នៅកាលីហ្វ័រនី នគរបាលពីរនាក់ស្លាប់ និងម្នាក់ទៀតរបួស

ជនសង្ស័យត្រូវបានចាប់ខ្លួន បន្ទាប់ពីបានប្រឈម​យ៉ាងខ្លាំងក្លា និងជាច្រើនម៉ោង ជាមួយ​អាជ្ញាធរ នៅ​ក្នុង​ក្រុង «Palm Springs» នៃ​រដ្ឋ​កាលីហ្វ័នី ភាគខាង​លិច​​សហរដ្ឋ​អាមេរិក។ ក្នុង​ហេតុការណ៍​ដ៏​អកុសល​នេះ នគរបាល​ពីរ​នាក់​​បាន​ស្លាប់ និង​ម្នាក់​ទៀត បាន​រង​របួស។
នៅកាលីហ្វ័រនី នគរបាលពីរនាក់ស្លាប់ និងម្នាក់ទៀតរបួស

កងកម្លាំងអាជ្ញាធរ ប្រដាប់ឲ្យអាវុធគ្រប់ដៃ ត្រូវបានបញ្ជូន ទៅកាន់កន្លែងកើតហេតុ ដើម្បី​គ្រប់គ្រង​ស្ថានការណ៍ ក្នុងក្រុង «Palm Springs»។ (រូបថត Reuters)

ភ្នាក់ងារនគរបាលពីររូប បានស្លាប់ និងម្នាក់ទៀត បានរងរបួសធ្ងន់ធ្ងរ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីកង​កម្លាំង​អាជ្ញាធរ​ទាំងនេះ បានចូល​ទៅ​ធ្វើ​អន្តរាគមន៍ នៅក្នុងហេតុការណ៍ជម្លោះ ជាលក្ខណៈគ្រួសារមួយ  នៅ​ក្នុង​ក្រុង «Palm Springs» នៃរដ្ឋកាលីហ្វ័រនី ភាគខាង​លិច​សហរដ្ឋ​អាមេរិក។ ជនសង្ស័យ ដែលបានបើកការ​បាញ់​ប្រហារ ទៅ​លើ​កង​កម្លាំងនគរបាល ត្រូវបានឃាត់ខ្លួន នៅព្រឹកថ្ងៃអាទិត្យ បន្ទាប់​ពីបាន​​ប្រឈម​មុខ​​ខ្លាំង​ក្លា ជា​មួយ​នឹង​អាជ្ញាធរ អស់ជាច្រើនម៉ោង។

ជនសង្ស័យឈ្មោះ «John Felix» អាយុ២៦ឆ្នាំបានប្រគល់ខ្លួន ឲ្យកងកម្លាំងនគរបាល ហើយត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន។ នគរបាល​តំបន់ បានអះអាងថា យុវជនរូបនោះ មានរបួសស្រាល និងទទួលបានការព្យាបាល ពី​សំណាក់​គ្រូ​ពេទ្យ​រួចហើយ។

នាយនគរបាលតំបន់ លោក «Brian Reyes» បានថ្លែងឲ្យដឹង​នៅក្រោយ​ហេតុការណ៍នោះថា ការបាញ់​ប្រហារ​បាន​កើតឡើង នៅ​ពេល​ដែលភ្នាក់ងារនគរបាលពីររូប ត្រូវបានបញ្ជូន ឲ្យទៅធ្វើអន្តរាគមន៍ នៅនឹង​កន្លែង​កើត​ហេតុ តាមការប្ដឹងផ្ដល់​របស់ស្ដ្រីម្នាក់ ដែល​បាន​ត្អូញត្អែរ​ពី​សម្លេងរំខាន បង្កឡើងដោយ​កូនប្រុស​វ័យ​ជំទង់​របស់​គាត់។ មន្ត្រីទទួលខុសត្រូវដដែល បានបន្តទៀតថា៖ «ជនសង្ស័យ (John Felix) ដែលស្ថិតនៅ​ខាង​ក្រោយ​ទ្វា បាន​បដិសេធ​មិន​បើកទ្វា ឲ្យភ្នាក់ងារនគរបាលទាំងពីរនាក់ ហើយបានគម្រាម បើកការបាញ់​ប្រហារ ពី​ខាង​ក្នុង​មក»។

បន្ទាប់ពីជជែកចុះឡើង ជាមួយយុវជនម្នាក់នេះ អស់រយៈពេល១០នាទីរួច ភ្នាក់ងារនគរបាលទាំងពីរនាក់ បាន​ហៅកង​កម្លាំង​មក​បន្ថែម​ទៀត ដោយបានបញ្ជាក់ថា យុវជននៅតែគម្រាម ចង់បើកការវាយប្រហារ។

នាយនគរបាលបានបញ្ជាក់ថា៖ «យុវជន (John Felix) ទំនងជាមានបញ្ហាផ្លូវចិត្ត ហើយបានជ្រើសរើស ការ​ផ្ទុះ​អាវុធ»។ នៅក្នុង​ហេតុការណ៍​នេះ នគរបាលបីរូបបានរងរបួស និងត្រូវបញ្ជូនជាបន្ទាន់ ទៅកាន់មន្ទីរពេទ្យ។ ប៉ុន្តែ​ពេលទៅដល់មន្ទីរពេទ្យ ភ្នាក់ងារ​នគរបាល​ពីរ​នាក់ បានស្លាប់៖ លោក «Jose Gilbert Vega» ដែល​ធ្វើ​ការងារ​ជា​នគរបាល តាំងពី៣៧ឆ្នាំមកហើយ និងអ្នកស្រី «Lesley Zerebny» វ័យ ២៧ឆ្នាំ ដែលទើបនឹង​ឆ្លង​ទន្លេ​ (សម្រាល​កូន) បាន​ប៉ុន្មាន​ខែ។

នៅកាលីហ្វ័រនី នគរបាលពីរនាក់ស្លាប់ និងម្នាក់ទៀតរបួស

ហេតុការណ៍ខាងលើ ដែលកើតឡើង នៅក្រុង «Palm Springs» ស្ថិតនៅ១៦០គីឡូម៉ែត្រ ខាងកើតក្រុង ឡូស​អេនជឺឡេស (Los Angeles) នេះ បានបន្ថែមតួលេខថ្មីមួយទៀត ទៅក្នុងបញ្ជីដ៏ខ្មៅ នៃហេតុការណ៍​ទាំង​ឡាយ ដែលកងកម្លាំងរបស់អាជ្ញាធរ ត្រូវបាន​បាញ់​សម្លាប់ នៅពេលពួកគេកំពុង បំពេញភារកិច្ចរបស់ខ្លួន នៅ​សហរដ្ឋ​អាមេរិក៕