ពលរដ្ឋ​១៦​គ្រួសារ​នៅ​ក្រុង​សៀមរាប​បារម្ភ​ខ្លាច​គ្មាន​ផ្លូវ​ចេញ​ចូល​ផ្ទះ​ប្រសិន​បើ​អ្នក​ខាង​មុខ​បិទ​របង

ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​ចាម ចំនួន ១៦​គ្រួសារ បាន​ព្រួត​គ្នា​ប្រឆាំង​នឹង​ម្ចាស់​ដី​ដែល​នៅ​ឡូត៍​ខាង​មុខ ១​គ្រួសារ​ផ្សេង​ទៀត មិន​ឲ្យ​សាងសង់​របង​បិទ​ដី​ឡូត៍​បាន​ទេ ពីព្រោះ​តែ​ពួក​គេ​យល់​ថា ប្រសិន​បើ​ម្ចាស់​ដី​ឡូត៍​បិទ​របង​ជិត គឺ​ពួក​គេ​ចំនួន ១៦​គ្រួសារ ប្រាកដ​ជា​គ្មាន​ផ្លូវ​ចេញ​ចូល​ជា​ប្រចាំ​ថ្ងៃ​ឡើយ។

ទំនាស់​រវាង​ម្ចាស់​ដី​ឡូត៍​នៅ​ខាង​មុខ ជាមួយ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​ចាម ១៦​គ្រួសារ​នោះ បាន​អូស​បន្លាយ​រយៈពេល​ជាង ៦​ឆ្នាំ​មក​ហើយ ដោយ​មិន​មាន​អាជ្ញាធរ​មូលដ្ឋាន​ណា​ចេញ​មុខ​ដោះស្រាយ និង​បញ្ចប់​បញ្ហា​រ៉ាំរ៉ៃ​នេះ​នៅ​ឡើយ​ទេ។

ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​ចាម ចំនួន ១៦​គ្រួសារ នៅ​ភូមិ​វិហារចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ព្រម​ទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់ ព្រម​ទាំង​ជួយ​អន្តរាគមន៍​ឲ្យ​មាន​ផ្លូវ​ចេញ​ចូល​សម្រាប់​ពួក​គេ​ជា​អចិន្ត្រៃយ៍។

ការ​អំពាវនាវ​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ភូមិ​ចំនួន ១៦​គ្រួសារ​ដែល​រស់នៅ​ដី​ឡូត៍​ខាង​ក្រោយ​មាន​ទំនាស់​ដី​ផ្លូវ​ដែល​មាន​ទទឹង ២,៨០​ម៉ែត្រ​គុណ​នឹង​បណ្ដោយ​ជាង ២៣​ម៉ែត្រ ជាមួយ​នឹង​ម្ចាស់​ដី​ឡូត៍​ខាង​មុខ​រយៈពេល​ជាង ៦​ឆ្នាំ​មក​ហើយ នៅ​តែ​មិន​ទាន់​មាន​ដំណោះស្រាយ​សមរម្យ។

ស្ត្រី​ជនជាតិ​ចាម ម្នាក់​ក្នុង​ចំណោម​អ្នក​រស់នៅ​ដី​ឡូត៍​ខាង​ក្រោយ គឺ​លោកស្រី ព្រំ សីម៉ា។ លោកស្រី​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន ទាំង​លោកស្រី និង​ពលរដ្ឋ​ខ្មែរ​ចំនួន ១៥​គ្រួសារ​ផ្សេង​ទៀត កំពុង​ភ័យ​ខ្លាច​គ្មាន​ផ្លូវ​ចេញ​ចូល​ជា​ប្រចាំ​ថ្ងៃ។ ការ​ព្រួយ​បារម្ភ ដោយសារ​តែ​ម្ចាស់​ដី​ឡូត៍​ខាង​មុខ​ឈ្មោះ ស៊ីវ ហួយ តែង​ព្យាយាម​បិទ​កំណាត់​ច្រក​ចេញ​ចូល​ជា​រៀង​រាល់​ថ្ងៃ។

