ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ ដោះ​មិន​ចេញ​: ពលរដ្ឋ​១​គ្រួសារ ឈ្លោះ​នឹង​ពលរដ្ឋ ១​ភូមិ បូក​វត្ត​១

ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ ដោះ​មិន​ចេញ​: ពលរដ្ឋ​១​គ្រួសារ ឈ្លោះ​នឹង​ពលរដ្ឋ ១​ភូមិ បូក​វត្ត​១



បន្ទាយ​មាន​ជ័យ​: ពលរដ្ឋ​តែ​១​គ្រួសារ បាន​ឈ្លោះ ឬ​មាន​ទំនាស់​ដីធ្លី​រុំ​ា​រ៉ៃ នឹង​ពល​ល​រដ្ឋ​២១៨​គ្រួសារ ក្នុង​ចំណោម ៥០០ គ្រួសារ ឬ ស្ទើរ​១​ភូមិ បូក​នឹង​វត្ត​១​ផង នៅ​ភូមិ​អង្គារ​បុស្ស សង្កាត់​កោះ​ពង​សត្វ ក្រុង​សិរី​សោភ័ណ​។ គណ​:​កម្ម​ការ​ដោះស្រាយ ទំនាស់​ដីធ្លី ខេត្តបន្ទាយមានជ័យ បាន​លូកដៃ​ចូល ទៅ​ដោះស្រាយ​ទំនាស់​ដីធ្លី​នោះ កាលពី​ថ្ងៃ​ទី​៩ តុលា​។

លោក លី​សារី អភិបាលរង ខេត្តបន្ទាយមានជ័យ និង​មន្ត្រី​ក្រុមការងារ នៃ​គណ​:​កម្ម​ការ បាន​ទៅ​លើកយក​រឿង​នោះ មក​ដោះស្រាយ​។

មតិ​ភាគច្រើន លើសលុប បាន​ទាមទារ​ថា បើ​រឿង​នេះ នៅ​តែ​ដោះស្រាយ​មិន​ចេញ គេ​គួរតែ​យក​ដី​ទំនាស់ ប្រគេន​ព្រះសង្ឃ ដាក់​ជាស​ម្ប​ត្គិ​គរុ​ភ័​ណ្ឌ​វត្ត នៅ​វត្ត​ពោធិ​រាម​អង្គា​បុស្ស​តែ​ម្តង​ទៅ​។

ប៉ុន្តែ​ភាគី "​ក​" ដើមបណ្ដឹង មាន​ប្តី​ឈ្មោះ ឈឺ​ម វ៉​ន អាយុ​៧៧​ឆ្នាំ , ប្រពន្ធ​ឈ្មោះ សេក ស៊ី​រ៉េ​ត អាយុ​៧៣​ឆ្នាំ បាន​និយាយ​ថា​: រឿង​ដី​នេះ ក្រសួងមហាផ្ទៃ ចុះ​មក​វាស់វែង ប្រគល់​ជូន​ម្តង​ហើយ តែ​ភាគី "​ខ​" ដែល​ជា​ពលរដ្ឋ គណ​:​កម្ម​ការ​វត្ត និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត ចំនួន​២១៨​នាក់ តំណាង​អ្នក​ភូមិ ៥០០ គ្រួសារ បាន​ជំទាស់​។

លោកយាយ សេក ស៊ី​រ៉េ​ត បាន​និយាយ​ថា ដី​មាន​ទំហំ ៦៦ ម៉ែត្រ​គុណ និង​បណ្ដោយ ៧៨ ម៉ែត្រ បាន​កាន់កាប់​តម​ក ពី​កេរ​ដូនតា តាំងពី​ជំនាន់​បារាំង​មក​ម្ល៉េះ ។  

លោកយាយ និយាយ​បន្ថែម​ថា​: "​ទោះ​សម័យ​ប៉ុ​ល​ពត , សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា រដ្ឋ​កម្ពុជា សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២ (​បច្ចុប្បន្ន ) ឬ​ដល់​ថ្ងៃនេះ ក៏​គាត់​និង​ក្រុម​គ្រួសារ រស់នៅ​ទី​នេះ​រហូត​"​។ 

ប៉ុន្តែ​រឿង​នេះ មាន​អា​ថ៍កំ​បាំង គឺ​មាន​គេ​ចាក់​ដី បំរុង​លក់​ដី​ហ្នឹង ទើប​គ្រួសារ​គាត់ ដែល​រួម​ទាំង​ប្ដី និង​កូន​២​នាក់​ផង​នោះ ប្តឹង​ការពារ​ទាមទារ​មក​វិញ ហើយ​ត្រូវ​បាន​ក្រសួងមហាផ្ទៃ ចុះ​មក​វាស់វែង​ជូន​ផង​ដែរ​។ ភាគី "​ក​" អាច​ទួល​យក​បាន ប្រសិនបើ​មានការ​សម្បទាន ទាំង​២​ភាគី​។

