សមយុទ្ធ​ជើង​ទឹក​រួម​អា​មេ​រិ​ក​-​កូរ៉េ​ខាងត្បូង​ជាមួយ​ការ​ចូលរួម​របស់​នាវា​ផ្ទុក​យន្តហោះ​RONALD REAGAN

ចំ​ថ្ងៃ​ខួប​លើក​ទី​៧១​នៃ​ការ​បង្កើត​បក្ស​ពលករ​កូរ៉េ​ខាងជើង​ថ្ងៃ​ទី​១០ តុលា កងទ័ព​កូរ៉េ​ខាងត្បូង​និង​កងទ័ព​អា​មេ​រិ​ក​ចាប់ផ្តើម​សមយុទ្ធ​ជើង​ទឹក​រួម​ទ្រង់ទ្រាយ​ធំ​មួយ​ជាមួយ​ការ​ចូលរួម​របស់​នាវា​ផ្ទុក​យន្តហោះ​ប្រើ​ថាមពលនុយក្លេអ៊ែរ​USS RONALD REAGAN  ។

យោង​តាម​សេចក្តី​ប្រកាស​របស់​កង​ម៉ា​រី​ន​ជាតិ​កូរ៉េ​ខាងត្បូង​នា​ថ្ងៃ​ទី​១០ តុលា​ថា សមយុទ្ធ​ជើង​ទឹក​រួម​រយៈពេល​៦​ថ្ងៃ​រហូត​ដល់​ថ្ងៃ​ទី​១៥ តុលា​នោះ នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ដែនទឹក​ជុំវិញ​ឧបទ្វីប​កូរ៉េ​ដែល​មានឈ្មោះ​ថា សមយុទ្ធ «INVINCIBLE SPIRIT  2016» ។ អម​ដោយ​នាវាចម្បាំង​៦​គ្រឿង នាវា​ផ្ទុក​យន្តហោះ​RONALD REAGAN នឹង​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ខាង កើត​និង​សមុទ្រ​ខាងត្បូង​ជាមួយ​កង​ម៉ា​រី​ន​ជាតិ​កូរ៉េ​ខាងត្បូង​ដែល​នឹង​ប្រមូល​នាវាចម្បាំង​ដល់​ទៅ​៤០​គ្រឿងក្នុង​នោះ​មាន​នាវា​ពិឃាត AEGIS ឈ្មោះ  SEJONG LE GRAND (​ចំណុះ​៧.៦០០​តោន​) ។ បណ្តា​យន្តហោះ​អា​មេ​រិ​ក​ក្នុង​នោះ​មាន​យន្តហោះ​ស៊ើបការណ៍ P-3 និង P-8 ព្រមទាំង​យន្តហោះ​ប្រដេញ F/A-18 SUPER HORNET ក៏​នឹង​ចូលរួម​ក្នុង​សមយុទ្ធ​នេះ​ដែរ ។

សមយុទ្ធ​ជើង​ទឹក​សំដៅ​ពង្រឹងសមត្ថភាព​វាយប្រហារ​ប្រឆាំង​បណ្តា​មេដឹកនាំ​កូរ៉េ​ខាងជើង​ទីតាំង​ធំ​សំខាន់​ៗ​របស់​ប្រទេស​នោះ​ព្រមទាំង​ប្រឆាំង​បណ្តា​នាវាមុជទឹក ការ​ជ្រៀតចូល​តាម​អាកាស​និង​តាម​ជើង​គោក​ដើម្បី​កែ​លម្អ​ដល់​ប្រតិបត្តិការ​រួម ។

ជាមួយ​គ្រោះថ្នាក់​កាន់តែ​ខ្លាំង​នៃ​ការ​បង្កហេតុ​ខាង​យុទ្ធសាស្ត្រ​ថ្មី​ៗ​ពី​សំណាក់​កូរ៉េ​ខាងជើង​ដូច​ជា​លទ្ធភាព​នៃ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦ ការ​បាញ់​កាំជ្រួច​ជា​ការ​បិទ​បាំង​ការ​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប ឬ​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​មធ្យម​ថ្មី​ៗ វត្តមាន​របស់​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​ក​បង្ហាញ​ពី​ការ​បញ្ជូន​សារ​ខ្លាំង​មួយ​របស់​សម្ព័ន្ធមិត្ត​ទាំង​២​ចំពោះ​ក្រុង​ព្យុ​ង​យ៉ាង ។

នាវា​ផ្ទុក​យន្តហោះ​USS RONALD REAGAN ជានា​វា​មាន​បណ្តោយ​ដល់​ទៅ​៣៣៣​ម៉ែត្រ​ជាមួយ​ចំណុះ​១០២.០០០​តោន ដែល​អាចផ្ទុក​យន្តហោះ​៨០​គ្រឿង ។ លើ​នាវា​នោះ​មាន​នាវិក​ដល់​ទៅ​៥.៤០០​នាក់ ។

សហរដ្ឋអាមេរិក​គ្រោង​បន្ត​ដាក់​ពង្រាយ​អាវុធ​យុទ្ធសាស្ត្រ​ន​នា​ដូច​ជា​ករណី​នា​ឆ្នាំនេះ​ជាមួយ​ការ​ដាក់​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ B-52 និង B-1B បណ្តា​យន្តហោះ​បំបាំងកាយ F-22 និង​នាវាមុជទឹក​នុយក្លេអ៊ែរ​ដើម្បី​ធ្វើការ​គាបសង្កត់​លើ​កូរ៉េ​ខាងជើង ។

ក្នុង​សមយុទ្ធ​ជើង​ទឹក​នៅ​សមុទ្រ​ខាងកើត​ក្នុង​ខែតុលា ឆ្នាំ​២០១៦ នាវា​ផ្ទុក​យន្តហោះ  RONALD LE REAGAN  និង​នាវា​ពិឃាត  AEGIS SEJONG LE GRAND នឹង​ធ្វើ​សមយុទ្ធ​រួម​គ្នា ៕