រយៈពេល​37​ឆ្នាំ NBC​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា

រាជធានី​ភ្នំពេញ ៖ គិត​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៦​នេះ មាន​រយៈពេល​៣៧​ឆ្នាំ​ហើយ ដែល​ធនាគារជាតិ​នៃ​កម្ពុជា បាន​បង្កើត​ឡើង​វិញ នៅ​ក្រោយ​របប​កម្ពុជា​ប្រជាធិប្បតេយ្យ ឬ​ស្គាល់​ថា​របប​ខ្មែរក្រហម ហៅ​ថា​របប​ប្រល័យពូជសាសន៍ ។

នៅ​ថ្ងៃ​ទី​១០ តុលា ១៩៧៩ គឺជា​ទិវា​ប្រវត្តិសាស្ត្រ​មួយ ដែល​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​បំផុត សម្រាប់​វិស័យ​ធនាគារ ដោយ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ត្រូវ​បាន​បង្កើត​ឡើង​វិញ​និង​ជា​ធនាគារកណ្ដាល​នៃ​ប្រទេស​កម្ពុជា ដើម្បី​បំពេញ​មុខងារ​និង​ភារកិច្ច​របស់​ខ្លួន ជា​អាជ្ញាធរ​រូបិយ​វត្ថុ​ជាតិ ក្នុង​ការ​រួមចំណែក​កសាង​ស្ដារ និង​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បញ្ជាក់​ថា ការ​បង្កើត​ធនាគារកណ្ដាល និង​ការ​បោះផ្សាយ​រូបិយ​វត្ថុ​ជាតិ​ដាក់​ឱ្យ​ចរាចរ​ឡើង​វិញ គឺជា​ផ្នែក​មួយ​នៃ​ការ​កសាង​អធិបតេយ្យភាព​និង​អំណាច​ខាង​សេដ្ឋកិច្ច​របស់​រដ្ឋ​។ ចាប់តាំងពី​ការ​បង្កើត​ឡើង​វិញ ធនាគារជាតិ​នៃ​កម្ពុជា​បាន​បំពេញ​តួនាទី​របស់​ខ្លួន​យ៉ាង​សំខាន់ ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ឱ្យ​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ និង​មាន​លក្ខណៈ​សមាហរណកម្ម​ជាមួយ​ប្រទេស​ក្នុង​តំបន់​។ នៅ​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច ធនាគារជាតិ​នៃ​កម្ពុជា​ដែល​ជា​អាជ្ញាធរ​រូបិយ​វត្ថុ​ជាតិ បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី​របស់​ខ្លួន ក្នុង​ការ​កំណត់​និង​ដឹកនាំ​គោលនយោបាយ​រូបិយ​វត្ថុ​ដោយ​ប្រុង​ប្រយ័ត្ន ដើម្បី​រក្សា​ស្ថិរភាព​ថ្លៃ ឆ្ពោះទៅ​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​ចីរភាព ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ។ ជាក់ស្ដែង អត្រា​ប្ដូរ​ប្រាក់​និង​តម្លៃ​ប្រាក់​រៀល​ធៀប​នឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​មាន​ស្ថិរ​ភាពល្អ និង​អត្រា​អតិផរណា​ប្រែប្រួល​ក្នុង​កម្រិត​មួយ​អាច​គ្រប់គ្រង​បាន  ហើយ​ទុនបម្រុង​អន្ដរជាតិ​វិញ​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​។ បច្ចុប្បន្ន វិស័យ​ធនាគារ​ក៏​មាន​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ទាំង​ផ្នែក​វិសាលភាព និង​ទំហំ​ប្រតិបត្តិការ​។ ចំពោះ​វិស័យ​មីក្រូហិរញ្ញវត្ថុ​វិញ ក៏​មានការ​រីក​ចម្រើន មាន​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​មាន​ភាពរឹងមាំ​ទាំង​ផ្នែក​រចនាសម្ព័ន្ធ និង​សកម្មភាព​ដល់​ជនបទ ។

ជា​រួម​មក វិស័យ​ទាំងនេះ​ត្រូវ​បាន​រាជរដ្ឋាភិបាល និង​សហគមន៍​អន្ដរជាតិ ចាត់​ទុក​ថា ជា​វិស័យ​គន្លឹះ​បាន​ដើរតួ​នាទី​ស្នូល​ក្នុង​ការ​លើកកម្ពស់​ជីវភាព​របស់​ប្រជាជន​កម្ពុជា កាត់​បន្ថយ​ភាព​ក្រីក្រ និង​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ៕