នាំ​បុរសកាត់ក្បាល​លោក​​តា​​ស្រុះ ទទួល​ការ​ព្យាបាល​និង​មើលថែទាំ​នៅមណ្ឌលព្រៃស្ពឺ

ខេត្ត​មណ្ឌល​គី​រី ៖ បុរស​ម្នាក់​ដែល​មាន​សតិ​មិន​ប្រក្រតី និង​បាន​វាយ​បំផ្លាញ​រូបសំណាក​លោកតា​ស្រុះ ដែល​ជា​អ្នកតា​ក្នុង​ជំនឿ​មាន​បារមី​លើ​ភ្នំ​ដោះ​ក្រមុំ កាលពី​ចុង​ស​ប្ដា​ហ៍​មុន ត្រូវ​បាន​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត សម្រេច​បញ្ជូន​ទៅ​មណ្ឌល​ព្រៃ​ស្ពឺ ដែល​ជា​មណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ រួម​ជាមួយ​ប្អូនស្រី​បង្កើត​របស់​គាត់​ម្នាក់​ទៀត ដែល​មាន​បញ្ហា​ដូច​គ្នា​ដែរ ដើម្បី​ទទួល​ការ​ព្យាបាល​និង​មើលថែ​ទាំ​ពី​ក្រុម​មន្ត្រី​ជំនាញ ដើម្បី​មានឱកាស​អាច​សាង​អនាគត​ថ្មី​របស់​ខ្លួន ។

សមត្ថកិច្ច​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​៨ តុលា កម្លាំង​របស់​អធិការដ្ឋាន បាន​ជូន​បុរស​ស្ត្រី​២​នាក់​បងប្អូន ដែល​មាន​បញ្ហា​សរសៃប្រសាទ ទៅ​កាន់​មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធ​​ជន និង​យុវ​និ​តី​សម្បទា រាជធានី​ភ្នំពេញ ។ នៅ​ពេល​បញ្ជូន​ដល់ អ្នក​ទាំង​ពីរ​ត្រូវ​បាន​ លោកសន សុផល អនុប្រធាន​មន្ទីរ​សង្គមកិច្ច​អតីត​យុ​ទ្ឋ​ជន និង​យុវ​និ​តី​សម្បទា រាជធានី​ភ្នំពេញ ជួយ​សម្របសម្រួល​ពួក​គាត់​ឱ្យ​បាន​ចូល​ទៅ​ស្នាក់​នៅ​មណ្ឌល​ព្រៃ​ស្ពឺ រួច​មក​ហើយ ។

ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​សែន​មនោ​រម្យ​បាន​ឲ្យ​ដឹង​ថា បុរស​វិកល​ច​រិ​ក​ខាងលើ​មានឈ្មោះ ផ​ន ឌឿ​ង អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោរម កន្លង​មក​គាត់​គឺជា​គ្រូបង្រៀន​នៅ​ថ្នាក់​ទី​៦ នៃ​សាលា​បឋម​សិក្សា ហ៊ុន សែន មណ្ឌលគិរី ។ ចំពោះ​បញ្ហា​ដែល​ធ្វើ​ឲ្យ​គ្រូបង្រៀន​ម្នាក់​ក្លាយទៅជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​និយាយ​ថា ទើបតែ​កើត​មាន​ប្រមាណ​ជាង​១​ឆ្នាំ​មុន​នេះ រហូត​ដល់​ថ្នាក់​គាត់​ដើរហើរ​គ្រប់​ច្រកល្ហក​មិន​អាច​បង្រៀន​បាន​បន្ត​ទៅ​ទៀត ។ ចំណែក​សិស្សា​នុ​សិស្ស​​មួយ​ចំនួន ដែល​ធ្លាប់​បាន​រៀនសូត្រ​ជាមួយ​លោកគ្រូ ផ​ន ឌឿ​ង បាន​និយាយ​ថា កាលពី​មិន​ទាន់​មាន​ជំងឺ​នេះ លោកគ្រូ​គឺជា​មនុស្ស​ស្លូត​ណាស់ និង​តែង​គោរព​ពេលវេលា​ម៉ោង​បង្រៀន មិន​ដែល​ខកខាន​ឡើយ ។

