៣​ចំណុច​ ធ្វើ​ឲ្យ​ថ្ងៃ​ច័ន្ទជា​ថ្ងៃ​​​ស្រស់​ស្រាយ​​

ថ្ងៃ​ច័ន្ទ​​ ​ដើម​សប្ដាហ៍ សម្រាប់​​សិស្ស​ និស្សិត​ ​ឬ​​អ្នក​ធ្វើ​ការ​មួយ​ចំនួន យល់​ថា​​ ជា​ថ្ងៃ​​ដែល​គួរ​ឲ្យ​ ​ស្ត្រេស និង​ធុញ​ទ្រាន់​​ ព្រោះ​ត្រូវ​​​​ចូល​រៀន​វិញ​​ ឬ​បំពេញ​កិច្ច​ការងារ​ច្រើន។ ម្យ៉ាង​​ពួក​គេ​មួយ​ចំនួន​​មាន​​​មតិ​ថា​​ ​មិន​ទាន់​អស់​ចំហាយ​​ពី​ថ្ងៃ​សម្រាក​លំហែ​​​ចុង​សប្ដាហ៍។ យ៉ាង​ណា​មិញ​ បើ​តាម​មតិ​របស់​​ សិស្ស​ និស្សិត​និង​អ្នក​ធ្វើ​ការ​មួយ​ចំនួន​​ប្រាប់​ថា ការ​ត្រៀម​ខ្លួន និង​រៀប​ចំ​គម្រោង​ត្រូវ​ធ្វើ​​សម្រាប់​ធ្វើ​នៅ​ថ្ងៃ​ដើម​សប្ដាហ៍ អាច​ធ្វើ​ឲ្យ​​ថ្ងៃ​ច័ន្ទ​​ជា​ថ្ងៃ​​ធ្វើ​ឲ្យ​ពួក​​គេ​មាន​អារម្មណ៍​រីក​រាយ។ ​​

 

 

៣​ចំណុច​ ធ្វើ​ឲ្យ​ថ្ងៃ​ច័ន្ទជា​ថ្ងៃ​​​ស្រស់​ស្រាយ​​
 

១.​​ដឹង​​ពី​អ្វី​​ត្រូវ​ធ្វើ​​នៅ​ថ្ងៃ​ច័ន្ទ​និង​​ការ​ត្រៀម​ខ្លួន​​​​​​​​​៖
” សម្រាប់​ខ្ញុំ​ អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​​​​រីក​រាយ​​​នៅ​ថ្ងៃ​ច័ន្ទ​ គឺ​នៅ​ពេល​ដែល​​ខ្ញុំ​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​មុខ​វិជ្ជា​ដែល​ខ្ញុំ​ត្រូវ​រៀន​។ ដូច​ថ្ងៃ​ច័ន្ទ​ចឹង​​​ខ្ញុំ​ត្រូវ​រៀន​​ម៉ោង Public Speaking ​ពេល​​ហ្នឹង​ខ្ញុំ​ត្រៀម​មើល​​​មេរៀន​​មុន​ឲ្យ​ហើយ​ ហើយ​​​​​ដឹង​ថា​​​គ្រូ​នឹង​​បង្រៀន​ចំណុច​ណា ហើយ​យើង​​​ដឹង​ថា​ថ្ងៃ​ហ្នឹង​ត្រូវ​​​ឡើង​ធ្វើ​អ្វី​ខ្លះ​ ដូច​នេះ​​​​យើង​នឹង​​អត់​មាន​អារម្មណ៍​ស្រែ្តស​​​​​​​ ឬ​ព្រួយ​បារម្ភ​អ្វី​ទេ ” ។ នេះ​ជា​ការ​​លើក​ឡើង​របស់​ កញ្ញា ស្រី​រ័ត្ន​ ជា​និស្សិត​​​ផ្នែក​​ទំនាក់​ទំនង​អន្តរជាតិ​​នៃ​​សាកលវិទ្យាល័យ​កម្ពុជា​។

 

២. គិត​វិជ្ជមាន​ និង​ធ្វើ​​ឲ្យ​ខ្លួន​​ស្រស់​ស្រាយ​៖
ងាក​ទៅ​ស្ដាប់​​​លោក សំនៀង ជា​​មន្ត្រី​រាជ​ការ​​​​​មួយ​រូប​នៃ​ស្ថាប័ន​អប់​រំ​ បាន​លើក​ឡើង​ថា លោក​​​​​​ផ្ទាល់​​មាន​វិធី​​​ធ្វើ​ឲ្យ​​ថ្ងៃ​ច័ន្ទ​​​ដើម​សប្ដាហ៍​ជា​ថ្ងៃ​រីក​រាយ​នៅ​កន្លែង​​ធ្វើ​ការ។ លោក​បាន​ប្រាប់​ថា ​នៅ​ថ្ងៃ​ច័ន្ទ​​លោក​​​ក្រោក​ពី​ព្រឹក​ព្រលឹម​​​​ដើម្បី​ទទួល​​បាន​អារម្មណ៍​ស្រស់​ស្រាយ ហើយ​ជា​ពិសេស​គឺ​ស្លៀក​ពាក់​រៀប​ចំ​ខ្លួន​ឲ្យ​ស្អាត​បាត និង​ជជែក​​សួរ​នាំ​​មិត្តភ័ក្ដិ​រួម​ការងារ​​ពី​រឿង​សប្បាយ​ៗ​​​កាល​ពី​ចុង​សប្តាហ៍​ ដែល​ជា​ភាព​វិជ្ជមាន​​ក្នុង​ការ​​ផ្ដើម​ការងារ​​នៅ​​​​​ថ្ងៃ​ថ្មី​​​​។

 

៣. ធ្វើ​រឿង​ល្អ​ៗ៖
​ធ្វើ​​រឿង​ល្អ​​ៗ​ នឹង​ក្លាយ​ជា​ការ​លើក​កម្លាំង​​ចិត្ត​​សំខាន់​មួយ​នា​ថ្ងៃ​ច័ន្ទ​ នេះ​​ជា​ការ​លើក​ឡើង​របស់​​​ កញ្ញា​ ដា ដានី ជា​គ្រូ​បង្រៀន​​​​ភាសា​អង់គ្លេស​នៅ​សាលា​រៀន​សុវណ្ណ​ភូមិ។ កញ្ញា​ បាន​បន្ថែម​ថា រឿង​ល្អ​ៗ​ទាំង​នោះ​នៅ​កន្លែង​ធ្វើ​ការ​ដូច​ជា​ការ ​ជួយ​​​ទុក​ធុរៈ​មិត្ត​រួម​ការងារ ឬ​​ទិញ​​អ្វី​​ៗ​មក​ចែក​គ្នា​ញ៉ាំ​ ក៏​​អាច​បង្កើត​បរិយាកាស​រីក​រាយ​នៅ​​កន្លែង​ការងារ​ផង​ដែរ។

 

ខាង​លើ​នេះ​ជា​​មតិ​មួយ​ចំនួន​ប៉ុណ្ណោះ ចុះ​ប្រិយ​មិត្ត​មាន​​គំនិត​អ្វី​ចង់​ចែក​រំលែក​ទៀត?

 

អត្ថបទ៖ មាន រតនា