ​ឡើយ​។ ផ្ទុយទៅវិញ​លោក ឡាយ សារិទ្ធ បែរជា​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដូចជា ម៉ូតូ​ទំនើបៗ ប្រេងសាំង ទំនិញ​ចាប់ហួយ គ្រឿង​កំប៉ុង គ្រឿងសំណង់ និង​គ្រឿង​អេ​ឡិច​ត្រ​និ​ច​ជាដើម ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ បញ្ហា​នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ត្រូវ​ពិនិត្យ​ទង្វើ​មិន​ប្រក្រតី​របស់លោក ឡាយ សារិទ្ធ អនុប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​ជាបន្ទាន់ ព្រោះ​មន្ត្រី​គយ​រូបនេះ​ប្រើប្រាស់​ឥទ្ធិពល​ឪពុក​របស់ខ្លួន ហើយ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​៕

custom-kun-nhim1-500x333

លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ

wat-0910f