ថៅកែ​ផលិត​ធ្យូង​អនាម័យ​ប្រឈម​នឹង​ជាប់​ពន្ធនាគារ

ខេត្តមណ្ឌលគិរី ៖ អ្នកនាំពាក្យ​សាលាដំបូង​ខេត្តមណ្ឌលគិរី និង​ជា​ព្រះរាជអាជ្ញា​រង​សាលាដំបូង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែតុលា ថា លោក ផា​ន់ ស៊ី​ណា វ័យ​ជាង​៦០​ឆ្នាំ ជា​ម្ចាស់ «​ក្រុមហ៊ុន គី​រី ស៊ី​ណា ឌី​វឺ​ឡុ​ប​ម៉ិ​ន​» ផលិត​ធ្យូង​អនាម័យ​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​ឡា​ប៉ា​ខេ ស្ថិត​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា អាច​នឹង​ត្រូវ​ប​ញ្ជួ​ន​ទៅ​ពន្ធនាគារ​ខេត្តមណ្ឌលគិរី ឃុំខ្លួន​បណ្តោះអាសន្ន​រង់ចាំ​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​ពាក់ព័ន្ធ​នឹង​ការ​ស្តុក​ឈើ​ប្រណីត​ជាង​១០០​ដុំ នៅ​ក្នុង​ក្រុមហ៊ុន​ផលិត​ធ្យូង និង​កន្លង​មក​ក៏​ធ្លាប់​ត្រូវ​បាន​គេ​បង្ក្រាប​ឈើ​ជាង​២០០​ដុំ​ក្នុង​ក្រុមហ៊ុន​ផង​នោះ​។

សមត្ថកិច្ច​ចម្រុះ​ស្រុក​កែវ​សីមា បាន​ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​ក្រុមហ៊ុន​ផលិត​ធ្យូង​អនាម័យ​មួយ​កន្លែង​ពេញ​មួយ​យប់ ដើម្បី​រង់ចាំ​សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញា​ខេត្តមណ្ឌលគិរី ក្រោម​ការ​សង្ស័យ​ថា ក្រុមហ៊ុន​ខាងលើ​ទទួល​ទិញ​ឈើ​ប្រណីត និង​រក្សា​ទុក​ឈើ​ដោយ​ខុសច្បាប់​។ ប្រតិបត្តិ​ការណ៍​នោះ​បាន​ធ្វើ​ឡើង​តាំងពី​ម៉ោង​ប្រមាណ​ជា​០៤​ល្ងាច ថ្ងៃ​ទី​០៧ ខែតុលា រហូត​ដល់​ម៉ោងជាង​៨​ព្រឹក​ថ្ងៃ​ទី​០៨ ខែតុលា ទើប​សមត្ថកិច្ច​ទទួល​បាន​ដីកា​ពី​ព្រះរាជអាជ្ញា​ចូល​ឆែកឆេរ​ទីតាំង​ក្រុមហ៊ុន​ខាងលើ​ដែល​មានឈ្មោះ គី​រី ស៊ី​ណា ឌី​វឺ​ឡុ​ប​ម៉ិ​ន ជា​លទ្ធផល​សមត្ថកិច្ច​បាន​ប្រទះ​ឃើញ​ឈើ​ប្រណីត​ជា​ច្រើន​ដុំ​សុទ្ធ​សឹង​ជា​ឈើ​ប្រភេទ​ធ្នង់​នៅ​ក្នុង​ក្រុមហ៊ុន​ដូច​ការ​សង្ស័យ​មែន​។

លោក ជុ​យ សុ​ឃាង នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា បាន​ឲ្យ​ដឹង​ថា ជំនាញ​បាន​រឹបអូស​ឈើ​ជាង​៣​គីប​៩​ផ្លាន​មក​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ និង​បា​នប​ញ្ជួ​ន​ខ្លួន​ម្ចាស់​ក្រុមហ៊ុន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ប្រ ព័ន្ធ​ច្បាប់​រួចរាល់​ហើយ​ដែរ​នៅ​ថ្ងៃ​បង្ក្រាប​នោះ​។ នៅ​ក្នុងអំឡុងពេល​ឡោម​ព័ទ្ធ​ជុំវិញ​ក្រុមហ៊ុន​នោះ ម្ចាស់​ទីតាំង​ឈ្មោះ ផា​ន់ ស៊ី​ណា ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​របស់​លោក​មានច្បាប់​ត្រឹមត្រូវ​ផលិត​ធ្យូង​អនាម័យ និង​ច្បាប់​ទិញ​គ្រឿង​ឈើ​សំណង់ ដើម្បី​សាងសង់​អគារ ដែល​មានការ​ចុះហត្ថលេខា​ពី​ថ្នាក់ដឹកនាំ​ចាប់ពី​ថ្នាក់​ភូមិ​ដល់​ថ្នាក់​ខេត្ត​។

