ពេល​បាត់អត់​រក លុះជះក្លិនចម្លែក​ទើបរក​

រាជ​ធានី​​ភ្នំពេញ​ ៖ បុរស​ម្នាក់​​ជា​កម្មករ​លី​សែង​នៅ​ផ្សារ​នាគ​មាស ​​ផឹកស្រា​រហូត​ស្រវឹង ​ហើយ​បាន​ដើរ​​ចុះ​​ទៅ​រាវខ្យង ដើម្បី​ធ្វើ​ម្ហូប​​​ក្លែម​ស្រា​ទៀត​​នៅ​ចំណុច​រណ្ដៅ​ដី​មួយ​​កន្លែង​ដែល​ឈ្មួញ​ជីក​យក​អាច​ម៍ដី​លក់ បណ្តាលឱ្យ​លង់​ស្លាប់​ ​តាំងពី​​ល្ងាច​ថ្ងៃ​ទី០​៧ ​តុលា ​​២០១៦ មក​ ស្ថិត​នៅ​ក្នុងភូមិ​ក្រាំងក្រូច សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ។

ខណៈនោះ​ មិន​មាន​នរ​ណា​ចាប់​​អារ​ម្ម​ណ៍​ថា​ បុរស​នោះ​មានរឿង​អ្វី​នោះ​​ទេ ហើយ​សង្ស័យ​ពេល​ដែល​​ចុះ​ទៅ​រាវ​ខ្យង​រអិល​​ជើង​ធ្លាក់​ចូល​​ទៅ​កន្លែង​ទឹក​ជ្រៅ មិន​អាច​ហែល​រួច ​ព្រោះតែ​ស្រវឹងស្រា​នោះ ទើប​បណ្ដាល​ឱ្យ​លង់​លិច​បាត់​ទៅ​ក្នុង​ទឹកតែ​ម្ដង ហើយ​ពេល​នោះ​ ប្រពន្ធ​រួម​ជាមួយ​អ្នក​ភូមិ​​មិន​បានដឹង​ទេ ព្រោះ​កន្លង​មក​ជន​រង​គ្រោះ​តែងតែ​ដើរ​ទៅ​ណា​មក​ណា​​ មិនសូវ​មាន​ដំណឹង​ឡើយ​។
លុះ​​​៣​ថ្ងៃ​ក្រោយមក​ គឺ​នៅ​ព្រឹក​ថ្ងៃ​​ទី​១០ ​តុលា នេះ វេលា​ម៉ោង​៨​ព្រឹក ទើប​អ្នកមាន​ទីលំនៅ​ចម្ងាយ​ប្រមាណ​ជាង​៥០​ម៉ែត្រ​ ពី​រណ្ដៅ​ដី​នោះធុំ​ក្លិនស្អុយ​ចម្លែក​ បាន​ដើរទៅ​មើលក៏​​ប្រទះ​ឃើញ​សាកសព​អណ្ដែត​ឡើង​​នៅ​លើ​ផ្ទៃ​ទឹក​ក្នុង​រណ្ដៅ​ដី​នោះ ទើប​ប្រាប់​អ្នក​ភូមិ​ឱ្យ​​ទៅ​មើ​លត​ៗ​គ្នា ទើប​​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​តែ​ម្ដង​។

​សាកសពបុរស​ខាងលើ​​ឈ្មោះ​សាន វិចិត្រ អាយុ​៣២​ឆ្នាំ ​​ជា​កម្មករ​លី​សែង​នៅ​ក្នុង​ផ្សារ​នាគ​មាស មាន​​ប្រពន្ធ​ឈ្មោះ​ជា រស្មី អាយុ​២៩​ឆ្នាំ ជា​​កសិករ ​និង​មានកូន​ស្រី​ម្នាក់​​នៅ​ក្នុង​បន្ទុកគ្រួសារ ​​។

​ក្រោយ​ពេល​ទទួល​​បាន​ព័ត៌មាន​ខាងលើ កម្លាំង​នគរបាលខណ្ឌដង្កោ ​ក៏​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​មើល​ជាក់​ស្ដែង និង​រាយ​ការ​ណ៏​ជូន​នគរបាល​បច្ចេកទេសនៃ​ស្នងការដ្ឋាន​នគរបាលរាជធានី​ភ្នំពេញ ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ ដើម្បី​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