រីឯ​ភាគី "​ខ​" លោក ប៊ុ​ន ង៉ុ​យ ប្រធាន​គណ​:​កម្ម​ការ វត្ត​ពោធិ៍​រាម​អង្គា​បុស្ស , លោក រស់ វី មេ​ភូមិ , លោក​ហួត ឌី អតីត​មេ​ភូមិ ឆ្នាំ​១៩៧៩ និង​តំណាង​ពលរដ្ឋ ២១៨ គ្រួសារ ដែល​ជា​សាក្សី​រស់ បាន​និយាយ​ថា​: ទោះបី​អាកាសធាតុ ឥឡូវ ប្រែប្រួល សម្បូរ​រន្ទះបាញ់ ក៏​ពួក​ខ្លួន​ហ៊ាន​ស្បថ អោយ​រន្ទះបាញ់​ចុះ បើ​មិន​ពិត​"​។

ពួក​គេ​និយាយ​ថា​: ទីតាំង​ទំនាស់​នេះ ពី​ដើម​ជា​កំពង់ទូក ។ ពេល​បុណ្យ​ទាន ឬ​រដូវ​ធ្វើស្រែ ពលរដ្ឋ​ចតទូក​រទេះ ចង​គោ និង​ជា​ផ្លូវ និង​ទី​ផ្ទុក​កសិផល សម្រាប់​ដឹក​យក​ទៅ​ទុកដាក់ ។ គ្រប់​គ្នា​ក្នុងភូមិ ចាត់ទុកជា​ដី​វត្ត​។

ក្រោយមក ដោយ​ដី​វត្ត មាន​ផ្ទៃ​ទាប ពលរដ្ឋ​បាន​ជីកដី​នេះ ចាក់​បំពេញ​ទីធ្លា​វត្ត ដោយ​មើលឃើញ​ថា ផ្លូវ​មាន​ភាព​លំបាក ពលរដ្ឋ​ដឹក​សត្វ​ធាតុ តាម​ផ្លូវ​នេះ ទើប​មេ​ភូមិ និង​គណ​:​កម្ម​ការ​វត្ត សម្រេច​ធ្វើ​របង ហើយ​ធ្វើ​ផ្លូវ ដោយ​ក​ម្លាំ​ពលរដ្ឋ និង​ឧបត្ថម្ភ​អង្ករ​ពី កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) អោយ​បាន​ប្រើប្រាស់ រហូត​ដល់​សព្វថ្ងៃ​។

ភាគី "​ខ​" និយាយ​ទៀត​ថា​: ដី​ភាគី "​ក​" មាន​តែ​នៅ​ឆ្ងាយ​ពី​ទី​វត្ត ដោយ​មាន​ដើម​ចាន់​គី​រី ទំហំ​ជាង​២​ម៉ែ​ត និង​គុ​ម្ភ​ឫស្សី ៣ គុ​ម្ភ ជា​ព្រំ​។ តែ​ត្រូវ​គ្រួសារ​នេះ កាប់​ចោល ហើយ​ប្ដឹង​ថា វត្ត​រំលោភ​យក​។

ពួក​គាត់​និយាយ​ថា ទីតាំង​ដី​វត្ត​នេះ ទុក​គ្រាន់​ចាក់​បំពេញ សម្រាប់​ជា​ចំណត គោ​យន្ត រថយន្ត និង​មធ្យោបាយ​ផ្សេង​ៗ ពេល​វត្តមាន​ពិធីបុណ្យ​ធំ​ៗ ដូច​ជា ចូល​ឆ្នាំ​ថ្មី បុណ្យ​ភ្ជុំ និង​កឋិន ជាដើម​។

លោក លី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ និង​ក្រុមការងារ ចុះ​ពិនិត្យ​ជាក់ស្តែង ទីតាំង​ទំនាស់​មាន​អូរ​ផ្លូវទឹក បង្គោលព្រំ​ដី​វត្ត ផ្ទះ និង​ដើម​ចេក ដើមបណ្ដឹង តែ​ដើមឈើ​ផ្សេង ត្រូវ​បាន​កាប់​ចោល​អស់ហើយ​។ លោក​បាន​បន្ត​ថា ដើម្បី​អោយ​ជម្លោះ​នេះ សះជា ហើយ​គ្មាន​អ្នក​ឈ្នះ អ្នក​ចាញ់ ភាគី​ទាំង ២ ត្រូវ​ចេះ​សម្បទាន គ្នា​ទៅ​វិញ​ទៅ​មក ។ មន្ត្រី​ក្រុមការងារ នឹង​ប្រមូល​នូវ​រាល់​ឯកសារ​ពាក់ព័ន្ធ សម្រង់​សម្ភាសន៍ ការ​អះអាង វត្ថុ​តាង​ធ្វើ​របាយការណ៍ ជូន​អភិបាលខេត្ត សម្រេច​៕