ទោះជា​មានការ​បកស្រាយ​ពី​សំណាក់​ប្រធាន​ក្រុមហ៊ុន​នៅ​ពេល​នោះ លើ​ក្រដាស់​ចុះហត្ថលេខា​ដែល​គេ​ទទួល​បាន​នោះ គឺ​មានការ​ស្នើ​សុំ​ត្រឹម​ទទួល​ទិញ​ឈើ​គ្រឿងសំណង់ ដើម្បី​ធ្វើ​អគារ ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​ពី​បរិមាណ​ឈើ​ត្រឹមត្រូវ និង​ថែម​ទាំង​ទទួល​ទិញ​សុទ្ធតែ​ជា​ឈើ​ប្រណី​តទៅ​វិញ ដោយឡែក​ច្បាប់​ផលិត​ធ្យូង​អនាម័យ​នោះ​មាន​ពិតមែន តែ​រយៈពេល​ជាង​១​ឆ្នាំទៅ​ហើយ​គេ​នៅ​មិន​ទាន់​ឃើញ​ក្រុមហ៊ុន​ផលិត​ធ្យូង​បាន​មួយ​ដុំ​នោះ​ទេ​។ ក្នុង​នោះ​គេ​ក៏​នៅ​ចាំ​បាន​ថា ក្រុមហ៊ុន និង​ម្ចាស់​ឈ្មោះ ផា​ន់ ស៊ី​ណា កាលពី​ប៉ុន្មាន​ខែ​កន្លង​ទៅ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ឡោម​ព័ទ្ធ និង​រឹបអូស​ឈើ​ប្រណីត​ជាង​២០០​ដុំ តែ​មិន​មានការ​ឃាត់ខ្លួន​ម្ចាស់​ក្រុមហ៊ុន​នា​ពេល​នោះ​ទេ​។

ប្រភព​មួយ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ឈើ​ប្រណីត​ដែល​រក្សា​ទុក​ក្នុង​ក្រុមហ៊ុន​ផលិត​ធ្យូង​អនាម័យ​នោះ មាន​ជនជាតិ​វៀតណាម ជិះ​រថយន្ត​ពាក់​ស្លាក​លេខ​វៀតណាម ឈរ​វាស់​ទិញ​ពី​ក្រុម​ឈ្មួញ​ដែល​ដឹក​ជ​ញ្ជួ​ន​ចេញពី​ដែនជម្រកសត្វព្រៃ​កែវ​សីមា និង​បន្ត​អារជ្រៀក​យក​តែ​ខ្លឹម លើកដាក់​រថយន្ត​កូរ៉េ បិទ​ឃ្លុប​ជិត​របស់​វៀតណាម ដឹក​ចេញ​នៅ​ពេល​យប់​ឆ្លង​បា​រ៉ា​ស់​ច្រក​ទ្វារ​ទ្វេភាគី​ឡា​ប៉ា​ខេ យ៉ាងរ​លួ​ន​តែ​ម្តង​។ ក្នុង​ជំនួញ​ឈើ​ប្រណីត​នេះ លោក ផា​ន់ ស៊ី​ណា ក៏​ត្រូវ​បាន​គេ​លើក​ឡើង​ល្ហៀ​ង​ៗ​មក​ថា បាន​ប្រើប្រាស់​លុយ​ជាង​៥​ម៉ឺន​ដុល្លារ​ក្នុង​១​ខែ ដើម្បី​ឲ្យ​ទៅ​មន្ត្រី​ម្នាក់​មាន​តួនាទី​ជា​មេ​រង​អង្គភាព​មួយ​ក្នុង​ខេត្តមណ្ឌលគិរី​នេះ ជួយ​រត់ការ តែ​មន្ត្រី​នោះ​ស៊ីដាច់ ទើប​មានរឿង​កើតឡើង​។

ខេត្តមណ្ឌលគិរី នៅ​រយៈពេល​១​ខែ​ចុង​ក្រោយ​នេះ បទល្មើស​ព្រៃឈើ​ហាក់​កក្រើក​ឡើង​វិញ ទាំង​ខ្នាត​ធំ និង​ខ្នាត​តូច ប៉ុន្តែ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ក៏​បាន​ដាក់​កម្លាំង​រាប់​សិប​នាក់ ចុះ​បង្ក្រាប​ស្របគ្នា និង​បាន​ចាប់ខ្លួន​មនុស្ស​ជាង​១០​នាក់ ប​ញ្ជួ​ន​ទៅ​កាន់​ស្ថាប័ន​តុលាការ បង្ក​បានជា​ជំនួញ​ឈើ​ប្រណីត​នៅ​ខេត្ត​នេះ​ស្ងប់ស្ងាត់​ទៅ​វិញ​។ ទោះជា​បែប​នេះ​ក្តី គេ​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពិស្តារ​ណាមួយ​ពាក់ព័ន្ធ​នឹង​ទោសទណ្ឌ​ផ្លូវច្បាប់​លើ​មនុស្ស​ដែល​ត្រូវ​គេ​ចាប់ខ្លួន​នោះ​នៅឡើយ​៕