ការ​នាំ​ចេញ​អាហារ ត្បូង និង​គ្រឿងអលង្ការ​របស់​ថៃ​បន្ដ​កើនឡើង

ប្រទេស​ថៃ ៖ បើ​ទោះជា​ការ​ព្យាករ​បាន​បង្ហាញ​ពី​លទ្ធផល​អវិជ្ជមាន​ទៅ​លើ​ការ​នាំ​ចេញ​របស់​ថៃ​ក្នុងឆ្នាំនេះ​ក៏​ពិតមែន តែ​ការ​នាំ​ចេញ​អាហារ ត្បូង និង​គ្រឿងអលង្ការ​របស់​ប្រទេស​មួយ​នេះ​នៅ​តែ​បន្ត​មានការ​កើនឡើង ដោយ​វិស័យ​ទាំង​ពីរ​បាន​កើន​៥%​រៀង​ៗ​ខ្លួន ។

យោង​ទៅ​តាម​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ថៃ លោកស្រី Apiradi Tantraporn ដែល​បាន​ស្នើ​ឲ្យ​មាន​កិច្ចប្រជុំ​ជាមួយនឹង​វិស័យ​អាហារ ត្បូង​និង​គ្រឿងអលង្ការ ក៏​ដូច​ជា​វិស័យ​យានយន្ត​ផង​ដែរ បាន​និយាយ​ថា ការ​នាំ​ចេញ​អាហារ​ត្រូវ​បាន​គិត​ថា នឹង​កើន​៥%​ក្នុង​ចុងឆ្នាំ​នេះ ដោយ​ឆ្នាំ​មុន​ការ​នាំ​ចេញ​អាហារ​មាន​តម្លៃ​សរុប​២៧,២​ប៊ី​លាន​ដុល្លារ ។

ការ​នាំ​ចេញ​នូវ​ត្បូង និង​គ្រឿងអលង្ការ​ក៏​ត្រូវ​បាន​គិត​ថា នឹង​កើន​៥%​ផង​ដែរ ដោយ​ក្នុង​ឆ្នាំ​២០១៥ ការ​នាំ​ចេញ​ផ្នែក​នេះ​មាន​តម្លៃ​សរុប​ដល់​៧,១៨​ប៊ី​លាន​ដុល្លារ ។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ កិច្ចប្រជុំ​នោះ​បាន​យល់​ថា សកម្មភាព​នាំ​ចេញ​ក្នុង​ផ្នែក​យានយន្ត និង​គ្រឿងបន្លាស់​គឺ​ប្រហែលជា​បន្ត​មានការ​ធ្លាក់​ចុះ​ប្រមាណ​១%​ដែល​ឆ្នាំ​មុន​មាន​តម្លៃ​សរុប​៣១,៣៤​ប៊ី​លាន​ដុល្លារ ។ ការ​ធ្លាក់​ចុះ​នេះ មួយ​ផ្នែក​ធំ​គឺ​មក​ពី​មានការ​នាំ​ចេញ​ទៅ​កាន់​មជ្ឈិម​បូព៌​៌ា​តិច​ជាង​មុន​ដែល​ជា​លទ្ធផល​នៃ​ការ​ធ្លាក់​ចុះ​ទាប​នៃ​តម្លៃ​ប្រេង ។

យោង​ទៅ​តាម​លោកស្រី​Apiradi បាន​ឲ្យ​ដឹង​ថា បើ​ទោះជា​ការ​នាំ​ចេញ​អាហារ​សរុប​បាន​ធ្លាក់​ចុះ​៥,៩%​ក្នុង​៨​ខែ​ដំបូង​មក​ស្មើនឹង​២០,៧០​ប៊ី​លាន​ដុល្លារ​ពិតមែន ក៏​តម្រូវការ​ក្នុង​ការ​ទិញ​បង្គា មាន់​ក្លា​សេ ត្រី​ធូ​ណា​កំប៉ុង និង​ផ្លែ​ឈើ ក៏​ដូច​ជា​បន្លែស្រស់​ៗ ត្រូវ​បាន​គិត​ថា​នឹង​ជួយ​ឲ្យ​ផ្នែក​នេះ​ងើបឡើង​វិញ​ក្នុង​ខែ​ខាង​មុខ​ៗ ។

