ការ​នាំ​ចេញ​​អាហារ​ត្បូង​​ និង​គ្រឿង​អលង្ការ​របស់​ប្រទេស​ថៃ​អាច​កើន​ ៥ ​ភាគរយ​ឆ្នាំ​នេះ

ការ​នាំ​ចេញ​​អាហារ​ត្បូង​​ និង​គ្រឿង​អលង្ការ​របស់​ប្រទេស​ថៃ​អាច​កើន​ ៥ ​ភាគរយ​ឆ្នាំ​នេះ

ក្រុងបាងកកៈ នៅពេលចក្ខុវិស័យនាំចេញមិនសូវល្អនៅឆ្នាំនេះការនាំចេញស្បៀងអាហារ និងត្បូងមានតម្លៃនិងគ្រឿងអលង្ការនៅតែអាចសម្រេចតាមគោលដៅដោយមានកំណើនប្រមាណ ៥ ភាគរយសម្រាប់ឧស្សាកម្មទាំងពីរនេះ។

យោងតាមលោកស្រី Apiradi Tantraporn រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃដែលបានរៀបចំកិច្ចប្រជុំរួមគ្នាជាមួយនឹងឧស្សាហកម្មស្បៀងអាហារត្បូងថ្មមានតម្លៃ និងគ្រឿងអលង្ការព្រមទាំងឧស្សាហកម្មរថយន្តបានឲ្យដឹងថាការនាំចេញស្បៀងអាហារអាចនឹងសម្រេចបានកំណើន ៥ ភាគរយនៅចុងឆ្នាំដោយកើនឡើងពីទំហំ ២៧,២ ពាន់លានដុល្លារនៅឆ្នាំមុន។

រីឯការនាំចេញត្បូងមានតម្លៃ និងគ្រឿងអលង្ការវិញក៏អាចសម្រេចបានកំណើន ៥ ភាគរយផងដែរពីទំហំ ១,៨ ពាន់លានដុល្លារនៅឆ្នាំ ២០១៥។

ទោះបីជាយ៉ាងនេះក្តីកិច្ចប្រជុំរួមគ្នានេះបានរកឃើញថាលទ្ធផលនៃការនាំចេញរថយន្ត និងគ្រឿងបន្លាស់រថយន្តទំនងជាអាចធ្លាក់ចុះ ១ ភាគរយពីទំហំ ៣១,៣៤ ពាន់លានដុល្លារកាលពីឆ្នាំមុន។ ការធ្លាក់ចុះនេះភាគច្រើនគឺដោយសារការនាំចេញកាន់តែតិចទៅកាន់តំបន់មជ្ឈិមបូព៌ាដែលបានរងផលប៉ះពាល់ខ្លាំងដោយសារការធ្លាក់ចុះតម្លៃប្រេង។

យោងតាមលោកស្រី Apiradi ទោះជាការនាំចេញស្បៀងអាហាររួមបានធ្លាក់ចុះ ៥,៩ ភាគរយនៅក្នុងរយៈពេល ៨ ខែដំបូងក្នុងឆ្នាំនេះមកនៅត្រឹម ២០,៧០ ពាន់លានដុល្លារក្តីតម្រូវការទិញកាន់តែច្រើននូវបង្គា សាច់មាន់កក និងកែច្នៃ ត្រីធូណាកំប៉ុង និងផ្លែឈើ ព្រមទាំងបន្លែស្រស់អាចជួយជំរុញដល់វិស័យស្បៀងអាហារឲ្យសម្រេចបានកំណើនក្នុងរយៈពេលប៉ុន្មានខែដែលនៅសេសសល់ខាងមុខនេះ។

ការនាំចេញបង្គាអាចកើនឡើង ៨ ភាគរយនៅឆ្នាំនេះដល់ ១,៦ ពាន់លានដុល្លាររីឯការនាំចេញសាច់មាន់កក និងកែច្នៃវិញអាចនឹងកើនឡើង ៤,៥ ភាគរយដល់ ២,៥ ពាន់លានដុល្លារការនាំចេញត្រីធូណាកំប៉ុងអាចនឹងកើនឡើង ៤ ភាគរយដល់ ២,៤ ពាន់លានដុល្លារហើយការនាំចេញបន្លែ និងផ្លែឈើស្រស់អាចនឹងកើនឡើង ៣ ភាគរយដល់ ១,៦ពាន់លានដុល្លារ។

ក្រសួងពាណិជ្ជកម្មថៃតាមរយៈនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិក៏គ្រោងនឹងអញ្ជើញអតិថិជនសក្តានុពលពីបណ្តាប្រទេសទូទាំងពិភពលោកឲ្យចូលរួមក្នុងសកម្មភាពផ្គូផ្គងអាជីវកម្មសម្រាប់អង្ករថៃ និងដំឡូងមីចាប់ពីថ្ងៃទី ១៣ ដល់ទី ១៦ ខែវិច្ឆិកាខាងមុខនេះផងដែរ។

លោកស្រី Apiradi មានប្រសាសន៍ថាបើទោះជាចក្ខុវិស័យសេដ្ឋកិច្ចសកលមិនសូវល្អក្តីការនាំចេញត្បូងថ្មមានតម្លៃ និងគ្រឿងអលង្ការរបស់ថៃអាចនឹងសម្រេចបានកំណើននៅឆ្នាំនេះដោយសារគុណភាពខ្ពស់ និងតម្លៃរបស់វា។

ក្រសួងនេះបានរាយការណ៍ពីការនាំចេញត្បូងថ្មមានតម្លៃ និងគ្រឿងអលង្ការរួមទាំងមាសផងដែរបានកើនឡើង ៤២,៦ ភាគរយក្នុងរយៈពេល ៨ ខែដំបូងក្នុងឆ្នាំនេះដល់ ១០,៣៧ ពាន់លានដុល្លារ។ ដោយមិនរាប់បញ្ចូលមាសទំហំនាំចេញត្បូងមានតម្លៃ និងគ្រឿងអលង្ការបានធ្លាក់ចុះ ២,៦ ភាគរយក្នុងរយៈពេលប្រាំបីខែដំបូងក្នុងឆ្នាំនេះមកនៅត្រឹម ៤,៥៤ ពាន់លានដុល្លារ៕

ប្រភព ៖ postkhmer

  • ការ​នាំ​ចេញ​​អាហារ​ត្បូង​​ និង​គ្រឿង​អលង្ការ​របស់​ប្រទេស​ថៃ​អាច​កើន​ ៥ ​ភាគរយ​ឆ្នាំ​នេះ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/10  Category:ជីវិតនិងសង្គម
Tags: