ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពត គ្មាន​ការទទួលខុសត្រូវ​ករ​ណី​ផ្លូវ​ធ្វើ​ហើយ​ឆាប់​ខូច​ទៅវិញ​

លោក លឹម សំបូរ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពត កំពុង​ត្រូវ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​ខ្វះ​ការទទួលខុសត្រូវ​ករ​ណី​ផ្លូវ​ក្នុង​ក្រុង​កំពត ធ្វើ​ហើយ​ឆាប់​ខូច​ទៅវិញ ដែលមាន​ការសង្ស័យ​ពាក់ព័ន្ធ​អំពើពុករលួយ​។ បញ្ហា​នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ទៅលើ​ភាព​អសកម្ម​របស់លោក លឹម សំបូរ ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពត ព្រោះ​អី​បើ​ធ្វើ​ផ្លូវ​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​គឺ​ផ្លូវ​អាចមាន​គុណភាព​ប្រើប្រាស់​បានយូរ​ជាមិនខាន​។ ប៉ុន្តែ​ដោយសារ​មាន​អំពើពុករលួយ ទើប​ផ្លូវ​ក្នុង​ក្រុង​កំពត ធ្វើ​ហើយ​មិនបាន​ប៉ុន្មាន​ផង​ក៏​ខូចខាត​អស់​ទៅវិញ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង​។

ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពត បាន​ចោទ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន លោក លឹម សំបូរ ថា​ធ្វើ​ផ្លូវ​គ្មាន​គុណភាព​ហើយ​នៅពេល​ផ្លូវ​ខូច​បែរជា​មិន​យកចិត្តទុកដាក់​ជួសជុល​ផ្លូវ​ប្រេះ​ស្រុត​ក្រហេងក្រហូង​នោះទេ​។ ពលរដ្ឋ​នៅ​ក្រុង​កំពត បាន​ឲ្យ​ដឹងថា ផ្ល​វ​ជាច្រើន​ខ្សែ​ក្នុង​ក្រុង​នេះ​ដូចជា ផ្លូវ​រង្វង់​មូល​ទៅ​ទឹកឈូ ផ្លូវ​ម្ដុំ​រូបសំណាក់​ចូក​អំបិល និង​កំណាត់​ផ្លូវជាតិ​លេខ​៣​ក្នុង​ក្រុង​កំពត ដែល​ធ្វើ​និង​ជួសជុល​មិនបាន​ប៉ុន្មាន​ផង​ក៏​ខូច​ទៅវិញ​។ មិនតែប៉ុណ្ណោះ​របាំង​ពុះ​ទ្រូងផ្លូវ​ជាច្រើន​កន្លែង​ក្នុង​ក្រុង​កំពត មិន​បានដាក់​ចំណាំងផ្លាត​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​នៅពេល​យប់​នោះទេ ហេតុនេះហើយ​ទើប​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើងជា​ញឹកញាប់​។

ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្តកំពត បាន​អំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ពិនិត្យឡើងវិញ​ជាបន្ទាន់​ចំពោះ​គុណភាព​ផ្លូវ​នៅ​ក្រុង​កំពត ដែល​ធ្វើ​ហើយ​ឆាប់​ខូច​ទៅវិញ​។ មជ្ឈដ្ឋាន​នានា​បាន​រិះគន់ថា ផ្លូវ​ធ្វើ​ហើយ​ឆាប់​ខូច​ទៅវិញ​គឺជា​ការទទួលខុសត្រូវ​ធំជាងគេ​របស់លោក លឹម សំបូរ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពត ដែល​អាច​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ​ក្រុមហ៊ុន​ម៉ៅការ​ធ្វើ​ផ្លូវ​។ អ្វីដែល​ធ្វើ​ឲ្យ​មហាជន​រិះគន់​នោះ គឺ​នៅពេល​អ្នកសារព័ត៌មាន​សួរដេញដោល​រឿង​ផ្លូវ​ធ្វើ​ហើយ​ឆាប់​ខូច បែរជា​លោក លឹម សំបូរ ឆ្លើយថា​គ្មាន​ពេល​បំភ្លឺ​ទៅវិញ​។ ហេតុនេះហើយ​ទើប​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ថា លោក លឹម សំបូរ ខ្វះ​ការទទួលខុសត្រូវ​ចំពោះ​តួនាទី​របស់ខ្លួន ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន មិនគួរ​ទុក​ឲ្យ​លោក លឹម សំបូរ បន្ត​ធ្វើជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពត​តទៅទៀត​ឡើយ​៕

image

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

pic270-copy

លោក លឹម សំបូរ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពត

pic270