ភ្លើង​បំភ្លឺ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ មាន​ជាង​១២.០០០​អំ​ពូ​ល

 រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​និង​កំពុង​សំរុក​ធ្វើការ​ផ្លាស់​ប្តូរ​អំ​ពូ​ល​ភ្លើង​ឲ្យ​ទៅ​ជា​អំ​ពូ​ល​ប្រភេទ LED ដែល​មានការ​សន្សំ​សំចៃ​ស៊ី​ភ្លើង​តិច​នៅ​តាម​ផ្លូវ​សំខាន់​ៗ និង​តាម​សួនច្បារ​សាធារណៈ រួម​ជាមួយ​ការ​ភ្ជាប់​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​ចំនួន​៦០០​ឲ្យ​បាន​រួចរាល់​មុន​បុណ្យអុំទូក​ឆាប់​ៗ​នេះ ។

ថ្លែង​ទៅ​កាន់​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ខណ្ឌចំការមន ក្នុង​វេទិការ​សាធារណៈ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​កាលពី​ពេល​ថ្មី​ៗ​នេះ លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជ​ធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា ភ្លើង​បំភ្លឺ​សាធារណៈ គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​សម្រាប់​លើក​មុខមាត់​រាជធានី​ភ្នំពេញ និង​ជា​ការ​រួមចំណែក​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​នោះ ពេល​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​រៀបចំ និង​ផ្លាស់​ប្តូរ​អំ​ពូ​ល​បំភ្លឺ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​ឲ្យ​ទៅ​ជា​ប្រភេទ​អំ​ពូ​ល LED ដើម្បី​ធានា​ការ​បំភ្លឺ​ក្នុង​រាជធានី​ភ្នំពេញ​ឱ្យ​បាន​ល្អ​ប្រសើរ ។ លោក​បាន​បន្ត​ថា  រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ផ្លាស់​ប្តូរ​អំ​ពូ​ល​ភ្លើង​បាន​៣០០​ផ្លូវ ឬ​ជាង​៥​ពាន់​អំ​ពូ​ល ក្នុង​ចំណោម​គម្រោង​មាន​ជិត​៥០០​ផ្លូវ ឬ​ស្មើនឹង​១២.០០០​អំ​ពូ​ល និង​កំពុង​ខិតខំ​ដើម្បី​បញ្ចប់​នៅ​តំបន់​មាត់ទន្លេ ដើម្បី​ត្រៀម​បុណ្យអុំទូក​នេះ ។