ករណី​ឈ្មួញ​នាំចូល​ជ្រូក​ក្រហម​ពី​ស្រុក​សៀម​តាម​ច្រក​ឡែ​ម មានការ​ឃុបឃិត​ជា​ប្រព័ន្ធ

ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ច្រក​ឡែ​ម ស្រុក​កំរៀង ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​រហូតមក​ដល់ពេលនេះ​ឈ្មួញ​មួយចំនួន​នៅតែ​បន្ត​នាំចូល​ជ្រូក​ក្រហម​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​ដោយសារ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ជាមួយ​សមត្ថកិច្ច​ពុករលួយ​។ ក្រុមហ៊ុន​ដែល​នាំចូល​ជ្រូក​ក្រហម​តាម​ច្រក​ឡែ​ម ត្រូវបាន​គេ​ដឹងថា​ជា​ក្រុមហ៊ុន សុខ សារិទ្ធ មានជ័យ របស់​ឧកញ៉ា ជឹម សុខ ហើយ​ជ្រូក​ទាំងនោះ​ត្រូវគេ​យកមក​កាប់សាច់​លក់​ចែកចាយ​តាម​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​។ បញ្ហា​នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរពិនិត្យមើល​ឡើងវិញ​ជាបន្ទាន់ ព្រោះ​មន្ត្រី​កាំកុងត្រូល ក៏ដូចជា​សមត្ថកិច្ច​ដ​ទៃទៀត មិន​ចាត់វិធានការ​ត្រួតពិនិត្យ​ឲ្យ​បានច្បាស់លាស់​មុនពេល​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​ក្រហម​នោះទេ​។

កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៦ ជ្រូក​ត្រចៀក​ក្រហម​២១០​ក្បាល​ដែល​សង្ស័យថា ចិញ្ចឹម​ដោយ​ប្រើ​សារធាតុ​គីមី​ត្រូវបាន​មន្ត្រី​បសុពេទ្យ​រាជធានី​ភ្នំពេញ​ស្ទាក់​ចាប់បាន​នៅ​ចំណុច​មុខ​វត្ត​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។ ជ្រូក​ក្រហម​ទាំងនោះ​ត្រូវគេ​ដឹក​ឆ្លងដែន​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ច្រក​ឡែ​ម ខេត្តបាត់ដំបង ពី​សំណាក់​ក្រុមហ៊ុន សុខ សារិទ្ធ របស់​ឧកញ៉ា ជឹម សុខ​។ ការដែល​ក្រុមហ៊ុន សុខ សារិទ្ធ អាច​ដឹកជញ្ជូន​ជ្រូក​ក្រហម​ពី​ច្រក​ឡែ​ម ចូលដល់​ទឹកដី​រាជធានី​ភ្នំពេញ គឺមាន​ការឃុបឃិត​ជា​ប្រព័ន្ធ​តែម្តង ហើយ​អ្វីដែល​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ គឺ​សាច់ជ្រូក​ក្រហម​ដែល​គេ​ចិញ្ចឹម​ដោយ​ប្រើ​សារធាតុ​គីមី ឬ​ជា​ជ្រូក​ឈឺ អាចធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ពលរដ្ឋ​ខ្មែរ​ដែលជា​អ្នកទិញ​សាច់ជ្រូក​ទាំងនោះ​យកទៅ​ចំអិន​ទទួលទាន​។

កន្លងមក​តាម​ច្រកព្រំដែន​នៃ​បណ្ដា​ស្រុក​មួយចំនួន​ក្នុង​ខេត្តបាត់ដំបង​ដូចជា ស្រុក​កំរៀង ស្រុក​សំពៅ​លូន ស្រុក​ភ្នំព្រឹក​ជាដើម ឈ្មួញ​អាច​នាំចូល​ជ្រូក​ក្រហម មាន់​កសិកម្ម សាច់មាន់ ឆ្អឹង​មាន់ ត្រី និង​ប្រហិត​ខូចគុណភាព​តាម​អំពើ​ចិត្ត​។ មានការ​រិះគន់​ចំៗ​ថា​មន្ត្រី​កាំកុងត្រូល​តាម​បណ្ដា​ច្រក​ទាំងនោះ គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន ហើយ​មិន​គិតពី​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ឡើយ ហេតុនេះហើយ​ទើប​ឈ្មួញ​អាច​នាំចូល​ជ្រូក​ក្រហម​ពី​ច្រក​ឡែ​ម ខេត្តបាត់ដំបង ចូលដល់​ទឹកដី​រាជធានី​ភ្នំពេញ​។ លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រសួងពាណិជ្ជកម្ម គួរពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រី​កាំកុងត្រូល​ក្នុង​ខេត្តបាត់ដំបង​ជាបន្ទាន់ ព្រោះ​មួយរយៈ​ពេល​ចុងក្រោយ​នេះ​ពួកគេ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​ក្រហម សាច់ជ្រូក​ខូចគុណភាព មាន់​កសិកម្ម និង​ចំណីអាហារ​មាន​ផ្ទុក​សារធាតុ​គីមី​ជាច្រើន​ប្រភេទ​ទៀត​ពី​ទឹកដី​សៀម ចូល​ទឹកដី​ខ្មែរ​យ៉ាង​ពេញបន្ទុក​៕

20161008_091539 20161008_091452 20161008_091417