មន្ត្រី​ជំនាញ​ពុករលួយ​បើកដៃ​ឲ្យ​ក្រុមហ៊ុន​ស៊ិន​ធី​អិ​ល នាំចូល​ត្រី​ពី​ស្រុក​យួន​បង់ពន្ធ​មិន​គ្រប់​

ករណី​ក្រុមហ៊ុន​ស៊ិន​ធី​អិ​ល នាំចូល​ត្រី​ពី​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​កោះធំ ខេត្តកណ្ដាល ដោយ​បង់ពន្ធ​មិន​គ្រប់​កំពុង​ធ្វើ​ឲ្យ​អាជីវករ​និង​ឈ្មួញ​តូចតាច​មួយចំនួន​រិះគន់​យ៉ាងខ្លាំង ហើយ​ចោទថា​ក្រុមហ៊ុន​នេះ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ ជាពិសេស​មន្ត្រីរដ្ឋបាល​ជលផល ដែល​ប្រព្រឹត្ត​អំពើពុករលួយ​។ ក្រុមអាជីវករ​និង​ឈ្មួញ​ដែល​រកស៊ី​នាំចូល​ត្រី​ពី​ស្រុក​យួន​តាម​ច្រកព្រំដែន​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ក្រុមហ៊ុន​ស៊ិន​ធី​អិ​ល មក​ប្រកួតប្រជែង​នៅទីនេះ ធ្វើ​ឲ្យ​ពួកគាត់​បាត់បង់​អតិថិ​ជន​អស់យ៉ាង​ច្រើន​។ ដោយហេតុថា អតិថិជន​ដែល​ធ្លាប់​ទិញ​ត្រី​ពី​ពួកគាត់​យកទៅលក់​បន្ត ពួកគេ​ទៅយក​ត្រី​ពី​ក្រុមហ៊ុន​ស៊ិន​ធី​អិ​ល ជំនួស​វិញ​ដោយមាន​តម្លៃ​ទាប​ជាង​។

ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មកពី​ក្រុមហ៊ុន​ស៊ិន​ធី​អិ​ល មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពុករលួយ​នាំចូល​ត្រី​បង់ពន្ធ​មិន​គ្រប់​ទើប​គេ​អាច​លក់​ទៅ​ឲ្យ​អតិថិជន​ក្នុងតម្លៃ​ទាប​ជាង​អាជីវករ និង​ឈ្មួញ​នានា​។ សមត្ថកិច្ច​តូចតាច​ខ្លះ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ស៊ិន​ធី​អិ​ល ជា​កម្ម​សិទ្ធ​របស់​ឧកញ៉ា ចៅ តុល ហើយ​នាំចូល​ត្រី​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមតែ​៥០​ភាគរយ​ប៉ុណ្ណោះ ទើប​គេ​អាច​លក់​ត្រី​ចេញទៅ​ឲ្យ​អតិថិជន​ក្នុងតម្លៃ​ទាប​ជាង​អាជីវករ​និង​ឈ្មួញ​ដែល​នាំចូល​ត្រី​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ​។ អាជីវករ​និង​ឈ្មួញ​ដែល​រង​ផលប៉ះពាល់​បាន​បញ្ជាក់ថា អាជីវកម្ម​របស់​ពួកគេ​នឹងត្រូវ​បញ្ចប់​ព្រោះ​ករណី​ក្រុមហ៊ុន​ស៊ិន​ធី​អិ​ល នាំចូល​ត្រី​ពី​ស្រុក​យួន​បង់ពន្ធ​មិន​គ្រប់​ហើយ​លក់​ចេញ​ក្នុងតម្លៃ​ទាប គឺជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​ពួកគេ​ត្រូវ​បញ្ចប់​អាជីវកម្ម​។

សមត្ថកិច្ច​នៅ​ច្រក​ជ្រៃ​ធំ ជាច្រើន​ស្ថាប័ន​ត្រូវបាន​គេ​ដឹងថា ជា​អ្នក​បើកដៃ​ឲ្យ​ក្រុមហ៊ុន​ស៊ិន​ធី​អិ​ល របស់​ឧកញ៉ា ចៅ តុល នាំចូល​ត្រី​បង់ពន្ធ​មិន​គ្រប់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ហើយ​ឈ្មួញ​និង​អាជីវករ​ផ​ផ្សេងៗ​ទៀត​កំពុង​ប្រឈម​នឹង​ការលំបាក​ដោយសារតែ​មិនអាច​ប្រកួតប្រជែង​ស្មើភាព​ជាមួយ​ក្រុមហ៊ុន​ស៊ិន​ធី​អិ​ល​។ បញ្ហា​នេះ​អាជ្ញាធរ​ខេត្តកណ្ដាល ក៏ដូចជា​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​ករណី​ក្រុមហ៊ុន​ស៊ិន​ធី​អិ​ល នាំចូល​ត្រី​ពី​ស្រុក​យួន​បង់ពន្ធ​ត្រឹមតែ​៥០​ភាគរយ កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​យ៉ាងច្រើន​ក្នុង​មួយខែៗ​។ លើស​នេះ​ទៅទៀត​ដោយសារតែ​អំពើពុករលួយ​របស់​ស​ម​ត្ថ​កិច្ច​នៅ​ច្រក​ជ្រៃ​ធំ កំពុង​ធ្វើ​ឲ្យ​អាជីវករ និង​ឈ្មួញ​ដែល​នាំចូល​ត្រី​ពី​ស្រុក​យួន​បង់ពន្ធ​ត្រឹមត្រូវ​ជូន​រដ្ឋ ត្រូវ​ប្រឈម​នឹង​ការបាត់បង់​មុខរបរ​របស់​ពួកគេ​ចៀស​មិន​ផុត​ឡើយ​៕

5-7 4-7