លោកស្រី ព្រំ សីម៉ា បញ្ជាក់​ថា បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរ និង​ចាម ១៦​គ្រួសារ តែង​លើក​គ្នា​ទៅ​ប្រឆាំង ឬ​ក៏​វាយ​របង​ឥដ្ឋ​ចោល នៅ​ពេល​ណា​ដែល​ម្ចាស់​ដី​ឡូត៍​ខាង​មុខ​ព្យាយាម​ធ្វើ​របង​បិទ​ផ្លូវ​ម្ដងៗ៖ «ដី​ហ្នឹង គឹម ណាវិន គាត់​លក់​ឲ្យ​ស្ត្រី​ម្នាក់​ឈ្មោះ អ៊ុំ សុខកាយ ហើយ​ម្ចាស់​ថ្មី​នេះ​ទិញ​ពី អ៊ុំ សុខកាយ ហើយ​ទៅ​ម្ចាស់​ថ្មី​ថា​បាត់​ដី​គាត់ ៣៣០​ម៉ែត្រ​ការ៉េ រួច​ក៏​ប្ដឹង​យាយ សុខកាយ ដើម្បី​ទាមទារ​យក​ដី​ផ្លូវ​ដែល​អ្នក​ភូមិ​តែង​ចេញ​ចូល​ជា​ប្រចាំ»

ពលរដ្ឋ​ខ្មែរ​ម្នាក់​ទៀត​ក្នុង​ចំណោម​អ្នក​រស់នៅ​ដី​ឡូត៍​ខាង​ក្រោយ​ដែរ លោកស្រី ឈួន ស្រី មាន​ប្រសាសន៍​ថា កំណាត់​ផ្លូវ​ដែល​ម្ចាស់​ដី​ឡូត៍​ខាង​មុខ​ឈ្មោះ ស៊ីវ ហួយ ប្ដឹង​ទៅ​តុលាការ​ដើម្បី​កាន់​កាប់​នោះ គឺ​ជា​ផ្លូវ​ដែល​ពួក​គាត់​តែង​ចេញ​ចូល​ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​១៩៧៩ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ដោយ​មាន​អាជ្ញាធរ​ភូមិ​វិហារចិន និង​សង្កាត់​ស្វាយដង្គំ ទទួល​ស្គាល់​ច្បាស់លាស់។ ប៉ុន្តែ​បច្ចុប្បន្ន ដោយសារ​តែ​ម្ចាស់​ដី​ឡូត៍​ខាង​មុខ​ព្យាយាម​ធ្វើ​របង​រំលោភ​យក​ជា​ញឹកញាប់ គឺ​ក្រុម​របស់​គាត់​ដែល​ជា​អ្នក​រក​ស៊ី​លក់​ដូរ​បន្តិចបន្តួច មិន​សូវ​ហ៊ាន​ចេញ​ដើរ​រក​ស៊ី​ទេ តែងតែ​ដាក់​វេន​គ្នា​យាម​ចាំ​ឃ្លាំ​មើល​ខ្លាច​ក្រែង​គេ​ធ្វើ​របង​បិទ​ជិត គ្មាន​ផ្លូវ​ចេញ​ចូល៖ «បើ​បិទ​ផ្លូវ​នេះ ប្រជាជន​បាន​អ្វី​ប្រើប្រាស់? ពួក​ខ្ញុំ​អត់​មាន​ពេល​ទៅ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ទេ គឺ​គិត​តែ​នៅ​ប្រមូល​ផ្ដុំ​គ្នា​រុះរើ​ផ្លូវ​នេះ​ចេញ​វិញ ពីព្រោះ​គេ​បិទ​វា​ច្រើន​លើក​ណាស់​ទៅ​ហើយ»

អ្នក​យក​ព័ត៌មាន​អាស៊ីសេរី បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​ជម្លោះ ហើយ​មើល​ឃើញ​ថា នៅ​ដី​ឡូត៍​ខាង​ក្រោយ គឺ​មាន​ប្រជាពលរដ្ឋ​ខ្មែរ និង​ចាម ចំនួន ១៦​គ្រួសារ​រស់នៅ។ ពួក​គេ​មាន​ជីវភាព​ក្រីក្រ​ដោយ​ប្រកប​របរ​ខ្លះ​លក់​ត្រី ខ្លះ​លក់​មាន់ និង​ខ្លះ​ទៀត​លក់​ពោត​ស្ងោរ​នៅ​តាម​ដង​ផ្លូវ ជាដើម។

