ជិះចង់វ៉ាឡាន​តូច ភ្លាត់ស្នៀត ឡានធំកិនខ្ទេចខួរ​

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ករណី​គ្រោះថ្នាក់ចរាចរណ៍​ដ៏រន្ធត់មួយ ខណៈមេឃកំពុង​ធ្លាក់​ភ្លៀង​តិចៗ​ផងនោះ​ ស្រាប់តែ​យុវ​ជន​​ម្នាក់ ជិះម៉ូតូ​មានល្បឿនលឿន បានបើក​​ចង់​​ជែងជាមួយរថយន្ត​ដឹក​កម្មករមួយគ្រឿង ក៏​ជ្រុល​ទៅ​បុក​​​រថ​យន្តនោះ​ពី​ក្រោយ​ពេញយ៉ាង​ទំហឹង​ ​បណ្តាលឱ្យ​​ដួល​ម៉ូតូ​​កណ្តាលផ្លូវ ពេលនោះ ក៏មាន​​​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​មួយគ្រឿងទៀត បើក​មក​ដល់​ កិនពី​លើ​មនុស្ស​ស្លាប់​​យ៉ាងអាណោច​អាធ័មបំផុត​ ។

ហេតុ​ការណ៍នេះកើ តឡើង​កាលពីវេលាម៉ោង០៧ព្រឹក​ថ្ងៃទី​១០ តុលា ២០១៦​ នេះ ស្ថិត​តាមបណ្តោយផ្លូវជាតិលេខ០៤ ក្នុងភូមិ​ត្រពាំង​ក្រសាង ឃុំបែកចាន ស្រុកអង្គស្នួល ត្រង់​ចន្លោះគីឡូម៉ែត្រ​លេខ​២០-២១ ។

ប្រភពឱ្យដឹងថា យុវជន​ដែលស្លាប់​ឈ្មោះ​មួន ចាន់ធី អាយុ​២៣​ឆ្នាំ ជា​កម្មករ​រោងចក្រ មានទីលំនៅ​ភូមិ​អន្លង់ស្វាយ សង្កាត់បឹងធំ ខណ្ឌពោធិ៍​សែនជ័យ ជិះម៉ូតូ​ម៉ាក XR ពណ៌ខ្មៅ ពាក់ស្លាកលេខ​ភ្នំពេញ 1BU-1229 ។ រីឯ​ខាងរថយន្តម៉ាកហ៊ីុយ៉ាន់​ដាយ​​ បាន​ព្យា​យាម​បើក​រត់​ជិត​១គីឡូម៉ែត្រ ក៏ចុះ​ពីលើ​រថយន្ត​រត់បាត់ស្រមោលដែរ ដោយសមត្ថកិច្ច​មិន​បាន​​ស្គាល់​អត្តសញ្ញាណ​​នោះ​ទេ ។