ស្គាល់​មេឈ្មួញ​ហើយ ចាំ​មើល​សមត្ថកិច្ច​ចាត់ការ​យ៉ាងណា

ខេត្តក្រចេះ ៖ ជនសង្ស័យ​២​នាក់​ដែល​ជាប់​សង្ស័យ​នឹង​ជំនួញ​រត់ពន្ធ​ឈើ​ប្រណីត​ខុសច្បាប់​តាម​រថយន្ត​១​គ្រឿង ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៦ ក្រោម​បទ​ចោទ ប្រមូល​ដឹក​ជញ្ជូន​ប្រភេទ​ឈើ​ដោយ​កម្រ ។

ការ​ចាប់​ឃាត់ និង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ពាក់​ព័​ន្ឋ​នឹង​ការ​ដឹក​ជញ្ជូន​ឈើ​ខាងលើ​ពី​ស្ថាប័ន​ជំនាញ​មេព្រៃ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​នេះ គឺ​បាន​ធ្វើ​ឡើង​២​ថ្ងៃ​បន្ទាប់​ពី​ជន​ទាំង​២​នាក់​មាន​ម្នាក់​ជា​ព្រូ និង​ម្នាក់​ជា​អ្នក​បើកឡាន ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ចុះ​បង្ក្រាប​បាន​នៅ​លើ​ផ្លូវជាតិ​លេខ​៧ ក្នុងស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៦ ។

មន្ត្រី​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី​ឲ្យ​ដឹង​ថា ជន​ទាំង​២​នាក់ ម្នាក់​ជា​អ្នក​បើករថយន្ត និង​ម្នាក់​ទៀត​ជា​ព្រូ ត្រូវ​បាន​ធ្វើការ​ឃាត់ខ្លួន​ជាមួយនឹង​រថយន្ត​ដឹកឈើ​ប្រណីត​ល្មើសច្បាប់​ពណ៌​ត្រេ​អ៊ី​មួយ​ឡាន មាន​ចំនួន​ជាង​៣០​កំណាត់ ស្មើនឹង​ជាង​១​មែ​ត្រ​គូប សុ​ទ្ឋ​សឹង​ជា​ឈើ​ធ្នង់ និង​ឈើ​នាងនួន ។

ជន​ទាំង​២​នាក់ ឈ្មោះ ថន ប៊ុ​ន​ធា ជា​អ្នក​បើកឡាន និង​ម្នាក់​ទៀត​ឈ្មោះ នៅ ធា​រ៉ា ជា​ព្រូ ។ ជន​ទាំង​ពីរ​នាក់​មាន​ទីលំនៅ​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ត្រូវ​បាន​កម្លាំង​ប៉េ​អឹ​ម​វាយ​ខ្នោះ​នាំ​មក​ទីបញ្ជាការ​រង់ចាំ​ការ​បញ្ជូន​ខ្លួន​បន្ត ។

បើ​តាម​ចម្លើយ​សារភាព​របស់​ជន​ជាប់​ពាក់ព័ន្ធ​នឹង​ជំនួញ​រត់ពន្ធ​ឈើ​ទាំង​២​នាក់​ខាងលើ​បាន​ឲ្យ​ដឹង​ថា ការ​នាំ​ឈើ​របស់​ពួក​គេ​គ្រាន់តែ​ជា​កា​ស៊ីឈ្នួល​ដឹក​ជញ្ជូន​តែ​ប៉ុណ្ណោះ ហើយ​ឈើ​ទាំងនេះ​ត្រូវ​បាន​ពួក​កេ​នាំ​ចេញពី​ចំណុច​កោះ​ខ្ញែរ ក្នុង​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ក្នុង​គោលដៅ​នាំ​ទៅ​ព្រំដែន​វៀតណាម ។ ពួក​គេ​បាន​និយាយ​ថា ឈើ​ទាំងនេះ​មាន​អ្នកបញ្ជា​ឲ្យ​ដឹក​ជញ្ជូន​ដោយ​សំអាង​ថា បាន​រត់ការ​ជាមួយ​សមត្ថកិច្ច​អស់ហើយ ។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​សមត្ថកិច្ច​នឹង​មាន​វិធានការ​យ៉ាងណា​ចំពោះ​អ្នក​នៅ​ពីក្រោយ​ខ្នង​រថយន្ត​ដឹកឈើ​ខុសច្បាប់​មួយ​នេះ​យ៉ាងណា​នៅឡើយ​ទេ បើ​ទោះបីជា​គេ​បាន​ស្គាល់​អត្តសញ្ញាណ​ថា​មានឈ្មោះ ឈី ជា​មេ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​នៅ​ចំណុច​កោះ​ខ្ញែរ ក្នុង​ឃុំ អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៦​នេះ លោក ទ្រី ម៉េ​ង​លាង នាយ​រង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បាន​ឲ្យ​ដឹង​ថា ជន​ទាំង​២​នាក់​រួម​ទាំង​វត្ថុ​តាង មាន​រថយន្ត និង​ឈើ​ប្រណីត ត្រូវ​បាន​កម្លាំង​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កសាង និង​ចាត់​បញ្ជូន​សំណុំរឿង ក្រោម​បទ​ចោទ​ប្រមូល​ដឹក​ជញ្ជូន​ប្រភេទ​ឈើ​ដោយ​កម្រ ទៅ​សាលាដំបូង​ខេត្ត ដើម្បី​មាន​ចំណាត់ការ​បន្ត ៕