អ្នក​រស់នៅ​លើ​ដី​ឡូត៍​ខាង​ក្រោយ​ទាំងនោះ មិន​មាន​ផ្លូវ​ចេញ​ចូល​ទេ គឺ​ទីពឹង​តែ​លើ​ផ្លូវ​ដែល​កំពុង​មាន​ទំនាស់​ជាមួយ​ម្ចាស់​ដី​ឡូត៍​ខាង​មុខ។ ចំណែក​ផ្លូវ​ចេញ​ផ្សេង​ទៀត គឺ​មាន​សភាព​តូច​ចង្អៀត គ្រាន់​តែ​បណ្ដើរ​កង់​ចេញ​ចូល​ក៏​ពិបាក​ទៅ​ហើយ។

កាល​ពី​ខែ​មីនា ឆ្នាំ​២០០៩ កន្លង​ទៅ ម្ចាស់​ដី​ឡូត៍​ខាង​មុខ​ឈ្មោះ ស៊ីវ ហួយ ធ្លាប់​បាន​ប្ដឹង​ទៅ​តុលាការ​ខេត្ត​សៀមរាប ដោយ​ចោទ​ប្រកាន់​អ្នក​លក់​ដី​ឲ្យ​គាត់​ឈ្មោះ អ៊ុំ សុខកាយ ថា​បាន​លក់​ដី​ឲ្យ​មិន​គ្រប់​ទំហំ។ ប៉ុន្តែ​កាលណោះ ចៅក្រម​ជំនុំ​ជម្រះ​លោក សុខ លាង បាន​ច្រាន​ចោល​ការ​ទាមទារ​របស់​ឈ្មោះ ស៊ីវ ហួយ ដោយ​ចាត់​ទុក​ដី​ទំហំ ២,៨០​ម៉ែត្រ​គុណ​នឹង​បណ្ដោយ ២៣​ម៉ែត្រ គឺ​ជា​ផ្លូវ​សាធារណៈ។

ទោះ​បី​ជា​យ៉ាង​ណា ម្ចាស់​ដី​ឡូត៍​ខាង​មុខ លោកស្រី ស៊ីវ ហួយ មិន​សុខ​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​សាលា​ដំបូង​ខេត្ត​សៀមរាប ដែល​ឲ្យ​លោកស្រី​ចាញ់​ក្តី​នោះ​ទេ គឺ​លោកស្រី​ក៏​ប្ដឹង​ទាស់​ទៅ​ឧទ្ធរណ៍។

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១០ សាលា​ឧទ្ធរណ៍​បាន​សម្រេច​លុប​ចោល​សាលក្រម​រដ្ឋប្បវេណី​របស់​សាលា​ដំបូង​ខេត្ត​សៀមរាប ដោយ​ឲ្យ​លោកស្រី ស៊ីវ ហួយ ម្ចាស់​ដី​ឡូត៍​ខាង​មុខ​ឈ្នះ​ក្តី​វិញ។ នៅ​ថ្នាក់​ឧទ្ធរណ៍​នេះ ភាគី​ចុង​ចោទ លោកស្រី អ៊ុំ សុខកាយ មិន​បាន​តស៊ូ​រឿង​ក្តី​បន្ត​ទៅ​ថ្នាក់​កំពូល​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​សាល​ដីកា​សាលា​ឧទ្ធរណ៍​ជុំវិញ​រឿង​ជម្លោះ​ផ្លូវ​ដើរ ត្រូវ​ចូល​ជា​ស្ថាពរ។

លោក គុជ គឹមលាង ជា​កូន​ប្រុស​របស់​លោកស្រី ស៊ីវ ហួយ មាន​ប្រសាសន៍​ដោយ​បង្ហាញ​ឯកសារ​ជាច្រើន​ថា ដី​ទំនាស់​ទំហំ ២,៨០​ម៉ែត្រ​គុណ​នឹង ២៣​ម៉ែត្រ​នោះ គឺ​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​ម្ដាយ​លោក បើ​យោង​ទៅ​តាម​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍ ដែល​បាន​ចូល​ជា​ស្ថាពរ​ទៅ​ហើយ។

