ក្រសួង​ទេសចរណ៍​គ្រោង​ទាក់​ទាញ​ទេសចរ​ចិន​ឲ្យ​បាន​២​លាន​នាក់​ក្នុង​ឆ្នាំ​២០២០

ដោយ​សម្លឹង​ឃើញ​ទេសចរ​ចិន​ជា​គោល​ដៅ​សំខាន់ ក្រសួង​ទេសចរណ៍​គ្រោង​រៀបចំ​យុទ្ធ​សាស្ត្រ​ទាក់​ទាញ​ភ្ញៀវ​មក​ពី​ប្រទេស​ចិន​ឲ្យ​បាន​​ចំនួន ២​លាន​នាក់​ក្នុង​ឆ្នាំ​២០២០។ នោះ​បើ​តាម​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ ថោង​ ខុន។

 

ក្រសួង​ទេសចរណ៍​គ្រោង​ទាក់​ទាញ​ទេសចរ​ចិន​ឲ្យ​បាន​២​លាន​នាក់​ក្នុង​ឆ្នាំ​២០២០

 

​​អង្គការ​ទេសចរណ៍​ពិភពលោក បាន​ប្រកាស​ប្រាប់​សមាជិក​ទាំង​អស់​ឲ្យ​ត្រៀម​ខ្លួន​ស្វាគមន៍​ទេសចរ​ចិន ហើយ​ការ​ត្រៀម​យុទ្ធសាស្ត្រ​ដើម្បី​ស្វាគមន៍​​​នេះ គឺ​ជា​មូល​ដ្ឋាន​ចម្បង​មួយ​ដែល​មិន​មែន​តែ​នៅ​កម្ពុជា​នោះ​ទេ ​​​ប្រទេស​ក្នុង​អាស៊ាន​និង​ពិភពលោក​ផង​ដែរ​ក៏​គេ​បាន​ធ្វើ​ផែនការ China for Ready នេះ​​ដែរ។

 

លោក​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ បាន​បញ្ជាក់​ថា ថ្មីៗ​នេះ​ក្រសួង​បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​សំខាន់ៗ​បូក​​រួម​​ទាំង​​ការ​​បង្កើត​​ភ្នាក់​ងារ​​ឯក​ទេស​​មួយ​​​ដើម្បី​ទាក់ទាញ​ទេសចរ​ចិន​​​​ព្រម​ទាំង​​ផ្ដល់​រង្វាន់​ដល់​ភ្នាក់​ងារ​ទេសចរណ៍ ឬ​ប្រតិបត្តិ​ករ​ណា​ដែល​ទទួល​ភ្ញៀវ​ទេសចរ​ចិន​បាន​ល្អ​បំផុត​ផង​ដែរ។

 

ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​យុទ្ធសាស្ត្រ​របស់​ក្រសួង ក្រុមហ៊ុន​ទេសចរណ៍​ RTR អ្នក​ស្រី ប៊ី ឧដ្ឋាវត្តី ប្រាប់​ថា​នឹង​បង្កើន​ធន​ធាន​មនុស្ស​​ឲ្យ​សេវាកម្ម​ស្វាគមន៍​ភ្ញៀវ​ទេសចរ​កាន់​តែ​ប្រសើរ។ លើស​ពី​នេះ នឹង​មាន​បង្កើត​គម្រោង​សំខាន់​ៗ​ ដូចជា​សេវាកម្ម​ Online Booking ជា​សេវា​ដំបូង​​គេ​​មិន​​ធ្លាប់​​មាន​​ក្នុង​​ប្រទេស​ដើម្បី​​ជា​​ជម្រើស​សម្រាប់​ភ្ញៀវ​កាន់​តែ​ងាយ​ស្រួល។ មួយ​វិញ​ទៀត VIP Card ដែល​ជា​បណ្ណ​សន្សំ​ពិន្ទុ អាច​ឲ្យ​ភ្ញៀវ​សន្សំ​សំចៃ​បាន​កាន់​តែ​ច្រើន​នៅ​ពេល​ធ្វើ​ដំណើរ​កម្សាន្ត។ នាយិកា​គ្រប់​គ្រង​ក្រុមហ៊ុន​ទេសចរណ៍​ខាង​លើ បន្ត​ថា ជន​ជាតិ​ចិន​មក​លេង​កម្ពុជា​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង​ៗ​ និង​ស្នាក់​នៅ​ជា​មធ្យម​មួយ​សប្ដាហ៍ ​ហើយ​តំបន់​គោល​ដៅ​ចម្បង​ក្នុង​ការ​កម្សាន្ត​គឺ​​សៀមរាប កំពត ព្រះសីហនុ តំបន់​ឆ្នេរ។

 

ក្រសួង​ទេសចរណ៍​គ្រោង​ទាក់​ទាញ​ទេសចរ​ចិន​ឲ្យ​បាន​២​លាន​នាក់​ក្នុង​ឆ្នាំ​២០២០

 

តាម​ការ​បញ្ជាក់​ពី​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ទីផ្សារ​ទេសចរ​កម្ពុជា គឺ​៧៧ % ​ មក​​ពី​អាស៊ី​ប៉ាស៊ី​ហ្វិក ៤៦%មក​ពី​អាស៊ី ១៨% មក​ពី​អឺរ៉ុប និង​អាមេរិក​ប្រមាណ​២០​%។ ក្នុង​ឆ្នាំ​២០១៥ មាន​ភ្ញៀវ​ជន​ជាតិ​ចិន​ប្រមាណ​ ៧០ % បាន​ដើរ​កម្សាន្ត​ក្នុ​ង​ទី​ផ្សារ​អាស៊ី។

 

សម្រាប់​ឆ្នាំ​២០១៥ កម្ពុជា​ទទួល​ទេសចរ​ចិន​បាន​ចំនួន​៧០ ម៉ឺន​នាក់ ។ ចំពោះ​ឆ្នាំ​២០១៦​នេះ​ រំពឹង​ថា​​អាច​ទទួល​បាន​ ៩០ ម៉ឺន​នាក់ ដោយ​មិន​រាប់​បញ្ចូល​ភ្ញៀវ​មកពី​ហុង​កុង ម៉ាកាវ និង​តៃ​វ៉ាន់​នោះ​ទេ៕

 

អត្ថបទ៖ លឹម សុ​នា