ទំនិញ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​កើន​ជាង​6% ក្នុង​រយៈពេល​9​ខែ

រាជធានី​ភ្នំពេញ ៖ ទំនិញ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​កើនឡើង​ប្រមាណ​១០%​ជា​រៀង​រាល់​ឆ្នាំ ។ ដោយឡែក ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៦​នេះ បរិមាណ​ទំនិញ​បាន​ឆ្លងកាត់​កំពង់​ផែ​សរុប​មាន​ជាង​២,៩​លាន​តោន ក្នុង​នោះ​ទំនិញ​នាំ​ចូល​ពីរ​បទេស​មាន​ប្រមាណ​២,៤៧​លាន​តោន​កើន​ជាង​៨% និង​ទំនិញ​កម្ពុជា​នាំ​ចេញ​មាន​ប្រមាណ​៧.៥៩០​តោន កើន​ជាង​២% ពោល​ក្នុង​រយៈពេល​៩​ខែ​ឆាំ្ន​នេះ បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​កើនឡើង​៦,៧៣% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៥ ។ នេះ​បើ​យោង​តាម​ប្រធាន​ការិយាល័យ​ស្ថិតិ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ ។

លោក អ៊ុ​ក សុ​មេធី ប្រធាន​ការិយាល័យ​ស្ថិតិ​កំពង់​ផែ​រូប​នេះ​បាន​បន្ត​ថា​៖ «​កំណើន​នៃ​ការ​នាំ​ចេញ​-​នាំ​ចូល​ទំនិញ​ដែល​កំពង់​ផែ​ទទួល​បាន​នេះ នូវ​មិន​ទាន់​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​រំពឹង​ទុក​នោះ​ទេ​។ ទោះបីជា​យ៉ាងណា យើង​នៅ​តែ​រក្សា​បាន​កំណើន​ខ្ពស់​ជាង​ឆ្នាំ​២០១៥»​។ លោក​បន្ដ​ថា ការ​ថមថយ​នៃ​កំណើន​នេះ អាច​បណ្ដាល​មក​ពី​វិបត្តិ​នៃ​តម្រូវការ​ក្នុងស្រុក​មិន​ទាន់​មាន​ច្រើន ឬ​ការ​ដឹក​ជញ្ជូន​មានការ​ប្តូរ​ទិស​ដៅ​មួយ​ចំនួន​ដូច​ជា តាម​ផ្លូវគោក ឬ​តាម​ច្រក​ផ្សេង​ៗ​ជាដើម ។

លោក​បន្ត​ថា មក​ដល់​រយៈពេល​៩​ខែ​ឆ្នាំ នេះ ទំនិញ​របស់​កម្ពុជា​ដែល​បាន​នាំ​ចេញ​លេចធ្លោ​ជាងគេ​នៅ​តែ​ជា​ផលិតផល​សម្លៀក​បំពាក់ អង្ករ រួម​នឹង​សម្ភារ​បន្ទាប់បន្សំ​មួយ​ចំនួន​ទៀត​ដូច​ជា​កម្ទេច​ឈើ​អាកា​ស្យា ជាដើម​។ ចំណែក​ផលិតផល​បរទេស​ដែល​នាំ​ចូល​មក​កម្ពុជា​មាន​វត្ថុធាតុដើម​បម្រើ​នៅ​ក្នុង​វិស័យ​កាត់ដេរ គ្រឿងចក្រ គ្រឿងសង្ហារិម រថយន្ត និង​ធ្យូងថ្ម ជាដើម ។

បើ​តាម​តួលេខ​របស់​ក្រសួងពាណិជ្ជកម្ម ឱ្យ​ដឹង​ថា គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០១៦ ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​ស្បែកជើង​របស់​កម្ពុជា កើនឡើង​ប្រមាណ​៣៩,១​ភាគរយ បើ​គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ​២​ប៊ី​លាន​ដុល្លារ ខណៈ​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៥ គិត​ជា​ទឹកប្រាក់​បាន​ប្រមាណ​១,៥​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។

ចំពោះ​ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​ស្បែកជើង​ទៅ​កាន់​សហរដ្ឋអាមេរិក មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៤១៩​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​ស្បែកជើង​ទៅ​កាន់​បណ្ដា​ប្រទេស​ហ​គម​ន៍​អឺរ៉ុប (EU) មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៧១៧​លាន​ដុល្លារ​អា​មេ​រិ​ក ។

« បើ​ទោះបីជា​មិន​អាច​សម្រេច​បាន​នូវ​កំណើន​តាម​ការ​គ្រោងទុក​ក្ដី តែ​កំពង់​ផែ​ក្រុងព្រះសីហនុ បាន​និង​កំពុង​ពង្រឹង​លទ្ធភាព​ការងារ​ដើម្បី​ឱ្យ​អ្នក​ប្រើប្រាស់​ផែ​មាន​ទំនុកចិត្ត ដោយ​រំពឹង​ថា នៅ​ឆ្នាំ​បន្ទាប់​នឹង​ទទួល​បាន​បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​កើន​ជាង​ឆ្នាំ​២០១៦​នេះ ដោយ​ផ្អែក​លើ​ក្រុមហ៊ុន​មាន​នាវា​ថ្មី​មួយ​ចំនួន​ដែល​បាន​ត្រៀម​ដឹក​ទំនិញ​ចេញចូល​នៅ​កំពង់​ផែ​» ។ នេះ​បើ​តាម​លោក​អ៊ុ​ក សុ​មេធី ប្រធាន​ការិយាល័យ​ស្ថិតិ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ៕