លោក គុជ គឹមលាង បញ្ជាក់​ថា តំបន់​ជុំវិញ​ផ្ទះ​របស់​លោក​បច្ចុប្បន្ន គឺ​មាន​សន្តិសុខ​មិន​សូវ​ល្អ​ទេ​នៅ​ពេល​យប់ ហេតុ​ដូច្នេះ​លោក​ត្រូវ​ការ​ធ្វើ​របង​បិទ​ដី​ដែល​អ្នក​ភូមិ​ដើរ​ចេញ​ចូល​នោះ ដើម្បី​សុវត្ថិភាព ក៏ប៉ុន្តែ​អ្នក​ភូមិ ១៦​គ្រួសារ​តែងតែ​មក​វាយ​របង​របស់​លោក​ចោល​ទៅ​វិញ៖ «ខ្ញុំ​សំណូមពរ​ឲ្យ​អាជ្ញាធរ​គ្រប់​ស្ថាប័ន ជួយ​ពិនិត្យ​មើល ហើយ​ជួយ​ផ្ដល់​យុត្តិធម៌ ដោយ​ឲ្យ​ខ្ញុំ​បាន​គ្រប់គ្រង​នូវ​ដី​ដែល​ជា​របស់​ខ្ញុំ​វិញ»

ទោះ​បី​ជា​យ៉ាង​ណា ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ គឹម ណាវិន ដែល​អះអាង​ថា​គាត់​ជា​ម្ចាស់​ដី​នោះ​មុន​គេ​តាំង​ពី​ឆ្នាំ​១៩៧៩ ឲ្យ​ដឹង​ថា ដី​ដែល​ប្រជាពលរដ្ឋ ១៦​គ្រួសារ​កំពុង​តវ៉ា​នោះ គឺ​ពិត​ជា​ដី​ផ្លូវ​សាធារណៈ។ ស្ត្រី​ដដែល​បញ្ជាក់​ថា កាល​ពី​គាត់​លក់​ដី​នេះ​ទៅ​ឲ្យ​ឈ្មោះ អ៊ុំ សុខកាយ គឺ​គាត់​បាន​ឲ្យ​អាជ្ញាធរ​ភូមិ-ឃុំ​ធ្វើ​កំណត់​ហេតុ​កាត់​ទុក​ផ្លូវ​ទទឹង ៣​ម៉ែត្រ ហើយ​នៅ​សល់​ដី​ប៉ុន្មាន​ទើប​គាត់​លក់៖ «កាលណោះ​មាន​ភូមិ មាន​អ្នក​ចុះ​មក​ធ្វើ​ក្រដាស​ស្នាម គេ​ធ្វើ​ឯកសារ​ឲ្យ។ ខ្ញុំ​លក់​ឲ្យ​គាត់ ខ្ញុំ​មាន​លក់​ដី​ផ្លូវ​ឯណា ខ្ញុំ​ដក​ផ្លូវ​ចេញ​រួច​ហើយ»

លិខិត​របស់​អនុ​ប្រធាន​ភូមិ​វិហារចិន លោក អេក ប៊ី និង​ចៅ​សង្កាត់​ស្វាយដង្គំ លោក ហង់ ហឿម កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១០ ក៏​បាន​ទទួល​ស្គាល់​ថា ដី​ដែល​ពលរដ្ឋ​ខ្មែរ និង​ចាម ១៦​គ្រួសារ​ព្រួត​គ្នា​ឈ្លោះ​ជាមួយ​ម្ចាស់​ដី​ឡូត៍​ខាង​មុខ ទំហំ ២,៨០​ម៉ែត្រ​គុណ​នឹង ២៣​ម៉ែត្រ​នោះ គឺ​ជា​ផ្លូវ​សាធារណៈ​តាំង​ពី​អំឡុង​ឆ្នាំ​១៩៧៩ មក​ដែរ។

អ្នក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​សៀមរាប លោក សួស ណារិន ព្រួយ​បារម្ភ​ខ្លាច​ជម្លោះ​រវាង​ពលរដ្ឋ​ខ្មែរ-ចាម ១៦​គ្រួសារ ជាមួយ​នឹង​ម្ចាស់​ដី​ឡូត៍​ខាង​មុខ អាច​នឹង​កើត​មាន​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​នៅ​ពេល​ណា​មួយ។ លោក សួស ណារិន អំពាវនាវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ខេត្ត​សៀមរាប គួរ​តែ​ចុះ​ទៅ​សម្របសម្រួល និង​ដោះស្រាយ​ឲ្យ​សមរម្យ មិន​ត្រូវ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​សង​ខាង​ប្រឈម​មុខ​ដាក់​គ្នា​រ៉ាំរ៉ៃ​រយៈពេល​យូរ​ត​ទៅ​ទៀត​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។