ដាក់​ដាយ​ចាប់​ត្រី​ពេញ​ព្រែកជីក ជលផល​បាន​ត្រឹម​សន្យា​ចុះ​ទៅ​បង្ក្រាប

ខេត្ត​ត្បូងឃ្មុំ ៖ ទាំង​រដូវ​បិទ និង​រដូវ​បើក​នេសាទ បទល្មើស​ដាក់​ដាយ​ចាប់​យក​ត្រី​បាន​កើត​មាន​ឡើង​យ៉ាង​ពេញបន្ទុក​នៅ​តាម​ព្រែកជីក ជា​អតីត​ឡូត៍​នេសាទ​លេខ​៩ ក្នុង​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ដោយ​មិនឃើញ​មាន​មន្ត្រី​ជំនាញ​ជលផល​ខេត្ត​ចុះ​បង្ក្រាប​នោះ​ទេ ។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៦ ដាយ​ជា​ច្រើន​មាត់​ត្រូវ​បាន​ក្រុម​ឈ្មួញ​ខិលខូច​កំពុង​តែ​សប្បាយចិត្ត​ចាប់​យក​ត្រី សូ​ម្បី​តែ​តូច​ទើបនឹង​ញាស់​ក៏​រត់​មិន​រួច​ដែរ ចុះ​ក្នុង​ពេល​ខាង​មុខ​ឲ្យ​សំបូរ​ត្រី​ម្តេច​នឹង​កើត​ទៅ?

សមត្ថកិច្ច​មួយ​រូប​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​ឈ្មួញ​បាន​ប្រើ​ដាយ​ដោយ​បាន​ចាប់​ត្រង​យក​ត្រី គឺ​នៅ​ចុង​ដាយ​មាន​ដេរ​ភ្ជាប់​ស្បៃ​មុង​ដែល​មាន​ក្រឡា​ញឹកស្អេក ត្រី​តូច​ដែល​ទើបនឹង​ញាស់​ចង់​ហែល​គេច​ចេញ​ក៏​ហែល​មិន​រួច​ដែរ ។ វត្តមាន​ពួក​អ្នក​ដាក់​ដាយ​ទាំងនោះ​មាន​៣​នាក់​ដូច​ជា ១-​ឈ្មោះ ខាន់ ២-​ឈ្មោះ ខន ៣-​ឈ្មោះ ឃើ ដែល​អ្នក​ទាំងនោះ​នៅ​ព្រែកជីក​តែ​ម្តង គេ​ដាក់​បទល្មើស​បាន​លុះត្រាតែ​ត្រូវរ៉ូវ​ជាមួយនឹង​ជំនាញ​ជលផល​ទើប​ដាក់​បាន តែបើ​មិន​ត្រូវ​ទេ ប្រាកដជា​នឹង​គេ​ចុះ​ចាប់​ហើយ ។

លោក ភិន ឈុ​ន មេឃុំ​ទន្លេ​បិទ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា គាត់​ហាក់ដូចជា​ឆ្អែត​នឹង​បទល្មើស​នេសាទ ព្រោះថា​បាន​ធ្វើការ​ណែនាំ​ប្រាប់​ដល់​ពលរដ្ឋ​កុំ​ឲ្យ​ដាក់​បទល្មើស​នេសាទ តែ​គេ​នៅ​តែ​លួច​ដាក់​ទៀត​នៅ​តាម​ព្រែកជីក​ខាងលើ ។ កន្លង​មក​ពេល​ដែល​លោក​អភិបាលខេត្ត​ត្បូងឃ្មុំ​មក​ចូលរួម​ប្រជុំ គាត់​បាន​លើក​ឡើង​ពី​បញ្ហា​បទល្មើស​នេសាទ​ប្រាប់​ឲ្យ​លោក​អភិបាលខេត្ត​បានដឹង ជាមួយ​នោះ​បាន​ថា នឹង​ប្រាប់​ទៅ​ជលផល​ខេត្ត ដើម្បី​ឲ្យ​មាន​វិធានការ​ចុះ​បង្ក្រាប ។ កន្លង​មក កាលពី​ពេល​ដែល​រូប​លោក​នៅ​ជា​ក្រុមប្រឹក្សា​ឃុំ​បានឃើញ​កម្លាំង​ជលផល​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​កាប់​ដើម​ឫស្សី​មក​ដាក់​រាំងផ្លូវ​មិន​ឲ្យ​រថយន្ត​បើក​ទៅ​មុខ​កើត មិនតែប៉ុណ្ណោះ​ធ្លាប់​ចាប់​មនុស្ស​បញ្ជូន​ទៅ​ដល់​សាលាស្រុក​ត្បូងឃ្មុំ លុះ​ពេល​ដែល​ឃើញ​ប្រពន្ធ​យំ​ទៅ​តាម​អង្វរ លោក​អភិបាលស្រុក​បាន​ដោះ​លែង​មក​វិញ​ថែម​ទាំង​បាន​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​សកម្មភាព​នេសាទ​ខុសច្បាប់​បន្ត​ទៀត ។ លោក​សូម​បដិសេធ​ថា មិន​បាន​ទាក់ទិន​ទៅ​នឹង​បទល្មើស​នេសាទ​នោះ​ទេ ដើម្បី​កុំ​ឲ្យ​មាន​បទល្មើស​មាន​តែ​ដាក់​កម្លាំង​អាវុធហត្ថ ឬ​ទាហាន​ឲ្យ​យាម​ការពារ​នៅ​ព្រែកជីក​តែ​ម្តង ទើប​គ្មាន​បទល្មើស ។

លោក ម៉ា យ៉ុ​ង​រី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​ឲ្យ​ដឹង​ថា ដាយ​គឺជា​ឧបករណ៍​នេសាទ​ដែល​នៅ​ក្នុង​ច្បាប់​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើការ​នេសាទ​ត្រី​នោះ​ទេ ក្នុង​ខែតុលា ឆ្នាំ​២០១៦​នេះ ជា​រដូវ​បើក​នេសាទ​ដូច្នេះ​ពុំ​មានការ​ដាក់ទោស​ដល់​អ្នក​ប្រព្រឹត្ត​ឡើយ ។ ដោយ​គ្រាន់តែ​ធ្វើការ​ពិន័យ​ទៅ​ចាប់​ច្បាប់​អន្តរកាល ត្រូវធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​ថ្នាក់​កណ្តាល នៅ​ពេល​ដែល​ដឹង​ថា​មាន​បទល្មើស​ខាងលើ រូប​លោក​សន្យា​នឹង​ដឹកនាំ​កម្លាំង​ចុះ​ទៅ​បង្ក្រាប ៕