នាយក​រដ្ឋមន្ត្រី​ជប៉ុន​សុំ​ឱ្យ​មានការ​គាំទ្រ​លើ​កិច្ចព្រមព្រៀង​TPP

ប្រទេស​ជប៉ុន ៖ លោកនាយក​រដ្ឋមន្ត្រី  Shinzo Abe កាលពី​ថ្ងៃ​សុក្រ​បាន​បង្ហាញ​ការ​សម្រេចចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​សុំ​ការ​គាំទ្រ​ទៅ​លើ​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក​(TPP) ក្នុង​កំឡុង​ពេល​នៃ​កិច្ចប្រជុំ​សភា ដែល​នឹង​បញ្ចប់​នា​ថ្ងៃ​ទី​៣០ វិច្ឆិកា ខាង​មុខ ។

លោក Abe បាន​ប្រាប់​ទៅ​កាន់​គណៈរដ្ឋមន្ត្រី​ដែល​ទទួលខុសត្រូវ​លើ​រឿង​នេះ​ថា ៖ «​ប្រទេស​ជប៉ុន​គួរតែ​យល់​ស្រប​នឹង​កិច្ចព្រមព្រៀង​TPP មុន​ប្រទេស​ដទៃ និង​បង្កើត​ឲ្យ​មាន​សន្ទុះ ។ ពួក​យើង​ត្រូវ​តែ​សម្រេច​វា​ឲ្យ​បាន​ក្នុង​កិច្ចប្រជុំ​សភា​ពេល​បច្ចុប្បន្ន​នេះ » ។

លោក​Abe​បាន​និយាយ​ផង​ដែរ​ថា​៖ «​តម្រូវការ​នៃ​ការ​សម្រេច​TPP ឲ្យ​បាន​លឿន​គឺ​មាន​កាន់តែ​ខ្លាំង​ឡើង ដើម្បី​ជំរុញ​ការ​លូតលាស់ »​។

លោក​បាន​បន្ថែម​ពី​ភាព​ចាំបាច់​នៃ TPP​ទៅ លើ​វិស័យសេដ្ឋកិច្ច និង​សន្តិសុខ​ថា​៖«​មិត្តភាព​ផ្នែក​សេដ្ឋកិច្ច​កាន់​ខែ​ខ្លាំង​រវាង​ប្រទេស​និង​ប្រទេស ដែល​មាន​តម្លៃ​ជា​មូលដ្ឋាន​ដូច​គ្នា​នឹង​បង្កើត​ឲ្យ​មាន​ជា​ការ​ជំរុញ​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​តំបន់​មាន​ស្ថិរភាព » ។

ការ​យល់​ស្រប​ពី​សហរដ្ឋអាមេរិក និង​ជប៉ុន​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​ដៃគូ​ដទៃ​ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង​១២ គឺ​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​អនុម័ត​កិច្ចព្រមព្រៀង​TPP​នេះ ប៉ុន្តែ​បេក្ខជន​ក្នុង​ការ​បោះ​ឆ្នោត​រើស​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក គឺ​លោកស្រី Hillary Clinton និង​លោក Donald Trump បែរជា​បង្ហាញ​ពី​ការ​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​នេះ​ទៅ​វិញ ។

លោក​រដ្ឋមន្ត្រី Nobuteru Ishihara ដែល​ទទួល​បន្ទុក​ដឹកនាំ​ក្នុង​កិច្ចការ​ទាក់ទង​នឹង TPP បាន​និយាយ​ក្នុង​សន្និសីទកាសែត​មួយ​ថា ប្រទេស​ជប៉ុន​គឺ​កំពុង​តែ​ជំរុញ​ឲ្យ​សហ​រដ្ឋ​អាមេរិក​ផ្តល់​សច្ចា​នុ​ម័ត​ទៅ​លើ​TPP ។

ក្នុង​កំឡុង​ពេល​កិច្ចប្រជុំ​សភា​ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី​១ មិថុនា កន្លង​មក ការ​ពិភាក្សា​ទៅ​លើ TPP ត្រូវ​បាន​ធ្វើ​ឡើង​អស់​រយៈពេល​២៣​ម៉ោង​ក្នុង​គណៈកម្មាធិការ​ពិសេស ប៉ុន្តែ​ដោយសារ​នៅ​មានការ​ខ្វែងគំនិត​គ្នា កិច្ចព្រមព្រៀង​នេះ​មិន​ត្រូវ​បាន​ដាក់​ឲ្យ​បោះ​ឆ្នោត​ឡើយ ៕