រថយន្ត​ធំៗ​នៅតែ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ទឹកដី​ខេត្តពោធិ៍សាត់​យ៉ាង​ពេញបន្ទុក​ដដែល

ស្របពេល​ដែលមាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ពាក់ព័ន្ធ​នឹង​បទល្មើស​កាប់​ឈើ​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះ គឺ​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាមផ្លូវ​ជាតិ​លេខ​៥ ឆ្លងកាត់​ទឹកដី​ខេត្តពោធិ៍សាត់ ក៏​នៅតែ​កើតមាន​យ៉ាង​គគ្រឹកគគ្រេង​ដែរ​។ យូរៗ​ម្តង​ទើប​គេ​ឃើញ​កម្លាំង​អាវុធហត្ថ​បង្ក្រាប​រថយន្ត​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​លើផ្លូវ​ជាតិ​លេខ​៥ ក្នុង​ទឹកដី​ខេត្តពោធិ៍សាត់ ចំណែក​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន គិតតែ​ពី​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ​។ ឈ្មួញ​ឈើ​ធំៗ​មួយចំនួន​ក្នុង​ខេត្តពោធិ៍សាត់ ត្រូវបាន​គេ​ដឹងថា​យក​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ធ្វើជា​ខ្នងបង្អែក​ដើម្បី​ធានា​ឲ្យ​មុខរបរ​របស់​ពួកគេ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

កាលពី​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ព្រលឹម ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៦ កម្លាំង​អាវុធហត្ថ​ក្រុង​ពោធិ៍សាត់ បាន​ស្ទាក់​ឃាត់​រថយន្ត​យី​ឌុប​ដឹកឈើ​១​គ្រឿង​ប្រគល់​ទៅ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដែល​នាំគ្នា​សម្ងំស្ងៀម​។ ករណី​កម្លាំង​អាវុធហត្ថ​ក្រុង​ពោធិ៍សាត់ បង្ក្រាប​រថយន្ត​យី​ឌុប​ដឹកឈើ​នោះ ធ្វើឡើង​លើផ្លូវ​ជាតិ​លេខ​៥ ចំណុច​សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។ មានការ​ប៉ាន់ប្រមាណ​ថា រថយន្ត​យី​ឌុប​ដឹកឈើ​នោះ ផ្ទុក​ឈើ​យ៉ាងតិច​៣៥​ម៉ែត្រគូប ហើយ​ទំនងជា​ម្ចាស់​ឈើ​គ្មាន​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​កិច្ច​ទើបត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​។ ប្រសិនបើ​ម្ចាស់​ឈើ​មាន​អ្នករត់​ការបើកផ្លូវ​ជាមុន​នោះ ប្រហែល​គេ​អាច​គេច​ផុតពី​ការបង្ក្រាប​របស់​កម្លាំង​អាវុធហត្ថ​ក្រុង​ពោធិ៍សាត់​ជាមិនខាន​។

ប្រភពពី​ប្រជាពលរដ្ឋ​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​មូលដ្ឋាន​របស់​ពួកគាត់​នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ បើទោះបី​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ពិបាក​ដឹកឈើ​ចេញពី​ព្រៃ​យ៉ាងណាក៏ដោយ​។ មន្ត្រី​ជំនាញ​ដូចជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ដូចជា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច កម្លាំង​អាវុធហត្ថ​ក្នុងស្រុក​ទាំងពីរ​ខាងលើ គិតតែ​ពី​រឿង​ផលប្រយោជន៍ ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ បញ្ហា​នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក៏ដូចជា​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ជួរ​ភ្នំក្រវាញ និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ នៅតែ​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ​ដដែល​៕

45-768x576 33-2-768x1024 12-768x576