ប្រភព​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា ប្អូនស្រី​របស់​លោកគ្រូ ឌឿ​ង ដែល​ធ្លាប់តែ​ដើរ​បេះ​បន្លែបង្ការ​លក់ដូរ​ជា​ប្រចាំ កាលពី​កន្លះ​ឆ្នាំ​មុន ក៏​ស្រាប់តែ​ជួប​បញ្ហា​ផ្លូវចិត្ត​នេះ​ដូច​លោកគ្រូ​ដែរ​។ រហូត​ដល់​ថ្នាក់​ដើរ​ដេក​តាម​សួនច្បារ​ក្រុង​សែន​មនោ​រម្យ និង​រើស​ចំណីអាហារ​តាម​ផ្លូវ​បរិភោគ​ទៀត​ផង ។ បញ្ហា​នេះ​មិនដឹង​ថា មានកម្ម​ពៀរ​អ្វី​ចំពោះ​បងប្អូន​កំសត់​ទាំង​២​នេះ​ទេ ហើយ​ក្រុម​គ្រួសារ​របស់​គាត់ ក៏​ស្លាប់​ចោល​គ្មាន​សល់ ។

សូម​រំ​ឮ​កថា កាលពី​ថ្ងៃ​ទី​៧ តុលា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អតីត​គ្រូបង្រៀន​នៅ​មណ្ឌលគិរី​ម្នាក់ ដែល​បាន​វាយ​បំផ្លាញ​រូបសំណាក​លោកតា​ស្រុះ លើ​ភ្នំ​ដោះ​ក្រមុំ ក្នុង​ក្រុង​សែន​មនោ​រម្យ ។កម្លាំង​នគរបាល​កា​រិ​យា​ល័ក​ណ្តា​ល​ព្រហ្មទណ្ឌ​ខេត្ត ដឹកនាំ​ដោយ​លោក សូ សុវណ្ណ ស្នងការ​រង​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ក្រុង​សែន​មនោ​រម្យ បាន​ធ្វើការ​ស្រាវ​រកមុខ​សញ្ញា​វាយ​កម្ទេច​រូប សំណាក​លោកតា​ស្រុះ​ភ្នំ​ដោះ​ក្រមុំ កាលពី​ទៀប​ភ្លឺ​នោះ ហើយ​ចាប់​បាន គឺ​អតីត​គ្រូបង្រៀន តែ​បច្ចុប្បន្ន​ជន​នេះ មាន​ជំងឺ សរសៃ ប្រសាទ ។

នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ករប​ស់លោក សន សុផល ប្រធាន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ដែល​បង្ហោះ​កាលពី​ថ្ងែ​៨ តុលា បាន​សរសេរ​បែប​កំប្លែង​ថា កំពូល​អ្នក​ខ្លាំង​នៅ​ខេត្ត​មណ្ឌល​គី​រី គឺ​គ្រូបង្រៀន​សរសៃប្រសាទ និង​ប្អូនស្រី ត្រូវ​បាន​ប៉ូ​លិស​ខេត្ត​៤​រូប​បាន​ជូន​ដំណើរ ។

លោក​សរស​រថា លោកតា​រូបសំណាក​ស្រុះ​ ក៏​ពួក​គេ​កំទេច​បាន​ដែរ ឥឡូវ​មក​ដល់​ភ្នំពេញ​ហើយ ចូល​មណ្ឌល​ព្រៃ​ស្ពឺ គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោកតា​ផ្លុ​ង (​រូបសំណាក​បារមី​ម្ចាស់​ដី​ក្នុង​មណ្ឌល​ព្រៃ​ស្ពឺ​) ដែល​តាម​លោក​មាន​ជំនឿ​ថា ប្រហែលជា​មិន​អាច​ធ្វើ​អ្វី​លោកតា​ផ្លុ​ង​បាន​ទេ ព្រោះ​បារមី​លោកតា​ដឹង​រឿង​អស់ហើយ ៕