ជនជាតិ​ខ្មែរ​ម្នាក់ រួម​នឹង​គ្រឿងញៀន​៤​ម៉ឺន​គ្រាប់ ត្រូវ​តម្រួត​ថៃ​ចាប់ខ្លួន​

បន្ទាយមានជ័យ ៖ យុវជនម្នាក់ដែលជាជនជាតិខ្មែរ រស់នៅខេត្តបន្ទាយមានជ័យ ត្រូវបានក្រុមតម្រួតថៃធ្វើការចាប់ខ្លួន នៅក្នុងទឹកដីថៃ ខណៈដែលជនសង្ស័យខាងលើនេះកំពុងធ្វើសកម្មភាពដឹកនាំគ្រឿងញៀនរាប់ម៉ឺនគ្រាប់ ឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅក្នុងទឹកដីថៃដោយខុសច្បាប់ ។
កិច្ចប្រតិបត្តិការក្នុងការបង្ក្រាបគ្រឿងញៀនដ៏ធំនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៤ល្ងាច តាមបណ្តោយខ្សែបន្ទាប់ព្រំដែនក្នុងទឹកដីថៃ ប្រមាណជា ១០គីឡូម៉ែត្រ ពីខ្សែបន្ទាត់ព្រំដែន នៅលើកំណាត់ផ្លូវកែវភិតផ្លយ ស្ថិតក្នុងភូមិ៦ ឃុំខូកឡាន ស្រុកតាផាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ខណៈដែលកំលាំងតម្រួតកំពុងល្បាតតាមដងផ្លូវ ។ ក្នុងកិច្ចប្រតិបត្តិការនេះដែរ គឺកំលាំងតម្រួតបានប្រទះឃើញមុខសញ្ញាសង្ស័យម្នាក់ដែលកំពុងស្ពាយកាបូបខ្មៅ ព្រមទាំងបានធ្វើដំណើរចាកចេញពីខ្សែបន្ទាត់ព្រំដែនឆ្ពោះឡើងទៅលើផ្លូវជាតិ ទើបកំលាំងបានធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្នដើម្បីត្រួតពិនិត្យ ។ ជាលទ្ធផលនៅក្នុងកាបូបស្ពាយនោសមត្ថកិច្ចបានរកឃើញគ្រឿងញៀនប្រភេទយ៉ាម៉ាចំនួន ៤សុង ដែលក្នុង១សុង មានគ្រឿងញៀន៥ដុំ ហើយក្នុង១ដុំ មានថ្នាំញៀនចំនួន១០កញ្ចប់ព៌ណខៀវ និងក្នុង១កញ្ចប់ មានថ្នាំញៀន ចំនួន២០០ គ្រាប់ ។ ដូច្នេះបើសរុបរួមគឺកំលាំងបានធ្វើការដកហូតគ្រឿងញៀនបានចំនួន ៤០ ០០០ គ្រាប់ ទូរស័ព្ទដៃ១គ្រឿង និងម៉ូតូម៉ាកវេវ ១គ្រឿងផងដែរ ។
ដោយឡែកជនសង្ស័យដែលជាមុខសញ្ញាដឹកនាំគ្រឿងញៀនឆ្លងដែនខុសច្បាប់មានឈ្មោះកៅ ហេង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅក្បែចំណុចអូរ៣ជាន់ ក្នុងខេត្តបន្ទាយមានជ័យដោយគេបានសារភាពថា ថ្នាំញៀនទាំងអស់នេះគឺគេបានទទួលពីជនជាតិខ្មែរម្នាក់ដែលគេមិនបានស្គាល់ឈ្មោះ ដោយគេបានកំណត់អោយយកមកប្រគល់អោយជនជាតិថៃដែលគេនៅចាំទទួលក្បែចំណុចខាងលើ ហើយក្នុងការដឹកនាំគ្រឿងញៀនឆ្លងដែននេះគឺទទួលបានប្រាក់កម្រៃ ចំនួន៥០ ០០០ បាត ប៉ុន្តែក៏ត្បានក្រុមតម្រួតថៃឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នសមត្ថកិច្ចថៃបានបញ្ជូនខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាងដ៏ច្រើនសន្ធឹកសន្ធាប់នេះទៅកាន់ស្នងការដ្ឋាន ខេត្តស្រះកែវ ហើយដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕
ជនជាតិ​ខ្មែរ​ម្នាក់ រួម​នឹង​គ្រឿងញៀន​៤​ម៉ឺន​គ្រាប់ ត្រូវ​តម្រួត​ថៃ​ចាប់ខ្លួន​ ជនជាតិ​ខ្មែរ​ម្នាក់ រួម​នឹង​គ្រឿងញៀន​៤​ម៉ឺន​គ្រាប់ ត្រូវ​តម្រួត​ថៃ​ចាប់ខ្លួន​