ប្តី​ប្រពន្ធ​ពីរ​នាក់​កំពុង​ដើរ​រើស​ខ្យង​នៅក្នុង​ស្រែ​ត្រូវ​ឃាតក​ចាក់​សម្លាប់​ដ៏​សែន​សង្វេគ​!

ខេត្តព្រៃវែង៖ កសិករ២នាក់ប្ដីប្រពន្ធ ត្រូវឃាតករចាក់សម្លាប់នៅក្នុងស្រែខណៈពួកកាត់កំពុងដើររកខ្យង ។ ករណីនេះត្រូវបានពលរដ្ឋប្រទះឃើញ កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចវាលស្រែខាងលិច ភូមិព្រៃផ្តៅ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ចម្ងាយ៨៥០ម៉ែត្រ ខាងលិចផ្ទះជនរងគ្រោះ។ ជនរងគ្រោះជាអ្នករកស៊ីលក់ខ្យង ហើយឃាតកម្មនេះសមត្ថកិច្ចសន្និដ្ឋានថាជាគំនុំ។

ka-10-10-2016-06

មន្ដ្រីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ ចេញទៅរកខ្យងនៅវាលស្រែ ម៉ោងប្រហែល៩ និង០០យប់ ហើយក៏ត្រូវជនមិនស្គាល់អត្តសញ្ញាណសម្លាប់ទាំង២នាក់ ក្នុងវាលស្រែ។ លុះព្រឹកឡើងទើបប្រជាពលរដ្ឋ ប្រទះឃើញ ហើយបានរាយការណ៍ដល់សមត្ថកិច្ច។ មន្ដ្រីដដែលបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ ប្រពន្ធឈ្មោះ កាក់ ប៊ុនថាន អាយុ៤៨ ឆ្នាំ រងរបួស៣កន្លែង (ស្នាមរបួសភ្នែកខាងស្ដាំ ជំរៅបុកចូលជ្រៅទៅក្នុងសាច់, របួសភ្នែកខាងឆ្វេង ជំរៅជ្រៅ ទៅក្នុងសាច់, ស្នាមបែកដាច់បបូមាត់ លើទក្រោម)។ ប្ដីឈ្មោះ មាន យ៉ន អាយុ៤៣ឆ្នាំ រងរបួស៤កន្លែង (ស្នាមរបួសក្រោមប្រឡង់ ភ្នែកឆ្វេង មុតជ្រៅចូលក្នុងសាច់, ស្នាមរបួសដាច់ ត្រចៀកឆ្វេង, របួសក្នុងប្រឡង់ភ្នែកខាងស្ដាំចូលជ្រៅ, របួសចំក្រចៀកស្ដាំ)។

ka-10-10-2016-05

លោក ពៅ ជីវី ស្នងការរង និងជាប្រធានការិយាល័យកណ្ដាល នគរបាលព្រហ្មទណ្ឌខេត្តព្រៃវែង សន្និដ្ឋានថា ឃាតកម្មមួយនេះ ជារឿងគំនុំ គឺអាចពាក់ព័ន្ធជម្លោះរឿងរកខ្យង ព្រោះតែ២នាក់ប្ដីប្រពន្ធនេះ គាត់ជាអ្នករកសស៊ីលក់ខ្យង ហើយប្ដីប្រពន្ធ២នាក់នេះ ជាមនុស្សស្លូតបូតមិនចេះរករឿងអ្នកណានោះទេ។ លោកបញ្ជាក់ថា ពេលនេះសមត្ថកិច្ចក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង កំពុងធ្វើការស្រាវជ្រាវ យ៉ាងដុតដៃដុតជើង ដើម្បីវែកមុខឃាតករ យកមកផ្ទន្ដានទោសឲ្យខានតែបាន៕