ការ​នាំ​ចេញ​បង្គា ត្រូវ​បាន​ព្យាករណ៍​ថា នឹង​កើន​៨%​ក្នុងឆ្នាំនេះ ស្មើនឹង​១,៦​ប៊ី​លាន​ដុល្លារ មាន់​ក្លា​សេ​នឹង​កើន​៤,៥% ស្មើនឹង​២.៥​ប៊ី​លាន​ដុល្លារ ត្រី​ធូ​ណា​កំប៉ុង​នឹង​កើន​៤% ស្មើនឹង​២,៤​ប៊ី​លាន​ដុល្លារ និង​ផ្លែ​ឈើ និង​បន្លែស្រស់​ៗ​នឹង​កើន​៣% ស្មើនឹង​១,៦​ប៊ី​លាន​ដុល្លារ ។

ការិយាល័យ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ក្រសួងពាណិជ្ជកម្ម ក៏​មាន​គម្រោង​ក្នុង​ការ​អញ្ជើញ​អតិថិជន​ពី​ទូ​ទាំង​ពិភពលោក ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​ផ្គូ​ផ្គង់​អាជីវកម្ម​សម្រាប់​អង្ករ និង​ដំឡូងឈើ​របស់​ថៃ​ក្នុង​កំឡុង​ថ្ងៃ​ទី​១៣​ដល់​១៦ នា​ខែវិច្ឆិកា​ខាង​មុខ​នេះ​ផង​ដែរ ។

លោកស្រី​បាន​បន្ត​ទៀត​ថា បើ​ទោះជា​មានការ​ព្យាករ​សេដ្ឋកិច្ច​ពិភពលោក​ថា នឹង​មានការ​អន់​ថយ​ពិតមែន ការ​នាំ​ចេញ​នូវ​ត្បូង​និង​គ្រឿងអលង្ការ​របស់​ថៃ​គឺ​ត្រូវ​បាន​គិត​ថា នឹង​កើន​ក្នុងឆ្នាំនេះ ព្រោះតែ​មានគុណ​ភាព​ខ្ពស់ និង​តម្លៃ​សមរម្យ ។

ក្រសួង​ខាងលើ​បាន​រាយការណ៍​ថា ការ​នាំ​ចេញ​នូវ​ត្បូង និង​គ្រឿងអលង្ការ​ដែល​រួម​មាន​មាស​ផង​ដែរ​នោះ បាន​កើន​៤២%​ក្នុង​៨​ខែ​ដំបូង ស្មើនឹង​១០,៣៧​ប៊ី​លាន​ដុល្លារ ។ ប៉ុន្តែ​ប្រសិនបើ​ដក​មាស​ចេញ តម្លៃ​នៃ​ការ​ចេញ​គឺ​បាន​ធ្លាក់​ចុះ ២,៦%​សម្រាប់​កំឡុង​ពេល​នោះ ស្មើនឹង​៤,៥៤​ប៊ី​លាន​ដុល្លារ ។

អ្នកនាំពាក្យ​របស់​ក្រុម​វិស័យ​យានយន្ត​ក្នុង​សហព័ន្ធ​នៃ​ឧស្សាហកម្ម​ប្រទេស​ថៃ លោក Surapong Paisitpatanapong បាន​និយាយ​ថា ទោះជា​មានការ​នាំ​ចេញ​ខ្ពស់​ក្នុង​៨​ខែ​ដំបូង​ក៏​ពិតមែន តែ​ការ​នាំ​ចេញ​នូវ​យានយន្ត​គឺ​នៅ​ជួប​ប្រទះ​ហានិភ័យ​ខ្ពស់ ព្រោះតែ​ត្រូវ​បាន​ប៉ះពាល់​ដោយ​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ការ​កើនឡើង​នៃ​តម្លៃ​ប្រាក់​បាត និង​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​ជាដើម ៕​