បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ខេត្តក្រចេះ សមត្ថកិច្ច​បង្ក្រាប​មិនចេះ​អស់​

ប្រជាពលរដ្ឋ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ខេត្តក្រចេះ ទៅ​ស្រុក​យួន នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មិនដែល​ចាត់វិធានការ​បង្ក្រាប​តាម​តួនាទី​របស់ខ្លួន​នោះទេ​។ ជាក់ស្ដែង​ការបង្ក្រាប​បទល្មើស​ជា​បន្តបន្ទាប់​កន្លងទៅនេះ ភាគច្រើន​ធ្វើឡើង​ដោយ​កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ និង​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចំណែក​លោក ទ្រី សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ សម្ងំសុខ​ស្រួល​ដើម្បី​ផលប្រយោជន៍​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរ​ពិនិត្យឡើងវិញ​ចំពោះ​ភាព​អសកម្ម​របស់​មន្ត្រីក្រោមឱវាទ​នៅក្នុង​ខេត្តក្រចេះ​ជាបន្ទាន់ ព្រោះ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា លោក ទ្រី សុភ័ក្ត្រ ជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តក្រចេះ តាម​អំពើ​ចិត្តជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

ថ្មីៗ​នេះ​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ដឹកឈើ​ប្រណីត​តាម​រថយន្ត​គ្មាន​ស្លាក​លេខ​១​គ្រឿង​ផ្ទុក​ឈើ​តូចធំ​ចំនួន​៣០​កំណាត់​ស្មើនឹង​ជាង​១​ម៉ែត្រគូប ជា​ឈើ​ប្រភេទ​ធ្នង់​និង​នាងនួន​។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៦ នៅលើ​ផ្លូវជាតិ​លេខ​៧​ក្នុង​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ហើយ​អ្នកដឹកឈើ​ទាំងពីរ​នាក់​នោះ ទី​១​ឈ្មោះ ថន ប៊ុន​ធា ជា​ព្រូ​រថយន្ត និង​ទី​២​ឈ្មោះ នៅ ធារ៉ា ជា​អ្នកបើកបរ​រថយន្ត​។ ជន​ទាំងពីរ​នាក់​នេះ បាន​ឆ្លើយ​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា ពួកគេ​គ្រាន់តែ​ជា​អ្នកស៊ីឈ្នួល​ដឹកជញ្ជូន​ឈើ​ឲ្យ​ឈ្មោះ ឈី មាន​ទីលំនៅ​ក្នុង​ផ្សា​រកោះ​ខ្ញែ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ​។

តាម​ប្រភពពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹងថា ឈ្មោះ ឈី គឺជា​ឈ្នួ​ញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត​ពី​ខេត្តក្រចេះ ឆ្លងកាត់​ស្រុក​ស្នួល ទៅ​លក់​នៅ​ស្រុក​យួន​ច្រើន​ឆ្នាំ​មកហើយ មិន​ដែលមាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ទេ ទើបតែ​កាលពី​ថ្ងៃ​០៨ ខែតុលា ឆ្នាំ​២០១៦ ត្រូវ​កម្លាំង​អាវុធហត្ថ​បង្ក្រាប​។ ប្រតិបត្តិការ​របស់​ក​ម្លាំ​ង​អាវុធហត្ថ​កំពុង​ធ្វើ​ឲ្យ​លោក ទ្រី សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ក្ដៅក្រហាយ​យ៉ាងខ្លាំង​ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ផលប្រយោជន៍​របស់ខ្លួន​។ ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​និង​មជ្ឈដ្ឋាន​នានា​វាយតម្លៃថា ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ដោយ​កម្លាំង​អាវុធហត្ថ​នៅក្នុង​ខេត្តក្រចេះ ជា​បន្តបន្ទាប់​កន្លងទៅ​នេះ មិនអាច​ធ្វើ​ឲ្យ​បទល្មើស​ថយចុះ​បានទេ ព្រោះ​អី​បទល្មើស​កើតឡើង​រាប់រយ​ករណី​កម្លាំង​អាវុធហត្ថ​បង្ក្រាប​បានតែ​៣​ទៅ​៤​ករណី​ប៉ុណ្ណោះ​៕

picture_000003-768x432 picture_000001-768x432